ព័ត៌មានជាតិ ៖ អគារខុនដូដែលមានតំលៃប្រមាណ១៣៤លានដុល្លាអាមេរិករបស់ក្រុមហ៊ុនហ្គ្រីដ គ្រុប (ខេមបូដៀ) ខូ., អិលធីដី ដែលជាសមាជិកនៃក្រុមហ៊ុន ហ្គ្រីដ គ្រុប ជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យដែល មានមូលដ្ឋាននៅប្រទេសជប៉ុន តាមរយៈគម្រោង បូដៃជូ រេស៊ីដេន បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការនិងការតាំង បង្ហាញគំរោងសាងសង់អគារស្នាក់នៅកាលពីព្រឹកថ្ងៃទី២២សីហាឆ្នាំ២០១៥ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រីអ៊ឹមឈុនលឹមរដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និង សំណង់និងលោក តូហ្ស៊ីហ៊ីកូ ម៉ូណូយូស្ស៊ី ស្ថាបនិក និងនាយកគ្រប់គ្រងក្រុមហ៊ុហ្គ្រីដ គ្រុប។
លោក តូហ្ស៊ីហ៊ីកូ ម៉ូណូយូស្ស៊ី បានមានប្រសាសន៍ថាអគារខុនដូដែល សាងសង់នេះមាន ចំនួន ៩២៨ យូនីត ដែលមានទីតាំងនៅមុខប្រលានយន្តហោះអន្តរជាតិភ្នំពេញដែលស្ថិតនៅ ខាងក្រោយផ្សារទំនើប ឡាអិន ម៉ល ដោយចំណាយទុនវិនិយោគប្រមាណ ១៣៤ លានដុល្លារអាមេរិក។ លោកបានបន្តថាតាមគម្រោងយើង នឹង បញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៨ខាងមុខ នេះ។ លោកបានបន្តថា ប៉ុន្តែនៅក្នុងដំណាក់ទី១ក្នុងការសង់អគារខុនដូនេះអគារចំនួន២ និងមានលំនៅដ្ឋាន៣៧២យូនីតគ្រោងនឹងបញ្ចប់សាងសង់នៅចុងឆ្នាំ២០១៧ ដែលមានអាងហែលទឹកសួនច្បារកន្លែងហាត់ប្រាណកន្លែងអាំងសាច់ផ្សារ ទំនើបខ្នាតតូចហាងការហ្វេសួនកុមារជាដើម។លោកបានបន្ថែមទៀតថា ចំពោះតំលៃវិញគឺចាប់ពីតំលៃ១០ម៉ឺនដុល្លាឡើងទៅ។ គួរបញ្ជាក់ ឧត្តមភាពនៃការប្រកួតប្រជែង ខុនដូ បូដៃជូ រ៉េស៊ីដេន មានដូចជា ការផ្តល់ហិរញ្ញប្បទាន អាចបានរហូតដល់ទៅ ៩០ភាគរយ នៃតម្លៃលំនៅស្ថាន ដែលផ្តល់អោយដោយ គ្រឹះសា្ថនមីក្រូ ហិរញ្ញវត្ថុ អូរ៉ូ ហ្វាយនែនប ភីអិលស៊ី (ដែលជាសមាជិក នៃក្រុមហ៊ុន ហ្គ្រីដ គ្រុប ) ក្នុងនោះ នឹងមាន ការផ្តល់ ជូន ជាពិសេស ជាមួយនឹងតម្លៃការប្រាក់ ចាប់ផ្តើមត្រឹមតែ ៥ ភាគរយ ក្នុងមួយឆ្នាំតែប៉ុណ្ណោះ ។ មិនត្រឹមតែ ប៉ុណ្ណោះ រយៈពេលយូរបានរហូតដល់ទៅ ១០ ឆ្នាំ។
