CamNews

កីឡាជាតិ 

ក្រុម Cam-Tiger តែងតាំងជនជាតិជប៉ុនជា​គ្រូបង្វឹក​ភ្លាមៗ ក្រោយការ​ចាកចេញ​របស់លោក ហុក សុជីវ័ន្ដ

(ភ្នំពេញ)៖ ក្រុមបាល់ទាត់អាជីព Cambodian Tiger បានទទួលគ្រូបង្វឹកថ្មីជំនួសតំណែងលោក ហុក សុជីវ័ន្ន ដែលទើបចាកចេញដោយសារបញ្ហាផ្ទាល់ខ្លួន កាលពីពេលថ្មីៗកន្លងទៅហើយ ដោយក្លឹបបានតែងតាំងបុរសជនជាតិជប៉ុនលោក Kenichi Yatsuhashi ធ្វើជាគ្រូបង្វឹក។ នេះបើតាមការជូនដំណឹងនៅលើទំព័រ Facebook របស់ក្លឹបដឹកនាំដោយជនជាតិជប៉ុននេះកាលពីម្សិលមិញ។

លោក Kenichi Yatsuhashi គឺជាគ្របង្វឹកមានបទពិសោធន៍ជោគជាំលើទីលានបាល់ទាត់។ មិនតែប៉ុណ្ណោះលោកក៏ទើបបញ្ចប់កាតព្វកិច្ចដឹកនាំក្លឹបដ៏ធំមួយ គឺក្លឹប Accra Hearts of Oak Sporting Ghana នៅក្នុងលីគកំពូលរបស់ប្រទេស Ghana មុននឹងសម្រេចមករួមរស់ជាមួយក្លឹប Cambodian Tiger សមាជិកនៃលីគកំពូលកម្ពុជានេះទៀតផង។

បន្ទាប់ពីមកដល់ទឹកដីកម្ពុជា និងចុះកិច្ចសន្យាដឹកនាំក្រុម Cambodian Tiger បុរសវ័យ ៤៨ឆ្នាំរូបនេះ បាននិយាយថា «ក្លឹប Cambodian Tiger បើតាមខ្ញុំសង្កេតឃើញថាគឺជាក្លឹបមួយ ដែលអាចរីកចំរើនទៅមុខយ៉ាងឆាប់រហ័ស។ ក្នុងនាមខ្ញុំជាសមាជិកក្រុមម្នាក់ ខ្ញុំនឹងខិតខំដឹកនាំក្រុមនៅលើទីលានឲ្យបានរីកចំរើន។ ក្លឹបដែលខ្ញុំកាន់មុន គឺនៅហ្គាណានោះមានភាពជោគជ័យលាយឡំនឹងភាពបរាជ័យផងដែរ។ ភាពបរាជ័យទាំងនោះ ខ្ញុំនឹងខិតខំពុះពារបំពេញចន្លោះខ្វះខាត ដើម្បីជោគជ័យនៅក្លឹប Cambodian Tiger»

គួរបញ្ជាក់ថា ការតែងតាំងគ្រូបង្វឹកថ្មី ជំនួបប្អូនប្រុសបង្កើតរបស់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក ហុក វិចិត្រានេះ គឺស្របពេលលីគកំពូលកម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ។ ក្នុងនោះក្រុម Cambodian Tiger នឹងប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាប ធ្វើជាផ្ទះ (Home) ទទួលភ្ញៀវក្នុងការប្រកួតជើងឯកជាតិមួយនេះ ក៏ដូចជាការប្រកួតពានរង្វាន់ Hun Sen-Cup រដូវកាលថ្មីនេះផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: local sport news