CamNews

តន្រ្តី 

«សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម» គាំ​ទ្រ​ចំណាត់​ការ​របស់​សម្ដេច​តេជោ ហ៊ុនសែនដក​មុខ​តំណែង

(ភ្នំពេញ)៖ «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» ដែលមានតារាសម្ដែង ចន ច័ន្ទលក្ខិណា ជាប្រធាន បានសម្រេចសរសេរសារ ក្នុង Page Facebook របស់ខ្លួននៅថ្ងៃនេះ គាំទ្រទាំងស្រុងនូវចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលសម្ដេចបានប្រើកណ្ដាប់ដៃដែក ដកមុខតំណែងលោក​ឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា ​អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បន្ទាប់ពីមន្រ្តីពាក់ផ្កាយ៣ បានប្រើអំណាចរបស់ខ្លួន អន្តរាគមន៍ដើម្បីដកមន្រ្តីន​គរបាលចរាចណ៍ម្នាក់បញ្ឈរជើង ពេលដែលមន្រ្តីនគរបាលរូបនោះ បានផាកពិន័យរថយន្ត​របស់លោកផ្កាយ៣ ដែលបើកមិនគោរពភ្លើងស្ដុប។

Facebook Page របស់សមាគម «សមាគមមិត្តសិល្បៈស្ម័គ្រ​ចិត្តជួយសង្គម» បានសរសេរថា «សមាគមមិត្តសិល្បៈស្ម័គ្រ​ចិត្តជួយសង្គម សូមគាំទ្រចំណាត់ការ​របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានព្រមាន ដកមន្រ្តីផ្កាយបី ដែលបានដកបញ្ឈរជើង មន្រ្តីប៉ូលីសចរាចរម្នាក់នេះ។ សមាគមសំណូមពរ សម្តេចតេជោ ជួយដុះក្អែល​មន្រ្តី ដែលអាង​អំណាច​ទាំងអស់នោះ ដើម្បីផ្តល់យុត្តិធម៌​ជូនប្រជារាស្រ្តយើង»។

​សូមបញ្ជាថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង លោកឧត្តមសេ​នីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍។ នេះបើយោងតាមអនុក្រឹត្យ របស់សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិច នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។ អនុក្រឹត្យនោះ​ក៏បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ត្រូវឲ្យចូលបម្រើការងារ​ នៅក្រសួងមហាផ្ទៃវិញ។

​ការសម្រេចដកតួនាទី ឧត្តមសេនីយ៍ផ្កាយ៣មួយរូបនោះ ធ្វើឡើងបន្ទាប់មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ បានសុំកិច្ចអន្ដរាគមន៍ពីសម្ដេចក្រឡា​ហោម ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយសារតែអង្គភាពរបស់ខ្លួនដកបញ្ឈជើង ក្រោយពីមន្ដ្រីនគរបាលចរាចរណ៍រូបនេះ បានផាកពិន័យរថយន្ដ ដែលបើកបរមិនគោរពភ្លើងសញ្ញា ប៉ះចំរថយន្ដលោឧត្តមសេនីយ៍​ពាក់ផ្កាយ៣ម្នាក់ ដែលត្រូវគេទម្លាយថា គឺលោក ម៉ម ស្រ៊ីមវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ នេះបើយោងតាមគណនី​ Facebook មួយឈ្មោះ សុវណ្ណ រីហ្គេន ដែលបានបង្ហោះនៅ​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ។

ក្នុងគណនី Facebook នោះបានបញ្ជាក់ថា «ខ្ញុំបាទឈ្មោះ សូត្រ កញ្ញា អត្តលេខ៦៧៩៦៨ ជាមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខ្ញុំបានឃាត់ឡានមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AA-9562 ដែលបើកបរមិនគោរពភ្លើងសញ្ញា ហើយថែមទាំងមិនទទួលខុសត្រូវ និយាយមិនសមរម្យ មកលើខ្ញុំបាទ ដោយបាននិយាយប្រាប់ខ្ញុំថា ខ្លួនជាឧត្តមសេនីយ៍ហែ្អងអត់ស្គាល់អញទេ ឥឡូវខ្ញុំត្រូវបានអង្គភាពដកបញ្ឈរជើង»។

ឆ្លើយតបការចង់បាន និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ ទីបំផុតនៅវេលាម៉ោង៤រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ មន្រ្តីនគរបាលពាក់ផ្កាយ៣ គឺលោក ម៉ម ស្រ៊ីមវណ្ណា និងមន្រ្តីនគរបាលចរាចរណ៍ពាក់ស័ក្តិ១ នឹងជួបមុខគ្នាដើម្បីធ្វើការសម្របសម្រួល ព្រមទាំងការស្វែងយល់ចិត្តគ្នាទៅវិញទៅមក ចំពោះកងកម្លាំងប្រដាប់អាវុធនៅអង្គភាពផ្សេងគ្នា៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Ent news