CamNews

ព័ត៌មានជាតិ 

មេអាវុធហត្ថ ច្រានចោលការរិះគន់របស់មហាជនដែលថា អាវុធរបស់​ចោរប្លន់​យកចេញពី​ក្រសួង​ការពារជាតិ

(ភ្នំពេញ)៖ ឧត្តមសេនីយទោ ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃ បានប្រតិកម្មច្រានចោលទៅនឹងការលើកឡើងរបស់មហាជនមួយចំនួន ដែលថាអាវុធដែលក្រុមចោរ​ប្លន់ប្រើប្រាស់កន្លង​មកគឺមានការទិញ-លក់ ចេញពីឃ្លាំងក្រសួងការពារជាតិ។

លោក ហុង វិណុល បានបង្ហាញប្រតិកម្មបែបនេះ នៅក្នុងអង្គសន្និសិទ្ធសារព័ត៌មានមួយ ក្រោយកិច្ចប្រជុំស្តីពីកិច្ចសហការអនុវត្តច្បាប់រវាងតុលាការ អយ្យការ និងនគរបាលយុត្តិធម៌ ក្នុងការងារពង្រឹង​សន្តិសុខសាធារណៈ បង្ការនិងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ នាព្រឹកថ្ងៃទី២២ ខែធ្នូនៅទីស្តីក្រសួងយុត្តិធម៌ ។

លោកថាតាមចំលើយជាច្រើនដែលក្រុមចោរប្លន់ប្រដាប់អាវុធ បានសារភាពកន្លងមក គឺមិនបានប្រើប្រាស់អាចអាវុធចេញពីឃ្លាំងរបស់ក្រសួងការពារជាតិទេ ពោលគឺភាគច្រើនអាវុធ​ដែលក្រុមចោរប្លន់​ ប្រើប្រាសនោះគឺភាគច្រើនបានមកពីមិត្តភាពគូកនរបស់គេ  បានមកពីក្រុមចោរបានបន្សល់លួចទៅលាក់ទុក និងបានមកពីលួចទិញពីបក្សពួករបស់គេជាដើម។

បើតាមឧត្តមសេនីយឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ  នៅក្នុងឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌ ដែលនគរបាលចាប់ឃាត់បញ្ជូន​ទៅតុលាការរួម​មានអំពើ​លួចមាន១០៣៨ករណី អំពើឆក់មាន៩ករណី អំពើប្លន់២០០ករណី និងបទល្មើសគ្រឿងញៀនចំនួន៤៣០ករណី។ ក្នុងចំនួនបទល្មើសនោះ បើប្រៀបធៀបនឹងឆ្នាំ២០១៤ គឺបានបទល្មើសលួច ឆក់ ប្លន់ បានថយចុះ១៤%៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh