(ជប៉ុន)៖ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ដោយចោទពីបទចោរកម្ម បន្ទាប់ពីលួចកាបូបលុយម្ចាស់ក្រុមហ៊ុន ដែលខ្លួនបានចូលទៅសម្ភាសន៍ធ្វើការ។ Shogo Takeda អាយុ២៤ឆ្នាំរស់នៅទីក្រុង Yokohama ទឹកដីជប៉ុន បានសារភាពថា ខ្លួនបានលួចកាបូបលុយកំឡុងពេល គេហៅឲ្យទៅសម្ភាសន៍ការងារ នៅក្រុមហ៊ុននោះ ដែលក្នុងកាបូបមានប្រាក់ប្រមាណ ៥ម៉ឺន យ៉េនប្រហែលនឹង ៧ម៉ឺន២ពាន់ដុល្លារ។
Takeda បានដាក់ពាក្យសុំធ្វើការ នៅឯក្រុមហ៊ុនបម្រើសេវា ថែទាំជណ្តើរយន្តនៅ Seya ហើយកំឡុងពេលជួបសម្ភាសន៍នោះ ម្ចាស់ក្រុមហ៊ុនបានក្រោកចេញ ក្រៅមួយភ្លែត ឱកាសហុចឲ្យ Takeda ក្រលេកឃើញកាបូបលុយ ទុកចោលក៏ស្ទុះទៅយកតែម្តង។ ក្រោយពីប៉ូលិសឃាត់ខ្លួនសួរចម្លើយ ជននេះសារភាពថា គេគ្មានបំណងលួចទេ តែដោយសារអត់ការងារធ្វើ ហើយខ្លួនត្រូវការលុយទើបក្រឡេកឃើញ អ្នកសម្ភាសន៍ភ្លេចកាបូបលុយ ក៏លួចយកទៅ។
ម្ចាស់ក្រុមហ៊ុនបានរាយការណ៍ ទៅសមត្ថកិច្ចក្រោយពីដឹងថា កាបូបលុយបាត់ហើយសង្ស័យ ពីបុរសដែលមកសម្ភាសន៍ធ្វើការនេះ ទើបប៉ូលិសឈានដល់ការឃាត់ខ្លួន Takeda ទៅតាមអាស័យដ្ឋាន និងលេខទូរស័ព្ទដែលគេបានដាក់ ក្នុងពាក្យសុំធ្វើការ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង