CamNews

ព័ត៌មានជាតិ 

ផ្ទះសំណាក់ នៅខេត្តតាកែវ ដែលបេក្ខជនប្រឡង ទុតិយភូមិ ជួលស្នាក់នៅ ឡើងថ្លៃកប់ពពក

តាកែវ ៖ បើទោះបីជា លោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ បានចេញលិខិតណែនាំ ដល់ម្ចាស់ផ្ទះសំណាក់ ទាំងអស់ នៅក្នុងខេត្តតាកែវ កុំឲ្យ តម្លើងថ្លៃក្នុងឱកាស ដែលសិស្សមកពីគ្រប់ស្រុកប្រមូលផ្ដុំគ្នា មកប្រឡងទុតិយភូមិ នៅក្នុងក្រុងដូនកែវ និងស្រុកត្រាំកក់ និងស្រុកទ្រាំង យ៉ាងណាក៏ដោយ ក៏ម្ចាស់ផ្ទះសំណាក់ មួយចំនួន មិនបានអនុវត្តន៍ ទៅតាមលិខិត ណែនាំរបស់អភិបាល ខេត្តតាកែវនោះទេ។  

យុវសិស្ស រដ្ឋា មកពីស្រុកគីរីវង់ ដែលបានជួសផ្ទះសំណាក់ សន្តិភាព នៅជិតវិមានឯករាជ្យ ស្នាក់នៅដើម្បី ចូលរួមប្រឡងទុតិយភូមិ នៅមណ្ឌលវិទ្យាល័យ ជា ស៊ីម បានប្រាប់ឲ្យដឹងថា ផ្ទះសំណាក់នេះ យកថ្លៃមួយយប់៣០ដុល្លារ ពោលគឺម្ចាស់ផ្ទះបានតម្លើងថ្លៃ មួយជាបីបើប្រៀបធៀប និងថ្ងៃធម្មតា។

បើតាមយុវជនខាងលើ រូបគេមិនមានលទ្ធភាព ជួលបន្ទប់ផ្ទះសំណាក់ស្នាក់នៅ ម្នាក់ឯងនោះទេ គឺរូបគេនិងមិត្តភ័ក្រពីរនាក់ទៀត បានចូលលុយគ្នា ដើម្បីជួលបន្ទប់ស្នាក់នៅ រួមគ្នាចំនួនពីរថ្ងៃ។

បេក្ខជនប្រឡងទុតិយភូមិម្នាក់ទៀត ដែលមកពីស្រុកអង្គបុរី បានថ្លែងឲ្យដឹងថា បានថ្លែងឲ្យដឹងថា រូបគេរួមនិងមិត្តភ័ក្របីនាក់ផ្សេងទៀត នៅក្នុងភូមិបានមកជួលផ្ទះសំណាក់ «ស្វីតហូម» ស្នាក់នៅក្នុងតម្លៃមួយដែល ខុសពីថ្ងៃធម្មតាដែរ ។

បេក្ខជនទាំងអស់ខាងលើ បានសំណូមពរ ឲ្យអាជ្ញាធខេត្ត ជាពិសេស លោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ដែលតែងតែយកចិត្តទុកដាក់ និងគិតគូពីសុខទុក្ខ របស់ក្រុមយុវជន និងប្រជាជននោះ សូមជួយដុសក្អែលម្ចាស់ផ្ទះសំណាក់ ទាំងអស់នោះផង។

សូមកុំឲ្យម្ចាស់ផ្ទះសំណាក់ ទាំងអស់នេះយកឱកាស់ដែលក្មេងប្រឡង មកធ្វើមានធ្វើបានទាំង ងងើលដោយគ្មានពិចារណាអ្វីនោះ ។ ព្រោះបេក្ខជនទាំងអស់ ដែលមកជួលបន្ទប់ស្នាក់នៅប្រឡង គឺភាគច្រើនសុទ្ធតែជាកូនអ្នកស្រែ ដែលមានជីវភាព មិនសូវធូធាប៉ុន្មាននោះទេ។

ពាក់ព័ន្ធទៅនិងបញ្ហានេះលោក មូល វិចឹត្រ អភិបាលក្រុងដូនកែវ បានថ្លែងឲ្យដឹងថា មុននិងប្រឡងប៉ុន្មានថ្ងៃ លោកអភិបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹង ដល់ម្ចាស់ផ្ទះសំណាក់ នៅក្នុងខេត្តតាកែវកុំ ឲ្យតម្លើងថ្លៃបន្ទប់។ ក៏ប៉ុន្តែម្ចាស់ ផ្ទះមួយចំនួននៅតែតម្លើងថ្លៃ ដោយសំអាងថា ការឡើងថ្លៃនេះគឺបណ្ដាលមកពីបេក្ខជន ប្រឡងបានស្នាក់នៅគ្នាច្រើន។

លោកអភិបាលក្រុង បានមានប្រសាសន៍បន្តថា លោកនិងរាយការណ៍ ជួនលោកអភិបាលខេត្ត ឲ្យបានជ្រាបពីបញ្ហានេះ ដើម្បីធ្វើយ៉ាងណារួមគ្នា ដោះស្រាយកុំឲ្យបញ្ហានេះ កើតឡើងជាថ្មីទៀត៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh