(ភ្នំពេញ)៖ គណៈកម្មការទី៧ នៃរដ្ឋសភា គ្រោងនឹងកោះអញ្ជើញរដ្ឋមន្រ្តីក្រសួងអប់រំ និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ មកសាកសួរជាថ្មីម្តងទៀត ពាក់ព័ន្ធនឹងការលក់ពហុកីឡដ្ឋាន និង រោងភាពយន្តចាស់ នៅក្នុងខេត្តកំពត នេះបើតាមលោក យ៉ែម ប៉ុញ្ញឫទ្ធិ ថ្លែងប្រាប់ FRESH NEWS ក្រោយពេលចុះត្រួតពិនិត្យស្ថានភាព នៅខេត្តកំពត រយៈពេល៣ថ្ងៃ មកនេះ ។
ប្រធានគណៈកម្មការរូបនោះបាននិយាយថា គណៈកម្មការទី៧ បានជួបជាមួយលោក ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត ដើម្បីសាកសួរពីបញ្ហានេះ ប៉ុន្តែត្រូវបានអាជ្ញាធរបញ្ជាក់ថា ការលក់ពហុកីឡដ្ឋាននៅក្នុងខេត្តកំពត មានការពាក់ព័ន្ធនឹងក្រសួងអប់រំ យុវជន និងកីឡា ដោយឡែកការលក់ រោងភាពយន្ត ពាក់ព័ន្ធនឹងក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ដែលរឿងនេះស្ថិតនៅខ្ពស់ពីដែនសមត្ថកិច្ច របស់អាជ្ញាធរខេត្ត។
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មកាទី៧ នៃរដ្ឋសភា បានបង្ហាញការសង្ស័យថា ទំនងជាមានការរៀបចំលាក់ទុក សម្ភារៈសាសនា របស់ជនជាតិវៀតណាម នៅលើភ្នំបូកគោ មុនពេលដែល គណៈកម្មការទី៧ ឡើងទៅដល់ កាលពីថ្ងៃទី១២ កន្លងទៅនេះ។
ការចុះទៅត្រួតពិនិត្យស្ថានភាព នៅលើភ្នំបូកគោ មានភាពចំឡែកបំផុត ដោយទីតាំងសំខាន់ៗមួយចំនួន ដែលបង្ហាញក្នុង របាយការណ៍ របស់ អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងការរៀបចំពិធីសាសនានេះ ត្រូវបានគេសម្អាតយ៉ាងស្អាតខុសពីធម្មតា។
សូមជំរាបថា លោកយ៉ែម បុញ្ញឫទ្ធិ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានដឹកនាំគណៈកម្មការទី៧ នៃរដ្ឋសភា ចុះត្រួតពិនិត្យស្ថានភាព នៅខេត្តកំពត និងខេត្តកែបរយៈពេល៣ថ្ងៃ ពីថ្ងៃទី១១ដល់១៣ ខែកុម្ភៈ កន្លងទៅនេះ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល