CamNews

ប្លែកៗ 

បុរសម្នាក់រៀបការជាមួយពស់វែក ព្រោះជឿថា ជាសង្សារមកចាប់កំណើត

បុរសម្នាក់នៅប្រទេសថៃ បានរៀបការជាមួយពស់វែកមួយក្បាលដែលមានប្រវែងជាង ៣ម៉ែត្រ
ព្រោះជឿថា នេះគឺជាសង្សារកាលពីអតីតជាតិរបស់ខ្លួនមកចាប់កំណើត។

បុរសម្នាក់ដែលមិនត្រូវបានគេស្គាល់ឈ្មោះ បានធ្លាក់ទឹកចិត្តខ្លាំងនៅពេលមិត្តស្រីរបស់ខ្លួនបាន
ស្លាប់កាលពី៥ឆ្នាំមុន។ ប៉ុន្តែ ស្ថានភាពផ្លូវចិត្តរបស់បុរសនេះ បានល្អប្រសើរជាងមុនបន្ទាប់ពីបាន
ជួបពស់វែកមួយក្បាលដែលបុរសនេះយល់ថា វាគឺជាមិត្តស្រីរបស់ខ្លួនមកចាប់កំណើត។

ជាអ្នកកាន់ព្រះពុទ្ធសាសនា បុរសនេះមានការជឿជាក់ទៅលើរឿងជាតិមុខជាតិក្រោយ ហើយ
យល់ថា វាមិនមានអ្វីចម្លែកនោះទេដែលអតីតមិត្តស្រីរបស់ខ្លួនបានចាប់កំណើតជាពស់វែក។
ពេលនេះ បុរសនេះបានសម្រេចចិត្តរៀបការ និងរស់នៅជាមួយពស់វែកដែលមានប្រវែងជាង ៣
ម៉ែត្រនេះ។

បច្ចុប្បន្ន បុរសនេះតែងតែយក “ប្រពន្ធ” របស់ខ្លួនទៅជាមួយ នៅពេលដើរលេង មើលទូរទស្សន៍
ហូបអាហារពេលល្ងាច។ល។ បុរសនេះ ហាក់ដូចមិនដែលចាកឆ្ងាយពី “ប្រពន្ធ” របស់ខ្លួន។

Worranan Sarasalin រស់នៅក្នុងខែត្រ Kanchanaburi ប្រទេសថៃ ជាអ្នកដែលបានថតរូប និង
ចែករំលែកព័ត៌មានស្ដីអំពីគូស្នេហ៍មនុស្ស និងពស់វែកនេះ បានឱ្យដឹងថា បើទោះបុរសនេះ
ស្រឡាញ់ពស់វែកនេះក៏ពិតមែន ប៉ុន្តែ អ្នករាល់គ្នាមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់បុរស
នេះ។

Sarasalin និយាយថា “គាត់ពិតជាមានសុភមង្គលពេលនៅក្បែរពស់ ព្រោះជឿថា នេះគឺជាមិត្ត
ស្រីដែលបានស្លាប់ មកចាប់កំណើត។ ប៉ុន្តែ សត្វគឺនៅតែជាសត្វ ហើយវាអាចបង្កគ្រោះថ្នាក់ដល់
មនុស្សជានិច្ច”។



Sarasalin បន្ថែមថា “អ្នករាល់គ្នាបានព្រមានគាត់អំពីគ្រោះថ្នាក់ដែលអាចកើតឡើងដោយសារ
ពស់វែកនេះ ប៉ុន្តែ គាត់មិនស្ដាប់ និងនៅតែចាត់ទុកពស់វែកនេះជាប្រពន្ធរបស់ខ្លួន”៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Mirror


Tags: ប្លែក រៀបការ​ជាមួយពស់វែក ថៃ