ភ្នំពេញៈ កន្លងមកធ្លាប់មាន ពាក្យចចាមអារ៉ាមលេចឮ ជាហូរហែថា តារាចម្រៀងប្រចាំផលិតសាន់ដេ ដែលមានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង លោក កែវ វាសនា មានបំណងវេចបង្វេចចាកចេញ ពីទ្រនំចាស់ផ្លាស់ទៅទ្រនំថ្មី ដោយព័ត៌មាននេះកន្លងមក គ្រាន់តែជាព័ត៌មានលេចឮ មិនច្បាស់ ការឡើយ ថាលោកមានបំណង ទៅជ្រកនៅផលិតកម្មណាមួយនោះ ។ ទើបតែពេលនេះ តារាចម្រៀងបុរសសង្ហា លោក កែវ វាសនា ត្រូវបាន ផលិតកម្មថោន ចេញមុខប្រកាសជាផ្លូវការថា លោកបានក្លាយជាតារាចម្រៀងពេញសិ្នទ្ធ ដោយបានចុងត្រាជាមួយគ្នា ហើយក៏មានបទចម្រៀង ចេញលក់នៅលើទីផ្សារថែមទៀតផង ។
តាមរយៈ Account Facebook ផ្លូវការ របស់ផលិតកម្មថោន និង Account Facebook របស់ លោក វ៉ាត លីម៉េង បានសរសេរបង្ហោះជា សាធារណៈ ថា « ស្វាគមន៍វត្តមានថ្មីពីតារាចម្រៀង កែវ វាសនា នៅក្នុងផលិតកម្មថោន…»។ ហើយនៅក្នុងនោះ ដែលម្ចាស់បទ «ខ្លាចគេឈឺតែមិនខា្លចបង ទឹកភ្នែក» លោក កែវ វាសនា ក៏ត្រូវបានខាងផលិតកម្មថោន ចេញបទចម្រៀងឲ្យលោកច្រៀង និងត្រៀមចេញលក់ នៅលើទីផ្សារថែមទៀត ដោយ បទចម្រៀងរបស់លោក មានចំណងជើងថា «ស្មានថាអូនស្រឡាញ់ បងភ្លេចគេហើយ» ដោយនិពន្ធ Melody ថ្មី និងទំនុកច្រៀង យឹម តាស្រង់ ចេញលក់ក្នុងពេលឆាប់ៗនេះ នៅក្នុងផលិតកម្មថោន Vol 85 ។
អស់រយៈពេលជាច្រើនខែហើយ ដែលតារាចម្រៀង លោក កែវ វាសនា ធ្លាប់មានពាក្យចចាមអារម្មណ៍ លេចឮថា តារារូបនេះមានគម្រោងចេញពី ផលិតកម្មសាន់ដេ ទៅជ្រកក្រោមផលិតកម្មថោន ហើយត្រៀមចេញបទចម្រៀងលក់ជាផ្លូវការទៀតផង ដោយធ្វើឲ្យអ្នកគាំទ្រលោក មានការ ទន្ទឹងរង់ចាំអ៊ុតមើល បទចម្រៀងរបស់ តារាក្នុងដួងចិត្តរបស់ពួកគេយ៉ាងអន្ទះសារ ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចទាក់ទងទៅ ខាងផលិតកម្មថោន លោក មាស សុខរតនៈ សាកសួរទាក់ទងទៅនិងកុងត្រា និងបទ ចម្រៀងដែលត្រៀម ចេញលក់នៅលើទីផ្សារ រវាងតារាចម្រៀង លោក កែវ វាសនា និងផលិតកម្មថោនបានទេ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥នេះ ៕




