CamNews

ជីវិតរស់នៅ 

មិននឹកស្មានថា គេងច្រើន ក៏គ្រោះថ្នាក់ដល់សុខភាពដែរ!!!

ការគេងច្រើនលើសកំណត់ ប្រៀបបីដូចជាសុបិនដ៏វែងឆ្ងាយអញ្ចឹង នៅពេលដេកលក់គឺប្រើពេលអស់កន្លះយប់ទៅហើយ។ ប៉ុន្ដែជាក់ស្ដែងគឺថា មនុស្សមួយចំនួននៅតែ គេងច្រើនជ្រុល។ ទោះបីជាមិនមានទ្រឹស្ដីណែនាំថា ការគេងរយៈពេលប៉ុនណាសមស្របក៏ដោយ ប៉ុន្ដែគេជឿថា មនុស្សពេញវ័យភាគច្រើនត្រូវគេងឱ្យបាន ៧ ទៅ ៨ម៉ោងក្នុងមួយយប់។ ប៉ុន្ដែទោះជាយ៉ាងណា យកទម្លាប់តាមមនុស្ស ដែលត្រូវការគេងច្រើនជាង ៩ ម៉ោង ដើម្បីឱ្យរាងកាយរបស់ខ្លួនបំពេញមុខងារបានប្រក្រតី វាជារឿងមិនល្អនោះទេ។ ខាងក្រោមនេះ គឺជាបញ្ហាសុខភាពមួយចំនួន ដែលមានទំនាក់ទំនងនឹងការគេងច្រើនជ្រុល៖



គ្រោះថ្នាក់ នៃការធ្លាក់ទឹកចិត្ដ៖ ការសិក្សាស្រាវជ្រាវមួយធ្វើឡើងចំពោះកូនភ្លោះពេញវ័យកាលពីឆ្នាំ ២០១៤ បានជួយឱ្យក្រុមអ្នកស្រាវជ្រាវរកឃើញថា ការគេងក្នុងរយៈពេលមួយដ៏យូរអាចបង្កើនគ្រោះថ្នាក់នៃអាការៈធ្លាក់ទឹកចិត្ដ។ អ្នកចូលរួមក្នុងការសិក្សាស្រាវជ្រាវ ដែលគេងចន្លោះ ៧ និង ៩ម៉ោងនៅពេលយប់ បានបង្ហាញឱ្យឃើញអត្រាអាចកើតអាការៈធ្លាក់ទឹកចិត្ដក្នុងកម្រិត ២៧% ខណៈពេលអ្នកចូលរួម ដែលគេងច្រើនជាង ៩ម៉ោងប្រឈមនឹងអត្រានៃអាការៈធ្លាក់ទឹកចិត្ដ ក្នុងកម្រិត ៤៩%។

ធ្វើឱ្យចុះខ្សោយខួរក្បាល៖ ការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ ២០១២ ធ្វើឡើងទៅលើស្រ្ដីវ័យចំណាស់បានបង្ហាញឱ្យដឹងថា ការគេងច្រើនជ្រុលអាចធ្វើឱ្យស្មុគស្មាញនូវមុខងារនៃខួរក្បាលក្នុងរយៈពេល ៦ឆ្នាំបន្ទាប់។ ស្រ្ដី ដែលគេង ច្រើនជាង ៩ម៉ោងជាទៀងទាត់ មានការប្រែប្រួលនៅក្នុងខួរក្បាលរបស់ពួកគាត់ ដែលស្មើនឹងការចាស់មុនអាយុពីរឆ្នាំ។

បញ្ហាមានគភ៌៖ អ្នកសិក្សាស្រាវជ្រាវសញ្ជាតិកូរ៉េមួយក្រុម បានធ្វើការវិភាគទៅលើទម្លាប់គេងនៃស្រ្ដី ៦៥០នាក់ ដែលទទួលធ្វើឱ្យមានគភ៌តាមបែបវិទ្យាសាស្រ្ដ(Virto fertilization)។ ក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញថា ស្រ្ដីដែលគេងរយៈពេល ៧ ទៅ ៨ម៉ោងក្នុងមួយយប់មានអត្រាមានគភ៌ខ្ពស់ជាងស្រ្ដី ដែលគេងរយៈពេល ៩ ទៅ ១១ម៉ោង។

គ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែម៖ ការសិក្សាស្រាវជ្រាវមួយពីរដ្ឋធានី Quebec ប្រទេសកាណាដា បានរកឃើញថា មនុស្ស ដែលគេងច្រើន​ជាង ៨ម៉ោងទំនងជាប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ទ្វេដង ឬ ធ្វើឱ្យជាតិគ្លុយកូសនៅក្នុងឈាមប្រែប្រួលខុសប្រក្រតី ក្នុងរយៈពេល ៦ឆ្នាំ។ ម្យ៉ាងទៀត មនុស្សដែលគេងចន្លោះ ៧ និង ៨ម៉ោងពេលយប់មិនបង្ហាញឱ្យឃើញសញ្ញាគ្រោះថ្នាក់នៃការកើតជំងឺទឹកនោមផ្អែមនោះទេ។



បង្កគ្រោះថ្នាក់ដល់សុខភាពបេះដូង៖ ការសិក្សាស្រាវជ្រាវមួយ ដែលត្រូវបានធ្វើបទបង្ហាញនៅក្នុងអង្គប្រជុំនៃមហាវិទ្យាល័យផ្នែកជំងឺបេះដូងអាមេរិកកាលពីឆ្នាំ ២០១២បានបង្ហាញឱ្យឃើញថា ការគេង ៨ម៉ោង ឬច្រើនជាង ៨ម៉ោងជារៀងរាល់យប់ អាចបណ្ដាលឱ្យកើនឡើងគ្រោះថ្នាក់នៃជំងឺបេះដូង។ នៅក្នុងការសិក្សាស្រាវជ្រាវនេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការវិភាគទិន្នន័យពីមនុស្សជាង ៣០០០នាក់។ លទ្ធផលនៃការវិភាគបានរកឃើញថា មនុស្សដែលគេងច្រើនម៉ោងមានការប្រឈមទ្វេដងចំពោះគ្រោះថ្នាក់នៃជំងឺខ្វះឈាមទៅចិញ្ចឹមបេះដូង និងប្រឈមក្នុងអត្រា ១,១ ដងនឹងជំងឺសរសៃឈាម និងបេះដូង៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ onlymyhealth