CamNews

ព័ត៌មានជាតិ 

នៅថ្ងៃទី១ បេក្ខជន​ប្រឡង ១៩នាក់​មាន​បញ្ហា

ភ្នំពេញ៖ សរុបព្រឹត្តិការណ៍រយៈពេលពេញមួយថ្ងៃ នៃការប្រឡងសញ្ញាបត្រទុតិយភូមិនៅទូទាំងប្រទេស មានបេក្ខជន ១៩នាក់ មានបញ្ហាផ្នែកសុខភាព និងការមកប្រឡងជំនួស។

លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៤ សីហាថា បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងយ៉ាងល្អ និងធ្វើកិច្ចការបានច្រើន ពោលគឺពុំមានឧបទ្ទវហេតុអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ លើកលែងតែមានការប្រឡងជំនួស ០១ ករណី នៅវិទ្យាល័យវត្តកោះ រាជធានីភ្នំពេញ ករណីបេក្ខជនមានបញ្ហាសុខភាពចំនួន ១៩ ករណី ប៉ុន្តែ ១៨ ករណី អាចបន្តប្រឡងបានក្រោយពីគ្រូពេទ្យ បានជួយព្យាបាលរួចមក។ ទិដ្ឋភាពជារួម នៃដំណើរការប្រឡងនៅថ្ងៃទីមួយនេះ មានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ ។

ដោយឡែកសម្រាប់ថ្ងៃទី១ ការប្រឡងបានប្រព្រឹត្តទៅដោយរលូន ពោលគឺគណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ មានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ទោះបីជាដំណើរការសំណេរ នាពេលរសៀលនៅតាមរាជធានី ខេត្តមួយចំនួនមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ។

លោកបន្តថា គ្រប់ភាគីពាក់ព័ន្ធបានផ្ដល់កិច្ចសហការយ៉ាងល្អ រួមមានកងកម្លាំងមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកសង្កេតការណ៍ផ្សេងទៀត។ លោកបញ្ជាក់ថា "ទិដ្ឋភាពជារួមសម្រាប់រយៈពេលមួយថ្ងៃ នៅទូទាំងប្រទេសមានស្ថានភាពល្អប្រសើរ ទាំងបេក្ខជនប្រឡង មេប្រយោគ និងអនុរក្ស ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចរក្សាការពារសណ្តាប់ធ្នាប់បានល្អ"។

សូមបញ្ជាក់ថា ថ្ងៃទី១នេះ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ មាន ៤ មុខវិជ្ជា គឺគីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា និងភាសាបរទេស ។ ដោយឡែក សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម មាន ៤ មុខវិជ្ជា គឺភូមិវិទ្យា ប្រវត្តិវិទ្យា ជីវវិទ្យា និងភាសាបរទេស ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh