CamNews

តារា 

អតីតបេក្ខជន Cambodain Idol អ៊ែល ច័ន្ទដារ៉ា ក្លាយជាតារាសម្ដែង ក្នុងផលិតកម្ម LD Picture

ភ្នំពេញ៖ អតីតបេក្ខជនប្រឡងក្នុងកម្មវិធី «Cambodain Idol» អ៊ែល ច័ន្ទដារ៉ា ថ្មីៗនេះ ត្រូវបានអ្នកដឹកនាំរឿង របស់ផលិតកម្ម LD Picture ផ្តល់ឱកាសជ្រើសឲ្យចូលសម្តែង ក្នុងតួអង្គបែបស៊ីជោ និងកំប្លែងក្នុងខ្សែរឿងថ្មី ដែលមានចំណងជើងថា «កំពូលអ្នកសំទានជួបស្នេហ៍» ដោយរឿងនេះ ក៏មានការចូលរួមសម្តែង ពីសំណាក់តារាស្រីល្បីៗ ជាច្រើនមានដូចជា អ្នកនាង សុខ សោម៉ាវត្តី ,កញ្ញា ឡោម លក្ខិណា កញ្ញា សាឡាត់ ស្រីឡាង លោក BIG លោក ជា សិវណ្ណនរាហ៍ ជាដើម។

នៅលើបណ្តាញ សង្គមហ្វេសប៊ុក របស់អតីតបេក្ខជន អ៊ែល ច័ន្ទដារ៉ា មុននេះបន្តិច បានសរសេរបង្ហោះសារ ដោយភ្ជាប់មកជាមួយឃ្លីបវីដេអូ នៃសកម្មភាពមុនពេល ថតរឿងនោះថា «លើសពីសំណាង..ខ្ញុំ... មនុស្សដែលមានមុខអាក្រក់បំផុត...បានសម្តែងជាមួយកញ្ញារូបស្រស់ និងតារាល្បីៗផ្សេងទៀត...សូមអរគុណដល់ផលិតកម្ម LD Picture... ដែលបានផ្តល់ឱកាស ឲ្យរូបខ្ញុំបាទបានថតរឿង ជាពិសេសបងៗក្រុមការងារ និងតួសម្តែងល្បីៗទាំងអស់...ហើយក៏សូមអភ័យទោស រាល់កំហុសឆ្គងដែលបានកើតឡើង ដោយរូបខ្ញុំបាទ...»។

លោក អ៊ែល ច័ន្ទដារ៉ា បានប្រាប់គេហទំព័រ LookingTODAY នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះថា «ខ្ញុំសប្បាយរីករាយជាខ្លាំងណាស់បង..! ដែលមានឱកាសបានសម្តែង ភាពយន្តបែបនេះ។ ក្នុងរឿងនេះ គេតម្រូវឲ្យខ្ញុំដើរតួធ្វើមនុស្សជោរ និងបែបកំប្លែង...»។

លោក អ៊ែល ច័ន្ទដារ៉ា ជាអតីតបេក្ខជនមួយរូប ដែលធ្លាប់បានចូលប្រឡង ចម្រៀងកម្មវិធី «Cambodian Idol» កាលពីថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៥ តែការឡើងប្រឡងនោះ ត្រូវបានធ្លាក់តាំងតែពីវគ្គដំបូងមកម្ល៉េះ។ លោក អ៊ែល ច័ន្ទដារ៉ា បច្ចុប្បន្នមានអាយុ២៤ឆ្នាំ និងមានស្រុកកំណើតនៅ ភូមិខ្វិត ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយសព្វថ្ងៃកំពុងស្នាក់នៅធ្វើជាគ្រូបង្រៀង នៅម្តុំវិមានឯករាជ្យ។ លោកក៏បានបញ្ចប់ការសិក្សា កម្រិតបរិញ្ញាបត្រ ផ្នែកអក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យបៀលប្រាយ កាលពីឆ្នាំ២០១៤ផងដែរ។

គួររំឭកថា ទោះបីជាអតីតបេក្ខជន អ៊ែល ច័ន្ទដារ៉ា ធ្លាក់ការប្រឡងរបស់កម្មវិធីប្រឡង ចម្រៀងលំដាប់ពិភពលោក របស់ស្ថានីយទូរទស្សន៍ ហង្សមាសហើយក៏ដោយ តែលោកបានធ្វើឲ្យមហាជន ជាច្រើនបានស្គាល់ និងគាំទ្រដោយសារ ភាពកំប្លែងរបស់លោក។ ប៉ុន្តែទន្ទឹមគ្នានេះដែរ ក៏មានការរងការរិះគន់ខ្លះៗ ពីសំណាក់អ្នកលេងFacebook មួយចំនួនថា លោកជាក្មេងពាល បែកថ្នាំ និយាយឈ្លើយ មិនចេះគោរព គណៈកម្មការ ជាដើម៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: El chandara Star news local news