CamNews

ព័ត៌មានជាតិ 

ម៉ូតូ ៩ គ្រឿង អាវុធហត្ថរាជធានីភ្នំពេញ អំពាវនាវឲ្យម្ចាស់ម៉ូតូ ទៅយកវិញ ក្រោយដកហូតពីក្រុមចោរ

(ភ្នំពេញ)៖ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ បានអំពាវនាវដល់ជនរងគ្រោះត្រូវ ចោរលួច ឬ ប្លន់ម៉ូតូនាពេលកន្លងមកយកឯកសារទៅផ្ទៀងផ្ទាត់យកម៉ូតូរបស់ខ្លួនវិញ បន្ទាប់ពីម៉ូតូចំនួន ៩គ្រឿង ត្រូវបានរឹបអូសពីក្រុម ចោរក្រោយពេលបង្រ្កាប។

ម៉ូតូទាំង ៩គ្រឿង ដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញ រឹបអូសពីក្រុមចោរ និងអំពាវនាវរកម្ចាស់នេះ រួមមាន៖

១- ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-3139
២- ម៉ូតូម៉ាកវេវចិន ពណ៌ក្រហម គ្មានស្លាកលេខ
៣- ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1AC-0155
៤- ម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ក្រហម-ស គ្មានស្លាកលេខ
៥- ម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB-6693
៦- ម៉ូតូម៉ាកហុងដា សេ១២៥ ចិន ពាក់ស្លាកលេខ 1AB-7860
៧- ម៉ូតូម៉ាកហុងដា សេ១០០ កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ
៨- ម៉ូតូម៉ាកគុបជ្រុង៥០ ពណ៌ខៀវ ពាក់ស្លាកលេខ 1ម-2399 ភព1
៩- ម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ

យោងតាមមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ម៉ូតូដែលអំពាវនាវឲ្យ ប្រជាពលរដ្ឋទៅ ពិនិត្យផ្ទៀងផ្ទាត់យកត្រលប់ទៅ វិញនេះ គឺដកហូតបានពីមេខ្លោងក្រុមចោរលួចប្លន់ម្នាក់ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្ទះជួលបន្ទប់លេខ២៥ តាមផ្លូវលំ ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ការឃាត់ខ្លួនមេក្លោងមួយរូបនេះ ធ្វើឡើងតាមរយៈការចង្អុលបង្ហាញរបស់បក្ខពួករបស់ចោរ ៦នាក់ ដែលអាវុធហត្ថ ខណ្ឌពោធិ៍សែន ជ័យ ឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីដើមខែធ្នូ ឆ្នាំ២០១៥។

តាមចំលើយសារភាពរបស់មេខ្លោងម្នាក់នេះ មានឈ្មោះថា យ៉ាន រស្មី ហៅ ណុយ អាយុ ៣៣ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារ (ម១) ចំនួន ៦ខែ ពីបទលួចកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ ហើយចេញវិញក្នុងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤។

មុនពេលជាប់គុកមេខ្លោងម្នាក់នេះ មាន ឈ្មោះថា គឿន ណុយ ក្រោយពេលចេញពីគុក ក៏ប្តូរឈ្មោះមកជា យ៉ាន រស្មី ហើយប្រមែប្រ មូលបក្ខពួកទាំងចាស់ទាំងថ្មី ដើរលួច ប្លន់ គ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ រីឯទ្រព្យសម្បត្តិ ដែលលួចប្លន់បាននោះ គឺមេខ្លោងម្នាក់នេះ យកមកដោះដូរ កែច្នៃ រួចទើបយកទៅលក់។ មិនត្រឹមតែប៉ុណ្ណោះ មេខ្លោងរូបនេះ ថែមទាំងទទួលទិញផលចោរកម្ម ពីក្រុមចោរលួច ឆក់ ប្លន់គ្រប់ប្រភេទ ដើម្បីយកទៅលក់បន្ត។

មេខ្លោងម្នាក់នេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះផងដែរ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh