(អាមេរិក)៖ ពិតជាមិនធម្មតាមែនស្ត្រីម្នាក់រស់នៅក្នុងរដ្ឋផ្លរីដា ត្រូវបានប៉ូលីសចាប់ខ្លួន បន្ទាប់ពីនាងរងការចោទប្រកាន់ពីប្តីថា ប្រើអំពើហិង្សាលើរូបគេ ខណៈដែលស្ថិតនៅក្នុងផ្ទះ ជាមួយគ្នានៅថ្ងៃកើតនោះ។
តាមហេតុការណ៍ឲ្យដឹងថា Dawn អាយុ៥៥ឆ្នាំ មានការខឹងសម្បារយ៉ាងខ្លាំង នៅពេលបុរសជាប្តីឈ្មោះ Donald Meikle ផោមលើគ្រែខណៈកំពុងដេក ស្រាប់តែប្រពន្ធចិត្តខ្លាំងរូបនេះ ស្ទុះទៅវាយប្តីជាច្រើនដៃតែម្តង ។ រីឯប្តីវិញនៅតែបន្តផោមទៀត ធ្វើឲ្យប្រពន្ធទ្រាំលែងបាន ក៏ច្រានគេធ្លាក់ពីលើគ្រែ។ ពីដំបូង បុរសជាប្តី មិនសូវប្រកាន់ប្រពន្ធខ្លួនទេ ដោយគេយល់ថា នាងខឹងលេងៗ ហើយគេក៏ឡើងគ្រែដេកដូចធម្មតា តែនៅផោមមិនឈប់ ទើបចុងក្រោយ ត្រូវស៊ីកណ្តាប់ដៃប្រពន្ធម្តងទៀត ហើយនាងកាន់តែខឹងខ្លាំងជាងមុន ដោយចាប់ហែកអាវ និងវាយចំកណ្តាលមុខប្តីថែមទៀត។
Donald បានបង្ហាញស្នាមរបួសដល់សមត្ថកិច្ចថា គេមានរបួសស្នាមលើដើមទ្រូង និងអាវរហែកដល់ទៅបីកន្លែង ព្រោះតែត្រូវប្រពន្ធប្រើហិង្សាខាងលើ។ រីឯនាង Dawn ត្រូវប៉ូលីសឃាត់ខ្លួន បន្ទាប់ពីទទួលបានការរាយការណ៍ពីប្តីហើយ នាងសារភាពថា ព្រោះតែខឹងប្តីមិនឈប់ផោមសោះ ទោះបីនាងហាមយ៉ាងណាក្តី ទើបស្ទុះទៅវាយគេបែបនេះ ទីបំផុតស្ត្រីដៃដល់រូបនេះ ក៏ត្រូវបញ្ជូនទៅឃុំឃាំង រង់ចាំតុលាការកាត់ទោស បន្ទាប់ពីជាប់ចោទពីបទបង្ករបួសស្នាម៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី