(ភ្នំពេញ)៖ បន្ទាប់ពីទម្លាក់ក្រុម CMAC ឡើងវគ្គផ្ដាច់ព្រ័ត្រពាន Hun Sen Cup រដូវកាលថ្មីនេះ ក្លឹបក្រសួងការពារជាតិ បានបង្ហាញពីមហិច្ឆតាដ៏ធំធេងមិនធ្លាប់មាន ដោយចង់គ្រងតំណែងជើងឯកពានលំដាប់កំពូលកម្ពុជាទាំងពីរ គឺពាន Hun Sen Cup និងពានលីគកំពូលកម្ពុជា (C-League) ដើម្បីឆ្លើយតាមការខិតខំជាខ្លាំងនារដូវកាលថ្មី ឆ្នាំ២០១៦នេះ។
លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ បាននិយាយថា «ទិសដៅឆ្នាំ២០១៦នេះ ទាំងលីគ ទាំងពាន Hun Sen Cup គឺថ្នាក់ដឹកនាំក្លឹប បានដាក់គម្រោងដណ្ដើមយកតំណែងជើងឯកទាំងពីរ...។ ការចង់បានទៅពីរបែបនេះ គឺយើងចង់បង្កើតឱកាស សម្រាប់ក្រុមបានចេញទៅប្រកួត លើឆាកអន្ដរជាតិតំណាងឲ្យប្រទេសកម្ពុជា។ នេះគឺជាក្ដីស្រម៉ៃរបស់ខ្លួន នឹងព្យាយាមធ្វើឲ្យបានក្នុងរដូវកាលនេះ»។
ការលើកឡើងរបស់គ្រូបង្វឹករូបនេះ គឺស្របពេលក្រសួងការពារជាតិ បានពង្រឹងសមត្ថភាពក្រុម និងកីឡាកររបស់ខ្លួនយ៉ាងខ្លាំងទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេស។ ជាក់ស្ដែងកាលពីម្សិលម្ងៃក្រុមនេះបានទម្លាក់ក្រុម CMAC ឡើងវគ្គផ្ដាច់ព្រ័ត្រពាន Hun Sen Cup គឺជាជោគជ័យមួយជំហ៊ាន ដែលធនធានកីឡាករក្នុងស្រុកធ្វើបាន។ លើសពីនេះពួកគេក៏បានជួយក្រសួងការពារជាតិ ឈរកំពូលតារាងលីគកំពូលកម្ពុជា ជាងពាក់កណ្ដាលរដូវកាលទៀតផង។
យ៉ាងណាមិញលោក ទេព ឡុងរចនា មិនទាន់ហ៊ានអះអាង ១០០% ថាអាចសម្រេចបានគោលដៅធំៗទាំងពីរនេះ នៅឡើយទេ ប៉ុន្ដែជំហ៊ានបន្ទាប់ គឺលោកត្រូវរកវិធីសាស្ដ្រគ្រប់បែបយ៉ាង ដើម្បីទប់ទល់ជាមួយ ក្រុមព្រះខ័នរាជស្វាយរៀង នាថ្ងៃទី០២ ខែកក្កដាស្អែកនេះ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៦។ ដោយឡែកការប្រកួតលីគកំពូលកម្ពុជា លោកក៏នឹងព្យាយាមស្វែងរកជ័យជម្នះ ដើមម្បីដណ្ដើមតំណែងកំពូលតារាង ពីក្រុមបឹងកេតអង្គរ ត្រឡប់មកវិញផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង