(ព្រះសីហនុ)៖ ក្មេងស្រី២នាក់ជាសិស្សសាលាបានជិះម៉ូតូឌុបគ្នានៅតាមផ្លូវ ហើយបត់មិនមើលមុខមើលក្រោយ ត្រូវរថយន្តម៉ាកអេស្កាឡែតស៊េរីទំនើបមួយគ្រឿង បើកមកដល់ចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងបណ្ដាលអោយប៉ើងទាំងម៉ូតូទាំងមនុស្ស ធ្លាក់ចិញ្ចើមផ្លូវស្លាប់ម្នាក់និងរងរបួសម្នាក់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្បែរច្រកចូលតំបន់សេដ្ឋកិច្ចពិសេស ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
អត្តសញ្ញាណសពនិងក្មេងស្រីរងគ្រោះ និងជនបង្កជាអ្នកបើកបររថយន្ត មិនទាន់ត្រូវបានគេស្គាល់នៅឡើយទេ គេគ្រាន់តែដឹងថាភាគីក្មេងស្រីរងគ្រោះមានអាយុខ្ទង់ជាង ១០ឆ្នាំ ជាសិស្សសាលាជិះម៉ូតូម៉ាកស្កុបពីមួយគ្រឿងពណ៌ស។ ចំណែកភាគីបង្កភេទប្រុស ក្រោយបង្កហើយបានរត់គេចខ្លួនបាត់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុ គេឃើញក្មេងស្រីខាងលើជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីក្រុងព្រះសីហនុ ឆ្ពោះមកទិសខាងកើត។ លុះមកដល់ចំណុចកើតហេតុស្រាប់តែក្មេងស្រីខាងលើបត់ម៉ូតូឆ្លងផ្លូវ ទំនងត្រឡប់ក្រោយវិញក៏ត្រូវរថយន្តអេស្កាឡែតពណ៌ខ្មៅ បើកក្នុងល្បឿនលឿន មកដល់ក៏បុកពេញមួយទំហឹងបណ្ដាលឲ្យម៉ូតូ និងមនុស្សប៉ើងធ្លាក់ទៅក្នុងប្រឡាយបង្ហូរទឹក នៅអមសងខាងផ្លូវស្លាប់ម្នាក់របួសម្នាក់តែម្ដងទៅ។
បច្ចុប្បន្នសមត្ថកិច្ចបានចុះទៅវាស់វែង និងដឹកជញ្ជូនម៉ូតូ និងរថយន្តបង្កយកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយបន្ត៕
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី