(ភ្នំពេញ)៖ លោក Fandi Ahmed គ្រូជំនួយក្រុមជម្រើសជាតិសិង្ហបុរី បានថ្លែងកោតសរសើរពីទម្រង់លេងរបស់ក្រុមជម្រើសជាតិកម្ពុជា ប៉ុន្ដែក៏មិនបន្ទោសកូនក្រុមខ្លួន ទោះបីចាញ់ជំនួបមិត្តអន្ដរជាតិយប់មិញ ២-១ នៅលើទឹកដីកម្ពុជាក៏ដោយ ។ ប៉ុន្ដែអ្វីដែលលោកមិនអស់ចិត្តនោះ គឺគ្រាប់ទី២ ដែលរកបានដោយខ្សែបម្រើកម្ពុជា ទិត្យ ឌីណា កាលពីយប់មិញ ដោយគិតថាជាបាល់ Off-Side ។
គ្រូជំនួយរូបនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតថា ក្រុមលោកមិនពេញចិត្ត ចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលឡើយ ដោយសារគ្រាប់បាល់ជ័យជម្នះទី២ របស់កម្ពុជា គឺមិនគួរកើតឡើងទាល់តែសោះ ព្រោះជាបាល់ Off-Side ប៉ុន្ដែអាជ្ញាកណ្ដាល បែរបណ្ដោយការប្រកួតធម្មតាទៅវិញ ។
លោកនិយាយថា «ក្រុមរបស់ខ្ញុំទាំងមូល គឺសង្ស័យជាមួយគ្រាប់បាល់ទី២ ដែលកីឡាករកម្ពុជាស៊ុតចូល ។ ខ្ញុំគិតថា ជាបាល់ Off-Side ព្រោះពេលនោះ ខ្ញុំមានជំហរនៅទីនោះផ្ទាល់តែម្ដង ។ ប៉ុន្ដែនេះជាបាល់ទាត់ តែងតែមានការកើតឡើយ ដូច្នេះខ្ញុំគិតថា ថ្ងៃនេះក្រុមខ្ញុំគ្មានសំណាង គឺធ្វើមិនបានល្អនោះទេ» ។
យ៉ាងណាមិញលោកបានសរសេរពីកីឡាករកម្ពុជា ដែលមានឱកាសតិចតែធ្វើបានល្អ ទោះបីឱកាសគ្រប់គ្រងបាល់មានតិចក៏ដោយ។ លោកថា ក្រុមលោកប្រើធនធានកីឡាករវ័យក្មេងច្រើន ដូច្នេះនេះគឺជាបទពិសោធន៍ថ្មីមួយ សម្រាប់ពួកគេ ដើម្បីពង្រឹងសមត្ថភាពត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup 2016 នាចុងឆ្នាំនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង