CamNews

ព័ត៌មានជាតិ 

ក្មេងស្ទាវស្រវឹងជោគ បើករថយន្តបុករថយន្ត ផ្កាយ៣ ហើយស្រែកគំរាមថា «ហ្អែងដឹងថាអញកូននរណាអត់»(Video Inside)

ភ្នំពេញ)៖ ក្មេងស្ទាវឈាមរាវម្នាក់ទំនងជាកូនអ្នកធំ ឬកូនអ្នកមានទ្រព្យសម្បត្តិ ដែលមានអាការ:ស្រវឹងស្រាខ្លាំងបានបើករថយន្តទៅបំបុករថយន្ត របស់លោកឧត្តមសេនីយ៏ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស បង្កឲ្យមានការភ្ញាក់​ផ្អើល នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រហូតមានអន្តរាគមន៍​ពីកម្លាំងអាវុធ​ហត្ថខណ្ឌ ចុះទៅតាមចាប់យក​ទៅដោះស្រាយតាមច្បាប់។

លោកឧត្តមសេនីយ៍ឯក នន្ទ សុខា បានប្រាប់ Fresh News នៅក្រោយកើត​ហេតុភ្លាមៗថា មុនពេលកើតហេតុ រថយន្តរបស់​ជននេះ បានបើកថយហើយពេល​នោះប៉ះរថយន្ត​របស់លោក លោកក៏​ចុចសីុផ្លេ។ ស្រាប់តែជននេះ ដែលមានអាយុជាង២០ឆ្នាំ អាចធ្វើជាកូនលោកបាននោះ ក៏ស្រាប់តែចុចកញ្ចក់ ហើយស្រែកមកលោកថា «ឡានអញបុកឡាន​ហ្អែងនៅ បើបុកអញសង ហ្អែងដឹងថា អញកូននរណាគេទេ​? ចាំមើលអញ​បើកបុកហ្អែង!»

មិនទាន់ស្រែកចប់ផង ស្រាប់តែជននេះបានបើករថយន្ត ទៅបុកលោក និងអង្គរក្សមួយទំហឹងតែសំណាងល្អលោកលោតទាន់ ហើយបើករត់ពេលនោះ លោកបើករថយន្ត ដេញតាម រហូតទាន់ហើយ ដកកាំភ្លើងភ្ជង់ រួចកម្លាំងអាវុធហត្ថខណ្ឌ ទៅដល់ ក៏ឃាត់យកទៅខណ្ឌភ្លាមៗ តែម្តង។

លោកឧត្តមសេនីយ៍ឯក នន្ទ សុខា បានអំពាវនាវ និងទទូចថា សូមកុំឲ្យមានការអន្តរាគមន៍​អោយសោះ ព្រោះករណីនេះ សូមទុកអោយសមត្ថកិច្ច និងតុលាការចាត់ការ​តាមនីតិវិធីច្បាប់ចុះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news