លោក បានឲ្យដឹងទៀតថា គំរោងអភិវឌ្ឍន៍នេះមានគោលបំណងបង្កើតរបៀបរស់នៅប្រកបដោយផាសុកភាព ក៏ដូចជាផ្តល់ទីតាំងដែលបង្កលក្ខណៈងាយស្រួលបំផុតសំរាប់វិនិយោគិននិង អ្នកស្នាក់នៅទាំងក្នុងស្រុកនិងបរទេស។ គំរោងនេះផ្តល់តំលៃប្រកួតប្រជែងនិងសមរម្យបំផុតសំរាប់អតិថិជន។
លោក បានបញ្ជាក់ថា ទំហំវិនិយោគរបស់ក្រុមហ៊ុនហ្គ្រីដ គ្រុប មានជាង៥ពាន់លានដុល្លាអាមេរិកហើយបច្ចុប្បន្ននេះក្រុមហ៊ុន កំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសចំនួន៨នៅតំបន់អាស៊ីរួមមាន ជប៉ុន,សឹង្ហបុរី,ម៉ាឡេស៊ី,មីយ៉ានម៉ា,វៀតណាម,បង់ក្លាដេស, កម្ពុជានិងឥណ្ឌូណេស៊ី។
ថ្លែង ក្នុងឱកាសពិធីបញ្ចុះបឋមសិលាសង់អគារខុនដូនាឱកាសនោះលោក ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់បាននិយាយថា នេះគឺជាការអភិវឌ្ឍន៍លំនៅដ្ឋានលើកដំបូងរបស់ក្រុមហ៊ុនមកពីប្រទេស ជប៉ុនដែលមានអគារស្នាក់នៅចំនួន៩២៨យូនីតសាងសង់លើផ្ទៃដីដ៏ធំ ទូលាយ២ម៉ឺន៣ពាន់ម៉ែត្រក្រឡារំលេចទៅដោយសួនច្បារនិងរក្សាស្រឡះ ល្អដើម្បីផ្តល់នូវបរិស្ថានរស់នៅក្នុងទស្សនទាន “ការរស់នៅក្នុងសួនឧទ្យានបៃតង” ជាលំហមួយសំរាប់អ្នករស់នៅក្នុងអគារស្នាក់នៅទីនេះអាចប្រាស្រ័យ ទាក់ទងជាមិត្តភាពជាមួយគ្នាបាន។
លោក ទេសរដ្ឋមន្ត្រីបានបន្តថា “ក្នុងនាមក្រសួងខ្ញុំសូមអបអរសាទរណាស់ដល់ក្រុមហ៊ុនមកពីប្រទេស អភិវឌ្ឍន៍ធំៗនៅលើសកលលោកកាន់តែច្រើនមានការចាប់អារម្មណ៍និងចូលរួម វិនិយោគលើវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាដូចជាមកពីប្រទេសជប៉ុន, ចិន,កូរ៉េ,សឹង្ហបុរីនិងអង់គ្លេសជាដើមដែលក្រុមហ៊ុនទាំងនេះមិន ត្រឹមតែរួមចំណែកបង្កើតការងារធ្វើប៉ុណ្ណោះទេតែថែមទាំងនាំមកជាមួយ ការវិនិយោគនូវគុណភាពការងារចំណេះដឹងនិងចំណេះធ្វើជាតំលៃបន្ថែមដល់ វិស័យស្ថាបត្យកម្មវិស្វកម្ម អចលនទ្រព្យនិងសេដ្ឋកិច្ចកម្ពុជា”។
លោក ទេសរដ្ឋមន្ត្រីអ៊ឹមឈុនលឹមបានបញ្ជាក់ថា “ប្រការនេះក៏បានឆ្លុះបញ្ចាំងនូវជំនឿជឿជាក់របស់អ្នកវិនិយោគមកលើ ស្ថានភាពនយោបាយសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជាគឺកំណើនសេដ្ឋកិច្ច ខ្ពស់ក្នុងរយៈពេលវែង”៕