នៅក្នុងរឿងស្នេហា មានមនុស្សជាច្រើនធ្លាប់បានសន្យាជាមួយគ្នាថា នឹងស្លាប់ជាមួយគ្នា ហើយ
រឿងរ៉ាវនេះបានកើតឡើងចំពោះគូស្វាមីភរិយាវ័យចំណាស់មួយគូនៅរដ្ឋ Carolina ខាងជើង នៃ
សហរដ្ឋអាមេរិក។
លោកតា Don អាយុ ៨៤ឆ្នាំ និងលោកយាយ Margaret Livengood អាយុ ៨០ឆ្នាំ ត្រូវបានបញ្ជូន
ទៅកាន់មន្ទីរពេទ្យមួយក្នុងរដ្ឋ Carolina ខាងជើង (អាមេរិក) ដើម្បីព្យាបាលក្នុងពេលតែមួយ។
នៅក្នុងវិនាទីចុងក្រោយ ក្រុមគ្រូពេទ្យបានដាក់អ្នកទាំងពីរឱ្យសម្រាន្តនៅលើគ្រែពីរក្នុងបន្ទប់ជា
មួយគ្នាដើម្បីឱ្យអ្នកទាំងពីរមានឱកាសជួបជុំគ្នាក្នុងដំណាក់កាលចុងក្រោយនៃជីវិត។
លោកតា Don និងលោកយាយ Margaret បានកាន់ដៃគ្នាយ៉ាងណែន នៅក្នុងវិនាទីដែលលោក
យាយ Margaret លាចាកលោក នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី ១៩សីហាកន្លងទៅ។ ប៉ុន្មានម៉ោង
ក្រោយមក នៅវេលាម៉ោង ៦ល្ងាចថ្ងៃដដែល លោកតា Don ក៏បានទទួលមរណភាព ប៉ុន្តែមុននឹង
លាចាកលោក លោកតាបាននិយាយប្រាប់កូនចៅថា កុំឱ្យព្រួយ ព្រោះលោកតានឹងបានជួប
ភរិយារបស់ខ្លួននៅឯឋានសួគ៌។
លោកតា Don ប្រាប់កូនចៅថា “នៅពេលយើងបានទៅដល់ឋានសួគ៌ យើងនឹងបាននៅក្បែរគ្នា
ដូចទៅនឹងការដែលបានរៀបការម្ដងទៀត ហើយរាត្រីចន្ទទឹកឃ្មុំនឹងមកដល់ជាថ្មី”។
លោកតា Don បានលាចាកលោកដោយសារជម្ងឺសួត ចំណែកលោកយាយ Margaret ទទួល
មរណភាពដោយសារជម្ងឺមហារីក។ លោកតា Don ហាក់មិនអាចដកដង្ហើមបាននៅពេលគាត់ជិត
ស្លាប់ ប៉ុន្តែ ប្រពន្ធគាត់តែងតែលើកទឹកចិត្ត ដោយនិយាយថា បរិយាកាសនឹងល្អប្រសើរជាងនេះ
នៅពេលអ្នកទាំងពីរបានឡើងដល់ស្ថានសួគ៌។
វិនាទីប្ដីប្រពន្ធវ័យចំណាស់ កាន់ដៃគ្នាយ៉ាងណែន នៅមុនពេលលាចាកលោក ធ្វើឱ្យមានការ
រំជួលចិត្តជាខ្លាំង
គូស្វាមីភរិយានេះ បានរៀបការ និងរស់នៅជាមួយគ្នាបាន ៥៩ឆ្នាំ មុនពេលអ្នកទាំងពីរត្រូវឈឺធ្ងន់
កាលពីឆ្នាំទៅ។ កូនស្រី Pattie Livengood Beaver និងស្វាមី បានរើមកនៅជាមួយពុកម្ដាយខ្លួន
ដើម្បីថែទាំពួកគាត់។
ឆ្នាំចុងក្រោយនៃជីវិត អ្នកទាំងពីរបានបង្កើតអនុស្សាវរិយ៍ល្អៗជាច្រើន ទាំងក្នុង និងក្រៅមន្ទីរ
ពេទ្យ។ នៅពេលជម្ងឺរបស់លោកតា Don ប្រែជាធ្ងន់ធ្ងរ និងត្រូវចូលពេទ្យ លោកយាយ Margaret
នៅតែអាចអង្គុយក្បែរគ្រែរបស់ប្ដីជាច្រើនម៉ោង មុននឹងលោកយាយធ្លាក់ខ្លួនឈឺ។
លោកតា Don និងលោកយាយ Margaret កើត និងធំឡើងនៅក្នុងតំបន់ Rowan (រដ្ឋ Carolina
ខាងជើង) និងបានជួបគ្នានៅពេលធ្វើការជាមួយគ្នាក្នុងក្រុមហ៊ុនឱសថមួយ។
កូនស្រីម្នាក់រៀបរាប់ថា ពុករបស់នាងបានស្រឡាញ់ម្ដាយរបស់នាង តាំងពីបានជួបគ្នាជាលើក
ដំបូង ហើយបានប្ដេជ្ញាតាមស្រឡាញ់ ប៉ុន្តែ ទំនាក់ទំនងស្នេហានេះត្រូវបានរារាំងដោយម្ដាយមីង
ដែលចិញ្ចឹម Margaret។ យ៉ាងនេះក្ដី ចុងក្រោយអ្នកទាំងពីរក៏នៅតែបានជួបគ្នា និងរស់នៅជាមួយ
គ្នាអស់រយៈពេល ៥៩ឆ្នាំ មុននឹងទទួលមរណភាពក្នុងថ្ងៃតែមួយ ក្រោយពីពិធីរៀបការមួយដែល
បានធ្វើឡើងកាលពីខែ មិថុនា ឆ្នាំ ១៩៥៧។
វិនាទីលោកតា Don និងលោកយាយ Margaret កាន់ដៃគ្នាមុននឹងលាចាកលោក បានធ្វើឱ្យបុគ្គលិក
ក្នុងមន្ទីរពេទ្យ ក៏ដូចជាសមាជិកគ្រួសារមានការរំជួលចិត្តជាខ្លាំង។ គ្រូពេទ្យមួយចំនួន បានស្រក់
ទឹកភ្នែក នៅចំពោះវិនាទីនេះ៕
ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ Dailymail