CamNews

យល់ដឹង 

យុទ្ធសាស្រ្តបីយ៉ាងសំរាប់ចៀសវាងការ បរាជ័យលើកក្រោយ


តើលោកអ្នកធ្លាប់ជួបប្រទះភាពបរាជ័យលើកិច្ចការរបស់ខ្លួនដែររឺទេ? តើធ្វើយ៉ាង
ម៉េចទើបអាចចៀសផុតនៅការបរាជ័យទាំងនោះនៅពេលលើកក្រោយៗ ?
ខាងក្រោមនេះជាវិធីបីយ៉ាងសំរាប់បញ្ជៀសការបរាជ័យដែលធ្លាប់កើតមានក្នុង
ដំណើរជីវិតរបស់យើង ៖

1. ផ្តោតទៅលើភាពខ្លាំង
អារម្មណ៍របស់មនុស្សម្នាក់ៗគឺមានការប្រែប្រួលមិនទៀងទាត់ទេ ពេលខ្លះរីករាយ
ពេលខ្លះក្រៀមក្រំ ហើយក៏មានពេលខ្លះមានសង្ឃឹម រឺអស់សង្ឃឹម ជាដើម ។
ទាំងនេះសុទ្ធតែបានបង្កប់នូវភាពខ្លាំង ភាពខ្សោយរបស់មនុស្សបុគ្គលម្នាក់ៗហើយ
វាជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្វីដែលយើងធ្វើ និងរបៀបដែលយើងធ្វើវា ប៉ុន្តែមនុស្ស
យើងភាគច្រើនតែងតែទោរទន់ទៅលើភាពទន់ខ្សោយជាជាងភាពខ្លាំង។ ដូច្នេះ
មុនដំបូងយើងត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ជាមុនសិន ។ ការស្គាល់ខ្លួនឯងសំដៅទៅ
លើការស្គាល់ភាពខ្លាំងភាពខ្សោយរបស់ខ្លួនឯង ។ ភាពខ្លាំង គឺជាអ្វីដែលយើងគិត
ថាជាចំណុច កក្តា ឫជាសមត្ថភាពពិសេសដែលយើងអាចធ្វើបានយ៉ាងល្អ និងផ្តល់
មកឲ្យយើងវិញនូវលទ្ធផលគាប់ប្រសើរនៅពេលយើងប្រើប្រាស់វាបានត្រឹមត្រូវ ។

ការផ្តោតទៅលើអ្វីដែលយើងអាចធ្វើបានល្អ អាចផ្តល់ឲ្យយើងនូវអារម្មណ៍ល្អ
សុទិដ្ឋិនិយមចំពោះខ្លួនឯង និងសមត្ថភាពខ្លួន ផ្ទុយស្រឡះនឹងការផ្តោតទៅលើភាព
ទន់ខ្សោយរបស់ខ្លួនក្នុងការធ្វើអ្វីមួយ គឺមានតែផលអវិជ្ជមានដល់ផ្លូវអារម្មណ៍តែ
ប៉ុណ្ណោះ​ ហើយជាលទ្ធផលគឺយើងធ្វើមិនបានល្អឡើយ ។

2. រៀបចំផែនការទុកជាមុន
មនុស្សរស់នៅឆ្លងកាត់ទៅតាមពេលវេលា ដូច្នេះយើងត្រូវប្រើប្រាស់ពេលវេលាឲ្យបាន
ប្រសើរដោយការចាត់ចែង រៀបចំគំរោងផែនការឲ្យបាន ត្រឹមត្រូវ ដើម្បីឲ្យសកម្មភាព
និងពេលវេលាស៊ីចង្វាក់គ្នាទើបយើងទទួលបានលទ្ធផលល្អ បើមិនដូចនោះទេពេលវេលា
ត្រូវរលាយបាត់ដោយគ្មានលទ្ធផលជាក់ជាមិនខាន។

កាលណាយើងរៀបចំពេលវេលាបានល្អដើម្បីឆ្លើយតបនឹងអ្វីដែលកើតឡើង មិនថាជា
បញ្ហា ការលំបាក ឫក៏ជាឱកាសនោះទេ នោះយើងនឹងអាចប្រឈមមុខនឹងកក្តាទាំង
នោះបានកាន់តែល្អ រួមជាមួយនឹងលទ្ធផលដែលយើងអាចរំពឹងគិតទុក។ ម្យ៉ាងវិញទៀត ការរៀបចំពេលវេលាទុកជាមុននេះ ក៏អាចឲ្យយើងមើលឃើញកាន់តែច្បាស់ពីអ្វីដែលនឹង
កើតឡើងផងដែរ។ តាមអ្វីដែលយើងអាចប្រមើលឃើញនេះ យើងអាចត្រៀមសកម្មភាព
ឫដំណោះស្រាយ និងការខិតខំប្រឹងប្រែងទុកជាមុនផងដែរ ដើម្បីអង្គុយទន្ទឹងរងចាំមើល
លទ្ធផលដែលយើងចង់បាន។

3. រៀនសូត្រពីកំហុស
នេះជាអ្វីដែលយើងត្រូវធ្វើ ព្រោះមនុស្សយើងម្នាក់ៗគ្មានអ្នកណាដែលថាមិនធ្លាប់
មានកំហុសនោះឡើយ សំខាន់ការចេះរៀនសូត្រពីកំហុស ពីការបរាជ័យ និងចេះ
កែច្នៃឲ្យវាទៅជាប្រយោជន៍។ ចូរចងចាំថា គ្មានអ្វីដែលបាត់បង់នោះទេ នៅពេលដែល
យើងបានធ្វើកំហុស យ៉ាងហោចណាស់ក៏មានការរៀនសូត្រពីកំហុស ការជៀសវាង និងការរីកចម្រើនផងដែរ។ នៅពេលយើងបានធ្វើកំហុសមួយ យើងអាចដឹងថានោះ
មិនមែនជាអ្វីដែលយើងនឹងធ្វើលើកក្រោយនោះទេ ។ ដូច្នេះយើងត្រូវហ្វឹកហាត់ពី
សមត្ថភាពរៀនសូត្រ សិក្សាពីកំហុសដែលខ្លួនបានធ្វើកន្លងមក កុំឲ្យកំហុសមានជា
លើកទីពីរ ក៏ដូចជាកុំឲ្យការបរាជ័យមានជាលើកទីពីរ ។ល។

ជាចុងបញ្ចប់សុំរំលឹកថានេះមិនមែនន័យថាជាការលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នានាំគ្នា
ធ្វើកំហុសដើម្បីរៀនសូត្រពីវានោះឡើយ តែវាជាវិធីសំរាប់ជួយលោកអ្នកចៀសវាងបាន
នូវការកើតឡើងនៃកំហុសទាំងឡាយដែលកំហុសឆ្គងបានកើត ឡើងម្តងរួចទៅហើយ៕

Tags: