បញ្ហាក្លិនខ្លួន អាចបំបាត់បានដោយប្រើ Spray បាញ់ខ្លួន ជូតខ្លួននឹងកន្សែងសើម និងការរក្សាអនាម័យឱ្យបានល្អ។ ប៉ុន្ដែមានពេលខ្លះ វិធីខាងលើក៏គ្មានប្រសិទ្ធភាពកម្ចាត់ក្លិនមិនល្អបែបនេះដែរ ។ ម្យ៉ាងទៀត Spray បាញ់ខ្លួនក៏អាចជាប្រការគ្រោះថ្នាក់ក្នុងការកម្ចាត់ក្លិនខ្លួនដែរ ដោយសារតែវា មានលាយដោយសារធាតុគីមី ។ ក្រៅពីវិធីទាំងនោះ យើងក៏នៅមានវិធីធម្មជាតិមួយចំនួន ដែលជួយកម្ចាត់ក្លិនខ្លួនផងដែរ បើទោះបីវាមិនបាត់ភ្លាមៗដូចផលិតផល តែវាក៏មិនបង្កគ្រោះថ្នាក់អ្វីដែរ ។
១. ប្រេងចម្រាញ់ពីស្លឹកតែ និងទឹក៖ លាយប្រេងចម្រាញ់ពីស្លឹកតែ ជាមួយទឹក ហើយលាបវាទៅលើក្លៀករបស់អ្នក និងកន្លែងដែលមានជះក្លិន ។ ក្នុងរយៈពេល ១ ឬ២ សប្ដាហ៍ អ្នកនឹងមានអារម្មណ៍ថា ខ្លួនរបស់អ្នកបាត់អស់ក្លិនអាក្រក់ ។
២. ទឹកខ្មេះចម្រាញ់ពីប៉ោម៖ យកសំឡីជ្រលក់ក្នុងទឹកខ្មេះប៉ោម ហើយលាបផ្ទាល់ទៅលើក្លៀករបស់អ្នក និងកន្លែងដែលងាយបែកញើសដទៃទៀត។ អ្នកនឹងឃើញថា វិធីនេះ មិនត្រឹមតែកម្ចាត់ក្លិនខ្លួនប៉ុណ្ណោះទេ វាថែមទាំងអាចកម្ចាត់ភាពខ្មៅ នៅត្រង់ក្លៀក និងកែងដៃផងដែរ ។
៣. ក្រូចឆ្មារ៖ លាបក្រូចឆ្មារដោយផ្ទាល់ ឬប្រើទឹកក្រូចឆ្មារ លាបទៅលើកន្លែងដែលងាយបែកញើស លើដងខ្លួនរបស់អ្នក រួចទុកវារយៈពេល ៤ ទៅ ៥ នាទី បន្ទាប់មកលាងជម្រះដោយទឹកក្ដៅឧណ្ហៗ។ ក្រូចឆ្មារ មានផ្ទុកជាតិអាស៊ីដ ដែលមានប្រសិទ្ធភាពបង្ការ ការកកើតបាក់តេរី ៕
អត្ថបទ៖ សារ៉ាត
ប្រភព៖ onlymyhealth