(ភ្នំពេញ)៖ យុវជនម្នាក់ដែលបានថតរូប ពាក់អាវផ្កាយពីរ ហើយបានបង្ហោះក្នុងបណ្ដាញសង្គម Facebook ដោយទទួលរងការិះគន់ ពីសំណាក់អ្នកលេងបណ្ដាញ សង្គមយក្សមួយនេះ បានចេញមុខបកស្រាយការពិត ចំពោះឯសណ្ឋានយោធា ដែលខ្លួនបានពាក់ ដើម្បីកុំឲ្យអ្នករិះគន់ បន្តសកម្មភាពបង្ខូចកិត្តិយស របស់ខ្លួនបន្ថែមទៀត ខណៈដែលរូបគេមិនមែនជាមន្រ្តីយោធា មានឋានៈរហូតពាក់ផ្កាយ លើស្មានោះឡើយ។
នៅក្នុងវីដេអូឃ្លីប ប្រមាណ៥នាទី យុវជនម្នាក់នេះ បានបញ្ជាក់ថា ឯកសណ្ឋានយោធា មានផ្កាយ២នៅលើស្មានោះ គឺគ្រួសារខ្លួនបានទិញមកពីផ្សារ ដើម្បីដាក់សែនលោកតាដំបងដែក នៅក្នុងផ្ទះរបស់ខ្លួន ហើយដោយមានចិត្តស្រឡាញ់ ការងារជាមន្រ្តីយោធា តាំងពីតូច ខ្លួនក៏បានយកឯកសណ្ឋាននេះ មកពាក់ រួចថតបង្ហោះក្នុង Facebook ធ្វើឲ្យមានអ្នកលេងខ្លះ បានយករូបនេះ ទៅធ្វើការប្រៀបធៀប ជាមួយមន្រ្តីយោធាពិតប្រាកដ ហើយរិះគន់យ៉ាងខ្លាំងតែម្ដង។
ទោះបីជាយ៉ាងណា មានមតិមួយចំនួនបានលើកឡើងថា អ្នកលេងបណ្ដាញសង្គម Facebook គួរតែត្រិះរិះពិចារណាឲ្យបានច្បាស់ មុននឹងធ្វើការរិះគន់ ទៅលើរឿងអ្វីមួយ ព្រោះអាចប៉ះពាល់ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសអ្នកដទៃ ។ ពេលខ្លះមានតារាសម្ដែង ត្រូវសម្ដែងជាឈុតយោធា ហើយតម្រូវឲ្យពាក់ឯកសណ្ឋានយោធា ដើម្បីឲ្យត្រូវនឹងសាច់រឿង ដែលកំពុងថត ក៏មិនត្រូវរិះគន់ ដោយគ្មានការគិតបានដែរ ។ ដូច្នេះអ្នកលេងបណ្ដាញសង្គមយក្ស Facebook គួរគិតឲ្យបានល្អិតល្អន់ មុននឹងរិះគន់លើរឿងអ្វីមួយ..។
សូមស្ដាប់ការបកស្រាយរបស់យុវជន ដូចខាងក្រោមនេះ ៖
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី