CamNews

តារា 

ឈួនពន្លឺ តួ​អង្គ​​ស្រាត ក្នុង​​បទ «ផ្កាយ​ព្រឹក» របស់​លោក ម៉ៃ សុគន្ធទទួល​បាន​តំណែង​ធំ​ក្នុង​ផលិត​កម្ម

(ភ្នំពេញ)៖ តារាសម្ដែង កំពុងតែមានឈ្មោះល្បីជាបណ្ដើរៗ លោក ឈួន ពន្លឺ ដែលទស្សនិកជនជាច្រើន បានសម្ដែងការកោតសរសើ ជាមួយនឹងភាពក្លា​​ហាន ហ៊ានស្រាតននលគក សម្ដែងក្នុងបទ «ផ្កាយព្រឹក» ច្រៀងដោយលោក ម៉ៃ សុគន្ធ ដែលទទួលរងនូវការរិះគន់ ជេរប្រទេចយ៉ាងចាស់ដៃ កាលពីពេលថ្មីៗនេះ ត្រូវបានគេបង្ហើបថា លោកកំពុងតែទទួលបានតំណែងធំថ្មីមួយ នៅក្នុងផលិតកម្មថ្មី ដោយលោកជាអ្នកគ្រប់គ្រងការងារទូទៅ បន្ទាប់ពីចាងហ្វាង។

ជាការពិត បទចម្រៀងដ៏ល្បីល្បាញ របស់​លោក ម៉ៃ សុគន្ធ គឺបទ «ផ្កាយព្រឹក» ដែលត្រូវបានមហាជនជាច្រើន​រិះគន់ យ៉ាងខ្លាំង ទៅលើ​កាយវិការ ក្នុងបទ​​ចម្រៀង ខណៈមើលទៅ​ស៊ិច​សីហួសមាឌ ពិសេសគឺ​ឈុតស្រាត​របស់តួប្រុស ដែលមហាជនជាច្រើន មិនស្គាល់មុខតួប្រុសម្នាក់នោះ​ឡើយ។ ប៉ុន្តែគេពិតជាសង្ហា មានសាច់ដុំ​កង់​ នឹងទ្រូង​ស្អាត ដែលត្រូវបានគេគិតថា ក្នុងចំណោមតារាខ្មែរ​ជាច្រើន មិនសូវមានបុរសប្រភេទសាច់ដុំនេះ​ឡើយ​។

លោក ឈួន ពន្លឺ ជាតារាសម្ដែង និងជាតារាម៉ូឌែល ​ប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំមកហើយ តែមិនសូវល្បីល្បាញ​ខ្លាំងទេ ទើបតែ​ថ្មីៗនេះ លោកក៏ល្បីល្បាញខ្លាំង រួមជាមួយសំឡេង​រិះគន់ក៏ខ្លាំងក្លាដូចគ្នា ក្នុងឈុតស្រាត​របស់លោក ក្នុងបទចម្រៀង «ផ្កាយព្រឹក» ព្រោះពិបាកទទួលយក នៅពេលដែលលោកស្រាតចេញគូទ ​កណ្ដាលវាលបែបនេះ។

លោក ឈួន ពន្លឺ ត្រូវបានគេនិយាយថា លោកធ្លាប់រិះគន់អ្នកសិល្បៈសិចស៊ី នាពេលកន្លងមកយ៉ាងច្រើនថា «ស្រាតដើម្បីភាពល្បីល្បាញ គ្មានភាពថ្លៃថ្នូរ»។ ប៉ុន្តែពេលនេះ ប៉ះលើ​ខ្លួនឯងវិញ ទើបស្ងាត់មាត់ជ្រៀប មិនហ៊ាននិយាយអ្វីតទៅទៀតនោះឡើយ។ ថ្វីត្បិតតែសំឡេងរិះគន់ទៅលើលោក ឈួន ពន្លឺ បានធ្វើឲ្យ​ល្បីល្បាញខ្លាំង តាមរយៈមានគេជេរច្រើនក្ដី តែលោកមិនបានបាត់មុខ ពីពិភពសិល្បៈទេ ពោលបែរជាបានតំណែងកាន់តែធំ​ ក្នុងផលិតកម្មថ្មីមួយ ដែលកំពុងតែថតរឿងដុំ ដើម្បីចាក់បញ្ចាំង។

លោក ឈួន ពន្លឺ បានក្លាយជាអ្នកគ្រប់គ្រងការផលិត​ទាំងមូល ពោលគឺបន្ទាប់ពីមេធំតែម្ដង ដែលអាចប្រើនរណា ឬស្ដីឲ្យនរណា បានតាមចិត្តទាំងអស់ ព្រោះលោកធំជាងគេ ក្នុងផលិតកម្មនេះ បន្ទាប់ពីម្ចាស់ផលិតកម្ម។ មានមូលហេតុជាច្រើន នាំឲ្យលោកបានកាន់តំណែង ដ៏ធំមួយនេះ ប៉ុន្តែមិនត្រូវបានទម្លាយចេញនោះទេ ពោលគ្រាន់តែដឹងត្រឹមថា តំណែងនេះ ពិតជាត្រូវធ្លាក់លើ ឈួន ពន្លឺ មែន។

តារាសម្ដែងមានសាច់ដុំធំ ឈួន ពន្លឺ មិនអាចសុំការបំភ្លឺបានទេ ជុំវិញរឿងដែលលោកក្លាយជាអ្នកគ្រប់គ្រង ទាំងវ័យក្មេងបែបនេះ ខណៈដែលលេខទូរស័ព្ទរបស់លោក មិនអាចទំនាក់ទំនងបាន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chorn ponler