(ភ្នំពេញ)៖ តារាចម្រៀងល្បី ទើបតែសម្រេចចិត្តភ្ជាប់ពាក្យ ជាមួយនឹងមន្រ្តីនៅក្នុងក្រសួងមួយ កញ្ញា សុន ស្រីពេជ្រ ត្រូវបានគេមើលឃើញថា ចាប់តាំងពីនាងចូលប្រឡូក ក្នុងការងារសិល្បៈមក នាងពុំដែលជួបប្រទះនូរឿងរ៉ាវអាស្រូវស្នេហាម្ដងណាឡើយ ក្រៅតែពីគេលើកដាក់ ចំអែចំអន់ជាមួយនឹងតារាចម្រៀង រួមទ្រនំ គឺលោក រិន សាវ៉េត ។ ប៉ុន្តែព័ត៌មាននេះ បានសសាបរលាបទៅវិញ ដូចរលកស្ងប់ខ្យល់ បន្ទាប់ពីអ្នកទាំងពីរបានចេញមុខ បកស្រាយរៀងខ្លួន ហើយក៏គ្មានចំណងណាមួយ ពាក់ព័ន្ធនឹងស្នេហានោះដែរ ។
សុន ស្រីពេជ្រ បានក្លាយជាតារាចម្រៀងស្រីមួយរូប រកឃើញសុភមង្គលផ្ទាល់ខ្លួន ខណៈដែលម្ចាស់ចិត្តរបស់នាង ជាបុរសមានទ្រព្យស្ដុកស្ដម្ភ វីឡាស្កឹមស្កៃ ត្រៀមខ្លួនទទួលនាង ឲ្យទៅរស់នៅ ក្រោយរៀបអាពាហ៍ពិពាហ៍រួច ប៉ុន្តែនាងចង់រស់នៅជាមួយក្រុមគ្រួសារ ច្រើនជាង ព្រោះមានភាពកក់ក្ដៅ។ តារាចម្រៀងថ្ពាល់ខួចទាំងសង សំឡេងស្រួយ កញ្ញា សុន ស្រីពេជ្រ ជាមនុស្សងាយចុះចំណោម មិនដែលបង្កបញ្ហាដាក់អ្នកណាឡើយ សំខាន់តាំងពីនាង ចេះប្រឡូកសិល្បៈមក តារាស្រីរូបនេះ គ្មានរឿងអាស្រូវ ឬជម្លោះជាមួយអ្នកសិល្បៈណាម្នាក់ ទាល់តែសោះ ព្រោះនាងមិនសូវចូលចិត្តនិយាយច្រើន ឬលេងសើចច្រើនខុសរឿង ។
អ្វីដែលសំខាន់ ថ្មីៗនេះ សុន ស្រីពេជ្រ បែរបាននិយាយថា «បណ្ដាញសង្គម Facebook ពេលខ្លះធ្វើឲ្យខ្ញុំដឹងថា អ្នកណាខ្លះជាមិត្ត អ្នកណាខ្លះជាសត្រូវរបស់ខ្ញុំ អ្នកខ្លះល្អតែនឹងមុខ ក្រោយខ្នងលួចចាក់សម្លាប់ខ្ញុំជាច្រើនដង ពេលខ្លះការទ្រាំ មិនអាចដោះស្រាយបានទេ ។ សិល្បៈមិនរីកចំរើន ព្រោះមនុស្សជំពូកនេះ គិតតែជាន់ពន្លិច...!»។
តារាចម្រៀងស្រី សុន ស្រីពេជ្រ មិនបាននិយាយចំៗថា នរណាជាអ្នកចាំវាយប្រហារនាង ពីក្រោយខ្នងនោះទេ ព្រោះនាងជាមនុស្សគ្មានសត្រូវ តែមនុស្សម្នាក់ៗ តែងមានមនុស្សស្អប់ មនុស្សស្រលាញ់ដូចគ្នា។ ដូចនេះគេមិនដឹងថា អ្នកណាជាអ្នកចាំខាំតារាចម្រៀងស្រី ដ៏ស្រគត់ស្រគំនេះទេ ។ ទោះជាយ៉ាងណា សុន ស្រីពេជ្រ នៅតែប្រឹងប្រែងរកប្រាក់ ទោះគូដណ្ដឹង ជាអ្នកមានទ្រព្យស្ដុកស្ដម្ភក៏ដោយ នាងនៅតែប្រឹងប្រែងចេញច្រៀងកាត់សក់ បុកលក្ខណ៍ និង ច្រៀងក្នុងពិធីជប់លៀងពេលល្ងាច ដូចធម្មតា ព្រោះនាងត្រូវផ្គត់ផ្គង់គ្រួសារ ឲ្យប្រសើរជាងនេះ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី