(ភ្នំពេញ)៖ ស្រពេលលីគកំពូលកម្ពុជាបញ្ចប់ជើងទី១ ខ្សែប្រយុទ្ធនៃក្លិបក្រសួងការពារជាតិ Choe Myonng Ho ដែលមានរហស្សនាម Ronaldo កូរ៉េជើង កំពុងឈរកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ(Top Scorers) បន្ទាប់ពីរូកគេបាន ២គ្រាប់បន្ថែមទៀត ពីការទម្លុះសំណាញ់ទីក្រុម Cambodian Tiger ២គ្រាប់ ជួយក្រុមខ្លួនឈ្នះ ២-១ យប់មិញ ហើយក៏កំពុងនាំមុខម្ចាស់ស្បែកជើងមាសឆ្នាំចាស់ ចាន់ វឌ្ឍនាកា ផងដែរ ។
គិតត្រឹមសប្ដាហ៍ទី៩ កីឡាករ Choe Myonng Ho ដែលកំពុងឈរកំពូលតារាង Top Scorers នោះ គឺរកបាន ១៤គ្រាប់ហើយ ។ ចំណែកកីឡាករ ចាន់ វឌ្ឍនាកា តារាបាល់ទាត់ប្រចាំក្លិបបឹងកេតអង្គរ ទើបរកបាន ១៣គ្រាប់តាមពីក្រោយយ៉ាងប្រកិត បន្ទាប់បន្ថែម ១គ្រាប់ទៀត អំឡុងពេលជួយក្រុមបឹងកេតអង្គរ យកឈ្នះក្រុមណាហ្គាវើល ដោយលទ្ធផល ២-១ កាលពីម្សិលមិញ ។
ជាមួយគ្នានេះផងដែរ ក្រៅពី Choe Myonng Ho និង ចាន់ វឌ្ឍនាកា ក៏មានកីឡាករមួយចំនួន មានគ្រាប់បាល់ប្រដេញគ្នាក្នុងតារាង Top Scorers ផងដែរ ដូចជាកីឡាករ Atuheire Kipson របស់ក្លិបព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ៣ បន្ទាប់ពីរកបាន ៩គ្រាប់ ខណៈកីឡាករ Okereke Timothy របស់ក្លិបស៊ីម៉ាក់ រកបាន ៨គ្រាប់ឈរលេខ៤ ។
ចំណែកកីឡាករ ឃួន ឡាបូរ៉ាវី របស់ក្លិបបឹងកេត និងកីឡាករ Tomoki Muramatsu របស់ក្លិប Cambodian Tiger រកបានម្នាក់ ៨គ្រាប់ស្មើគ្នា ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង