CamNews

កីឡាជាតិ 

អតីត​កីឡា​ប្រដាល់ ជៀស ស្រួច ត្រូវ​បាន​សហ​ព័ន្ធ ហៅ​មក​​បណ្ដុះ​​បណ្ដាល​មុន​ឲ្យ​ធ្វើ​អ្នក​កាត់​ក្ដី

(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងកាត់ឧបសគ្គ និងបង្ហាញជាសាធារណៈនូវព្យុះភ្លៀងជីវិតដ៏កម្សត់ ក្រោយឈប់ពីអាជីពអ្នកប្រដាល់ លោក ជៀស ស្រួច អតីតកីឡាករជើងខ្លាំង និងជាតារាសម្ដែងក្នុងបទ «បេះដូងអ្នកប្រដាល់» បានទទួលភ្លើងខៀវពីសហព័ន្ធកីឡាប្រដាល់កម្ពុជាសារជាថ្មីហើយ ដោយសហព័ន្ធកោះហៅរូបគេ និងអតីតអ្នកប្រដាល់ចាស់ៗផ្សេងទៀត មកទទួលការបណ្ដុះបណ្ដាលពីជំនាញអាជ្ញាកណ្ដាល និងចៅក្រម ដើម្បីក្លាយជាអ្នកកាត់សេចក្ដីនាថ្ងៃខាងមុខ ។

ស្របពេលសហព័ន្ធប្រកាសបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេស រយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី១៥-២១ ខែ​សីហា​នេះ សហ​ព័ន្ធ​បាន​កោះ​ហៅ​មន្ដ្រី​ជំនាញ និង​អតីតកីឡាករចាស់ៗសរុប ១១៧នាក់ចូលរួម ក្នុងនោះក៏មានវត្តមានលោក ជៀស ស្រួច ដែល​ទើប​លេច​មុខ​ក្នុង​បណ្ដាញ​ផ្សព្វ​ផ្សាយ​នា​នា ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាមួយនឹងជីវភាពខ្វះខាតរបស់លោកកាលពីពេលថ្មីៗកន្លងទៅផងដែរ ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានឲ្យដឹងថា លោកបានបញ្ជាឲ្យហៅ ជៀស ស្រួច មក​ចូល​រួម​សិក្សា​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ខាង​លើ​ជា​មួយ​មន្ដ្រី​ផ្សេងៗ ព្រោះ​សហ​ព័ន្ធយល់ថា រូបគេធ្លាប់មានស្នាដៃក្នុងការផ្សព្វផ្សាយពីក្បាច់គុនបុរាណខ្មែរ តាម​រយៈ​ការ​ប្រកួត​លើ​សង្វៀន​កាល​ពី​មុន ដូច្នេះ​សហ​ព័ន្ធ​មិន​អាច​បោះ​បង់​ចោល​អ្នក​ធ្លាប់​មាន​ស្នាដៃ​បែប​នេះ​ឡើយ​។ មួយវិញទៀត សហព័ន្ធនឹងរៀបចំឲ្យ ជៀស ស្រួច ចូលធ្វើការនៅតាមសង្វៀនមួយចំនួន ប៉ុន្ដែត្រូវឆ្លងកាត់សិក្សាពីជំនាញនេះជាមិនសិន។

ក្រៅពី ជៀស ស្រួច លោក តែម ម៉ឺន បានបន្ថែមថា ឲ្យតែមានស្នាដៃ ជាក់ស្ដែងកីឡាករ ឡៅ ស៊ីណាត ឬអ្នកចង់បញ្ចប់អាជីព​ឈប់​ធ្វើ​កីឡាករ មក​ធ្វើ​ជា​អាជ្ញា​កណ្ដាល ឬ​ចៅ​ក្រម គឺសហព័ន្ធស្វាគមន៍ជានិច្ច។ ប៉ុន្ដែយ៉ាងណាអ្នកទាំងនោះក៏ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនដែរ ព្រោះបច្ចុប្បន្នសហព័ន្ធកំពុងពង្រឹងសមត្ថភាពមន្ដ្រីរបស់ខ្លួន ដើម្បីត្រៀមរៀបចំការប្រកួតកីឡាជាតិ National Games ក៏ដូចជាធ្វើដំណើរឆ្ពោះទៅ SEA Games ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chea srouch