(ក្រុងឡុងដ៍)៖ ក្រុមកាំភ្លើងធំ Arsenal របស់អង់គ្លេស បានកំពុងតែចរចាទិញកីឡាករខ្សែបម្រើប្រយុទ្ធកណ្តាល Mohamed Elneny របស់ក្លឹប Basel របស់ស្វីស មុនរដូវដោះដូរកីឡាករបើកទ្វារជាផ្លូវការនាខែមករា ឆ្នាំ២០១៦ ខាងមុខនេះ ។
តាមរយៈសារព័ត៌មាន BBC បានឲ្យដឹងថា ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិបារាំង Arsene Wenger បាន កំពុងបើកកិច្ចចរចាលើកដំបូង ទល់នឹងក្លឹបរបស់ស្វីស FC Basel ក្នុងការនាំយក Elneny មកកាន់ទឹកដីកីឡដ្ឋាន Emirates ក្នុងជើងទី២ឆ្នាំក្រោយនេះ ក្រោមតម្លៃទឹកប្រាក់ដែលត្រូវបានគេរាយការណ៍មកថា ៥លានផោន ។
កីឡាករជនជាតិអេហ្ស៊ីប វ័យ២៣ឆ្នាំ Elneny បានមកចូលរួមលេងឲ្យក្លឹប Basel កាលពីឆ្នាំ២០១៣ ជួយឲ្យក្លឹបនៅតំបន់អឺរ៉ុប មួយនេះឈ្នះពាន League របស់ស្វីសបានម្តងដែរ តែមិនបានជួយឲ្យ Basel ឡើងទៅវគ្គចែកពូល ៣២ក្រុមចុងក្រោយ ក្នុង Champions League រដូវកាលឆ្នាំ២០១៥-២០១៦ នេះ ដោយបានធ្លាក់នៅវគ្គជម្រុះ តែ Elneny ជាកីឡាករសំខាន់មួយរូបផងដែរ ដែលបានជួយឲ្យ Basel លេងឈ្នះ Chelsea កាលពី Champions រដូវកាលឆ្នាំ២០១៣-២០១៤ ។
Arsene Wenger បានបង្ហើបប្រាប់ថា ការទិញកីឡាករវ័យក្មេង Elneny គឺដើម្បីយកមកជំនួសកន្លែង Francis Coquelin និង Santi Cazorla ដែលកំពុងតែមានបញ្ហារបួស គ្រាដែលមិត្តរួមក្រុម Aaron Ramsey និង Mikel Arteta បន្តសម្រាកព្យាបាលរយៈពេលយូរទៀត ដោយសាររបួសធ្ងន់ធ្ងរ ៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី