CamNews

ប្លែកៗ 

កុមារធាត់ជាងគេក្នុងលោក បានវិលត្រឡប់មកសាលារៀនវិញហើយ បន្ទាប់ពីសម្រកទម្ងន់

កុមារាអាយុ ១០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ដែលមានរាងកាយទម្ងន់ ១៩២គីឡូក្រាម បានវិលត្រឡប់
មកសាលារៀនវិញ បន្ទាប់ពីធ្វើការតមអាហារ និងហាត់ប្រាណដើម្បីសម្រកទម្ងន់។

Arya Permana អាយុ ១០ឆ្នាំ រស់នៅក្នុងខែត្រ Java ខាងលិច (ប្រទេសឥណ្ឌូនេស៊ី) ត្រូវបានគេចាត់
ទុកថាជាកុមារដែលមានទម្ងន់ធ្ងន់ជាងគេលោកពិភពលោកនាបច្ចុប្បន្ន នៅពេលរាងកាយមានទម្ងន់
ដល់ទៅ ១៩២គីឡូក្រាម។ Arya Permana ត្រូវបង្ខំចិត្តឈប់រៀន ព្រោះតែមិនអាចដើរបានឆ្ងាយ
ហើយម្ដាយរបស់ Arya Permana ប្រាប់ថា កូនគាត់តែងតែឃ្លាន។

ដោយសារតែមានទម្ងន់ធ្ងន់ពេក ធ្វើឱ្យ Arya Permana មិនអាចដើរបានយូរ។ Arya Permana ត្រូវ
ចំណាយពេលច្រើន ដេកនៅលើគ្រែ។

Arya Permana ហូបអាហារ ៥ពេលក្នុងមួយថ្ងៃ ហើយអាហារមួយពេលៗ រួមមានបាយ ត្រី សាច់
គោ សម្លបន្លែ នំ Tempeh (ប្រភេទនំប្រពៃណីរបស់ឥណ្ឌូនេស៊ី ធ្វើអំពីសណ្ដែក)។ អាហារមួយ
ពេលរបស់ Arya Permana ស្មើនឹងពីរពេលរបស់មនុស្សពេញវ័យម្នាក់។

បន្ទាប់ពីរឿងរ៉ាវស្ដីអំពីកុមារនេះ ត្រូវបានសារព័ត៌មាននានាចុះផ្សាយ ក្រុមគ្រូពេទ្យនៅឯមន្ទីរពេទ្យ
Hasan Sadikin នៃខែត្រ Java ខាងលិច បានស្នើសុំជួយដល់កុមារនេះ។ ក្រុមគ្រូពេទ្យត្រូវចំណាយ
ពេលមួយសប្ដាហ៍ដើម្បីពិនិត្យ និងតាមដានស្ថានភាពសុខភាពរបស់ Arya។ បន្ទាប់ពីមិនបានរក
ឃើញជម្ងឺអ្វីសោះ ក្រុមគ្រូពេទ្យក៏បានសម្រេចចិត្ត រៀបចំរបបអាហារ និងវិធីហាត់ប្រាណដើម្បីឱ្យ
Arya ធ្វើតាម។

ក្រោយពីបានអនុវត្តតាមគ្រូពេទ្យបានប៉ុន្មានសប្ដាហ៍ ទម្ងន់រាងកាយរបស់ Arya ស្រកបាន ៥គីឡូ
ក្រាម។ ថ្មីៗនេះ Arya មិនត្រឹមតែអង្គុយបាននោះទេ តែថែមទាំងអាចដើរទៅសាលារៀន និងលេង
ជាមួយ
មិត្តភ័ក្ដិ។

Arya ឱ្យដឹងថា ៖ “ខ្ញុំពិតជាសប្បាយចិត្ត និងមិនអាចនិយាយអំពីសុភមង្គលដោយសំដីបាន។ ខ្ញុំ
មានអារម្មណ៍ថា អស្ចារ្យណាស់ នៅពេលបានត្រឡប់មកសាលារៀនវិញ។ អ្នករាល់គ្នាចូលចិត្តខ្ញុំ
លោកគ្រូអ្នកគ្រូ ធ្វើល្អចំពោះខ្ញុំខ្លាំងណាស់។ ខ្ញុំមានមិត្តភ័ក្ដិច្រើន ហើយអ្នករាល់គ្នា សុទ្ធតែធ្វើល្អ
ចំពោះខ្ញុំ”។

មុននេះ Arya ធ្លាប់ទៅរៀន ហើយពេលរៀនដល់ថ្នាក់ទី ៣ រាងកាយដ៏ធ្ងន់ បានបណ្ដាលឱ្យ Arya
ត្រូវបង្ខំចិត្តឈប់រៀន។ ក្នុងមួយរយៈពេលនៅផ្ទះ ក្រៅពីពេលវេលាសម្រាប់ការហូបចុក និងដេក
Arya មានតែមើលទូរទស្សន៍ លេងទូរស័ព្ទ។

Arya និងពុកម្ដាយរបស់ខ្លួនសង្ឃឹមថា ការបន្តសិក្សានឹងជួយឱ្យ Arya សម្រេចបាននូវក្ដីស្រមៃក្លាយ
ជាជាងម៉ាស៊ីនម្នាក់។

Arya គឺជាកូនប្រុសរបស់អ្នកស្រី Rokayah អាយុ ៣៥ឆ្នាំ និងលោក Ade Somantri អាយុ ៤៥ឆ្នាំ
អ្នកទាំងពីជាកសិករ។ Arya កើតមក មានទម្ងន់ ៣,២គីឡូក្រាម ដូចទៅនឹងកុមារដទៃ។ ប៉ុន្តែ នៅ
ពេលមានអាយុ ២ឆ្នាំ Arya ចាប់ផ្ដើមឡើងទម្ងន់ខុសធម្មតា។ ដំបូងឡើយ ពុកម្ដាយរបស់ Arya មិន
មានការព្រួយបារម្ភអំពីការឡើងទម្ងន់របស់ Arya ហើយពួកគេថែមទាំងសប្បាយចិត្ត នៅពេល
ឃើញកូនឡើងទម្ងន់ជាបន្តបន្ទាប់។

ប៉ុន្មានឆ្នាំក្រោយមក ទើបពុកម្ដាយដឹងថា កូនរបស់ខ្លួនមានបញ្ហា នៅពេលរាងកាយបានឡើងទម្ងន់
ដោយមិនអាចគ្រប់គ្រងបាន។

មកដល់អាយុ ១០ឆ្នាំ ទម្ងន់រាងកាយរបស់ Arya បានកើនឡើងដល់ ១៩២គូឡូក្រាម ហើយត្រូវបាន
គេចាត់ទុកថា ជាកុមារដែលធាត់ជាងគេក្នុងពិភពលោក មុនពេលចាប់ផ្ដើមសម្រកទម្ងន់ដោយរបប
អាហារ និងការហាត់ប្រាណសម្រកទម្ងន់ ដូចបច្ចុប្បន្ន៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ news


Tags: ធាត់ជាងគេ Arya Permana ធាតុ