(ភ្នំពេញ)៖ អ្នកគ្រូ សឹន សាម៉ាដឹកឆូ សាស្ត្រាសិល្បៈផ្នែករបាំល្ខោនខោល និងរបាំបុរាណ ដែលមហាជនភាគច្រើន មិនសូវបានស្គាល់នឹងតែងមើលរំលង បច្ចុប្បន្ន អ្នកស្រីបានធ្លាក់ខ្លួនឈឺដេកដួល នៅលើកន្ទេលមិនអាចបន្តអាជីព បង្រាត់បង្រៀនដល់យុវជនជំនាន់ក្រោយ បានទៀតឡើត ខណៈវ័យរបស់គាត់ ក៏កាន់តែចាស់ទ្រុធទ្រោម ផងនោះ។
នៅលើ Page សិល្បករកម្ពុជា ដែលកាន់ដោយតារាប្រុសលោក អ៉ឺម ជីវ៉ា បានសរសេរបង្ហោះភ្ជាប់ជាមួយរូបភាពអ្នកគ្រូ សឹន សាម៉ាដឹកឆូ កាលពីព្រឹកមិញនេះថា «បើនិយាយពីរបាំល្ខោនខោល និងរបាំបុរាណវិញ តើមានអ្នកសិល្បៈ និងមនុស្សប៉ុន្មាននាក់ ដែលបានស្គាល់ និងមើលឃើញគ្រូសាស្ត្រាសិល្បៈម្នាក់នេះ គឺអ្នកគ្រូ សឹន សាម៉ាដឹកឆូ ? »។
Page ខាងលើនេះ បានបញ្ជាក់ថា «មួយជីវិតរបស់គាត់ គឺបានជួយបង្ហាតបង្ហាញទាំង របាំល្ខោនខោល របាំបុរាណ របាំប្រជាប្រិយជាច្រើន ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយជាច្រើន បានចេះដឹងអំពីរបាំប្រពៃណីវប្បធម៌ខ្មែរ ក្នុងន័យជួយលើកស្ទួយ ថែរក្សារនិងអភិរក្សវិស័យវប្បធម៌ខ្មែរ ឲ្យគង់វង្សក្នុងនាមជាខ្មែរ ។ អ្នកគ្រូ ដឹកឆូ គឺជាសាស្ត្រាចារ្យសិល្បៈ និងជាសិល្បៈមរតកមនុស្សរស់មួយរូប ដែលបូជាកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលារ ដើម្បីសិល្បៈខ្មែរ តែនៅពេលនេះ របាំល្ខោនខោលដែលអ្នកគ្រូ ខំហាត់រៀនជិត៧០ឆ្នាំមកនេះ បែរជិតក្លាយជាល្ខោនខោលបរទេស ទៅវិញ !»។
តាមរយៈ Page សិល្បករកម្ពុជា របស់លោក អ៉ឹម ជីវ៉ា ដដែលនេះបានបន្ថែមថា «ស្តាយណាស់នៅពេលនេះ ដែលអ្នកគ្រូ ដឹកឆូ ធ្លាក់ខ្លួនឈឺ ហើយអ្នកគ្រូក៏មិនអាចបន្តបង្ហាត់ ល្ខោនខោល និងរបាំបុរាណបានទៀតហើយ ដោយសារតែជំងឺរួមផ្សំ ជាមួយវ័យកាន់តែចាស់ជរា។ ត្រង់ចំណុចនេះ តើអ្នកគ្រូ ដឹកឆូ បានអីមកវិញ នៅពេលដែលចាស់ ហើយធ្លាក់ខ្លួនឈឺ ក្នុងនាមអ្នកគ្រូ គឺជាសិល្បៈមរតកមនុស្សរស់ ? ព្រោះកន្លងមកតែងតែឮថា ត្រូវថែរក្សារមរតកមនុស្សរស់ ចុះពេលមរតកមនុស្សរស់ចាស់ ធ្លាក់ខ្លួនឈឺ តើអ្នកណាអាចជួយគាត់បាន?? »៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង