(ភ្នំពេញ)៖ អំឡុងពេលប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានការចុះផ្សាយ ពីរឿងធ្លាក់ខ្លួនក្រ រហូតក្លាយជាកម្មករសំណង ពីសំណាក់អតីតកីឡាករ និងតារាសម្តែងលោក ជៀស ស្រួច មកនោះ ត្រូវបានគេកត់សម្គាល់ឃើញថា មានទស្សនិកជនជាច្រើន បានសម្តែងការអាណិតអាសូរ ដល់លោក ដោយមានអ្នកខ្លះបានចំណាយថវិកា ជួយឧបត្ថម្ភ ដល់អតីតតារាសម្ដែងរូបនេះផងដែរ។ មិនតែប៉ុណ្ណោះក៏មានសិល្បករ-សិល្បការិនីខ្មែរជាច្រើន បានស្វះស្វែងស្កាត់ ទៅជួបលោក ជៀស ស្រួច ដើម្បីនាំយកថវិកាឧបត្ថម្ភ ជួយសម្រាលការលំបាក ខណៈដែលបច្ចុប្បន្នកំពុងស្នាក់នៅផ្ទះ លោក អេ ភូថង។
ជាក់ស្ដែងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦កន្លងមកនេះ មានតារាប្រុស-ស្រីចំនួន២រូប គឺលោក ខេមរៈ សិរីមន្ត និងអ្នកនាង យុគ ចិន្តា បាននាំយកថវិកា មួយចំនួន ទៅឧបត្ថម្ភជួយដល់លោក ជៀស ស្រួច ដោយលោក ខេមរៈ សិរីមន្ត ថវិកាចំនួន៥០០ដុល្លារ។ រីឯអ្នកនាង យុគ ចិន្តា ចំនួន២៨០ដុល្លារ និង២១ម៉ឺនរៀល ប៉ុន្តែនៅថ្ងៃទី២៧ ខែកក្កដា ម្សិលមិញតារាសម្តែងស្រីល្បីឈ្មោះ និយមស្លៀកពាក់សិចស៊ី កញ្ញា វ៉ាង ស្រីណូ ក៏បានស្កាត់ទៅជួបលោក ជៀស ស្រួច ព្រមទាំងផ្តល់ថវិកាចំនួន២០០ដុល្លារ ជួយដល់លោកទៀតផង។
បង្ហោះភ្ជាប់ជាមួយរូបភាព ៣ឬ៤សន្លឹក ឈរថតជាមួយអតីតកីឡាករ លោក ជៀស ស្រួច កញ្ញា វ៉ាង ស្រីណូ បានលើកឡើងថា« ខ្ញុំបាននាំយកថវិកាផ្ទាល់ខ្លួន របស់ខ្ញុំ ចំនួន២០០ដុល្លារ ទៅជូនបងប្រុស ជៀស ស្រួច អតីតអ្នកប្រដាល់ដ៏ល្បីប្រចាំប្រទេសយើង ហើយខ្ញុំបានប្រាប់គាត់ថា ស៊ូឡើងបងប្រុស។ ជូតទឹកភ្នែករបស់បង រួចបន្តដំណើរទៅមុខទៀត»។
សូមបញ្ជាក់ថា អតីតកីឡាករ និងជាតារាសម្តែងក្នុងខ្សែភាពយន្តរឿង បេះដូងអ្នកប្រដាល់ លោក ជៀស ស្រួច បានបាត់មុខពីវិស័យកីឡារ និងសិល្បៈអស់រយៈពេល ប្រមាណ១២ មកហើយបន្ទាប់ពីរៀបការប្រពន្ធ ជាតារាសម្តែងរូបស្រស់នាង សាត រស្មី ។ ប៉ុន្តែក្រោយពីរស់នៅ សាងភមង្គលជាប្តីប្រពន្ធជាមួយគ្នា បានរយៈពេល២ខែ ក៏បានបែកគ្នាវិញ ក្រោមហេតុផងថា ខាងស្រីផិតក្បត់លួចលាក់ស្នេហ៍ ជាមួយកូប្រុសលោកឧកញ៉ាម្នាក់ រហូតធ្វើឲ្យលោក ជៀស ស្រួច ឈឺចាប់ និងធ្លាក់ខ្លួនក្លាយជាកម្មករសំណង់បែបនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង