CamNews

ប្លែកៗ 

“ស្ដេចស្វា ស៊ុនអ៊ូខុង” ៧រូប ត្រូវនគរបាលចាប់ខ្លួន ព្រោះតែវ៉ៃគ្នាបែកសាច់ហូរឈាម តាមដងផ្លូវ

នគរបាលក្រុង Chengdu ប្រទេសចិន បានចាប់ខ្លួនបុរស ៧នាក់ ដែលស្លៀកពាក់ជាស៊ុនអ៊ូខុង
បន្ទាប់ពីពួកគេបានធ្វើ “សង្គ្រាម” នៅកណ្ដាលដងផ្លូវក្នុងក្រុង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ ចុងសប្ដាហ៍មុន។ អ្នកដំណើរដែលបានឆ្លង
កាត់ផ្លូវមួយក្នុងក្រុង Chengdu មានភ័យខ្លាចនៅពេលបានឃើញ “ស៊ុនអ៊ូខុង” ចំនួន៧នាក់ បាន
វាយគ្នានៅលើដងផ្លូវ។ សាក្សីជាច្រើនដែលបានឃើញហេតុការណ៍ បានទូរស័ព្ទហៅនគរបាល។

ក្រុមនគរបាលក៏មានការភ្ញាក់ផ្អើល ពេលទទួលបានរបាយការណ៍ថា មានស៊ុនអ៊ូខុង កំពុងវ៉ៃគ្នា
នៅលើដងផ្លូវ។ ពេលមកដល់កន្លែងកើតហេតុ នគរបាលទើបដឹងថា ពិតជាមាន “ស៊ុនអ៊ូខុស”
កំពុងប្រយុទ្ធគ្នាឡើងបែកឈាមពិតមែន។

បន្ទាប់មក នគរបាលក៏បានចាប់ឃាត់ខ្លួន “ស៊ុនអ៊ូខុង” ទាំង៧នាក់នេះទៅកាន់ការិយាល័យ។ តាម
ពិត នេះគឺជាបុរសទាំង៧នាក់ដែលស្លៀកពាក់ជាស្ដេចស្វាស៊ុនអ៊ូខុង ដែលល្បីឈ្មោះនៅក្នុងខ្សែ
ភាពយន្តចិន រឿង “ថាងចេងទៅចម្លងធម៌”។

ដំបូងឡើយ នគរបាលពិតជាមានការលំបាកក្នុងការកំណត់ឱ្យដឹងប្រាកដថា អ្នកណាកំពុងវាយ
ប្រហារអ្នកណា ព្រោះពួកគេភាគច្រើន ស្លៀកពាក់ដូច “ស្ដេចស្វា” ក្នុងរឿង “ថាងចេងទៅចម្លង
ធម៌”។ មិនត្រឹមតែប៉ុណ្ណោះ “ស្ដេចស្វា” ទាំងនេះ សុទ្ធតែថ្លង់ដូចគ្នា ដូច្នេះ មិនអាចស្ដាប់ឮនូវការ
ស្នើពីនគរបាល។ ចុងក្រោយ នគរបាលក៏បានចាប់ “ស្ដេចស្វា” ទាំងអស់នេះ នាំខ្លួនទៅកាន់ប៉ូស្ដិ៍។

អ្នកជំនាញខាងភាសាកាយវិការម្នាក់ត្រូវបានអញ្ជើញឱ្យមកសួរនាំក្រុម “ស្ដេចស្វា” នេះ។ បន្ទាប់
ពីបានសួរនាំ ទើបគេដឹងថា បុរសទាំង៧នាក់នេះ គឺជាមនុស្សមកពីក្រុមសិល្បៈពីរក្រុមផ្សេងគ្នា
ដែលមានជំនាញខាងតុបតែងខ្លួនជា “ស៊ុនអ៊ូខុង” ដើម្បីសំដែង ក៏ដូចជាថតរូបជាមួយអ្នកដំណើរ
នៅតាមដងផ្លូវ។

ប៉ុន្តែ នៅពេលបានជួបទល់មុខគ្នា ក្រុមសិល្បៈទាំងពីរនេះ ក៏បានសម្រេចប្រយុទ្ធគ្នាដើម្បីដណ្ដើម
ទីកន្លែងដែលមានអ្នកដំណើរឆ្លងកាត់ច្រើន។ ការប្រយុទ្ធគ្នានេះ បាននាំឱ្យមាន “ស្ដេចស្វា” ខ្លះត្រូវ
បែកមុខបែកមាត់ ហូរឈាមដូចក្នុងភាពយន្ត។

ចុងក្រោយ ក្រោមការណែនាំពីនគរបាល ក្រុមទាំងពីរនេះក៏បានយល់ព្រមស្រុះស្រួលគ្នា ក្នុងនោះ
អ្នកដែលត្រូវរបួស ទទួលបានប្រាក់សំណង ១.៥០០យ័ន។ ក្រោយមក នគរបាលក៏អនុញ្ញាតឱ្យ
ក្រុមទាំងពីរនេះ បន្តការសំដែងនៅតាមដងផ្លូវរបស់ពួកគេ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Shanghaiist


Tags: ស៊ុនអ៊ូខុង ប្លែកៗ ចិន វ៉ៃគ្នា សង្គ្រាម ស្ដេចស្វា