ភ្នំពេញ៖ ជាតារាសម្តែង និងជាតារាចម្រៀង កញ្ញា គង់ ចាន់រដ្ឋា បច្ចុប្បន្ននេះនាងកំពុងតែស្ថិតនៅ លើទឹកដី នៃ ប្រទេសមហាអំណាច សហរដ្ឋអាមេរិក ជាមួយនឹង ភាពជោជ័យពីការច្រៀង និងសម្តែងនៅទីនោះ បន្ទាប់ពី បានឈានជើងចាកចេញ ពីប្រទេសកម្ពុជា កាលពីកាលអំឡុង ចុងខែមីនា ឆ្នាំ២០១៤ តាមរយៈសមាគមន៍ ខ្មែររស់នៅសហរដ្ឋអាមេរិកជា អ្នកស្ពាន់ស័រ (Sponsor) ធានាដើម្បីចេញទៅ សម្តែង រយៈពេល៣ខែ។
ឆ្លើយឆ្លងជាមួយភ្នាក់ងារ គេហទំព័រ LookingTODAY តាមសារអេឡិចត្រូនិច នៅរសៀលថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០១៤នេះ តារាសម្តែងកញ្ញា គង់ ចាន់រដ្ឋា បានប្រាប់ឱ្យដឹង ពីទឹកដីសហរដ្ឋអាមេរិកមកថា ឥឡូវនេះ នាងកំពុងតែមានវត្តមាន ជាមួយនឹងតារាចម្រៀងប្រុសខ្មែរ គឺលោក យក់ ដួងតារា ។
តារាចម្រៀង និង សម្តែងកំពុងទទួលបានការគាំទ្រ និង ប្រជាប្រិយភាពខ្លាំងគួរសម កញ្ញា គង់ ចាន់រដ្ឋា បានឱ្យដឹង ទៀតថា នាងបានចាកចេញ ពីទឹកដីកំណើតទៅចម្រៀង និងសម្តែងនៅអាមេរិក រយៈពេល១ខែមកហើយ ពោល គឺនាងឡើងយន្តហោះ កាលពីអំឡុងចុងខែ៣ (មីនា) ឆ្នាំ២០១៤។ បើតាមគម្រោង គឺតម្រូវឱ្យនាងស្នាក់នៅសម្តែង ទីនោះ រយៈពេល ៣ខែ ទើបវិញត្រឡប់មកស្រុកខ្មែរវិញ។
តារាសម្តែងមកពីដែនដីខេត្តសៀមរាបអង្គរ កញ្ញា គង់ ចាន់រដ្ឋា បានបន្តថា "ខ្ញុំមានអារម្មណ៍ សប្បាយរីករាយ ព្រោះមានបងប្អូនខ្មែរ គាត់គាំទ្រច្រើន ពេលទៅដល់ទីនោះ ។ ក្នុងរយៈពេលមួយខែ នេះគឺបានចេញទៅសម្តែង ច្រើនរដ្ឋគឺប្រហែលជិត១០ រដ្ឋហើយ"។
រដ្ឋា បានបន្ថែមថា នាងកំពុងតែទទួលបាន ភាពជោគជ័យ ពីការចេញទៅច្រៀង និងសម្តែងនៅលើទឹក សហរដ្ឋអាមេរិក ព្រោះបងប្អូនអាណិកជនខ្មែរទីនោះ មានការចេញចិត្ត និងគាំទ្រមកលើនាងយ៉ាងច្រើន ។ ជាពិសេសក៏ទទួលបានការសរសើរ និងពេញចិត្តពីអ្នករស់នៅទីនោះ ថា នាងជាតារាមិនចេះឆ្មើងឆ្មៃ។ បើតាមការបញ្ជាក់ ឱ្យដឹងនាង និង លោក យក់ ដួងតារា ត្រូវវិលត្រឡប់មកស្រុកខ្មែរវិញ នៅចុងខែកក្កដា ឆ្នាំ២០១៤ ខាងមុខនេះ៕