(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Olivier Giroud អាចអវត្តមានពីក្រុមជម្រើសជាតិបារាំង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលត្រូវជួបក្រុមខ្លាំងឥន្រ្ទីដែកអាល្លឺម៉ង់ រាត្រីស្អែកនេះ ដោយសារតែទទួលរងរបួសជង្គង់ខាងឆ្វេង ពេលហ្វឹកហាត់ថ្ងៃអង្គារម្សិលមិញនេះ។
សារព័ត៌មាន Dailymail បានផ្សាយឲ្យដឹងថា កីឡាករមកពីក្លឹបកាំភ្លើង Arsenal ខាងលើនេះ បានចូលស្ទើរតែគ្រប់ការ ប្រកួតរបស់បារាំង ដោយខកខានតែ១ប្រកួតប៉ុណ្ណោះ ពេលម្ចាស់ផ្ទះប្រកួតស្មើ ០-០ ទល់នឹងស្វីសនៅថ្ងៃបញ្ចប់ប្រកួត ជម្រុះសន្សំពិន្ទុក្នុងពូល A នៅ Euro 2016 លើកទី១៥នេះ ដោយរកគ្រាប់ស៊ុតបញ្ចូលទីបាន ៤គ្រាប់ដែរពីការចូល លេងបាន៤ប្រកួត ដោយគ្រាប់ទី១ រកបានពេលប្រកួតឈ្នះរ៉ូម៉ានី ២-១ នៅថ្ងៃបើកឆាក និង ២គ្រាប់ទៀត ពេលមាន់គកបារាំង បំបាក់អ៊ីស្លង់ ៥-២ ក្នុងវគ្គ៨ក្រុម។
តារាវ័យ ២៩ឆ្នាំ Giroud ត្រូវបានគ្រូបង្វឹកបារាំងលោក Didier Deschamps ចាត់ទុកជាខ្សែប្រយុទ្ធដ៏ទុកចិត្តបាន និងដាក់ចូលលេងជំនួសកីឡាករខ្សែប្រយុទ្ធដូចគ្នា Andre-Pierre Gignac និងរង់ចាំចម្លើយចុងក្រោយពីវេជ្ជបណ្ឌិតពី អាការៈរបស់គេ ថាតើអាចចូលបានវិញ ឬយ៉ាងណា?
ងាកទៅមើលក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ ដែលទើបតែបានទម្លាក់អាសូរីអ៊ីតាលី ៦-៥ ដោយបាល់ប៉េណាល់ទីក្នុងវគ្គ៨ក្រុមនោះ ក៏កំពុងជួបបញ្ហាកីឡាកររបួស ៤នាក់ផងដែរ គឺខ្សែប្រយុទ្ធជួរមុខ Mario Gomez រមួលសាច់ដុំ, ខ្សែបម្រើប្រយុទ្ធ Sami Khedira របួសជង្គង់, Bastian Schweinsteiger របួសសាច់ដុំកំភួនជើង និងកីឡាករខ្សែការពារឆ្នើម Mats Hummels របួសជង្គង់។
សូមបញ្ជាក់ផងដែរថា ម្ចាស់ផ្ទះបារាំង ត្រូវប៉ះអាល្លឺម៉ង់ នាម៉ោង ២រំលងអាធ្រាត្រយប់ស្អែកនេះ (ម៉ោងនៅកម្ពុជា) ក្នុងពហុកីឡដ្ឋាន Stade Velodrome ស្ថិតក្នុងទីក្រុង Marseille ក្រោយពេល វ៉េល ប៉ះព័រទុយហ្គាល់ ម៉ោង ២រំលងអាធ្រាត្រយប់នេះ នៅក្នុងទីក្រុង Lyon៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង