ភ្នំពេញៈ តារាសម្តែង ជើងចាស់ រះលើវិថីសិល្បៈ អំឡុង ទសវត្ស៨០ អ្នកនាង ចាន់ តារាទី បានព្រលយឲ្យ LookingTODAY ដឹងថា អ្នកនាងមិនចង់ឲ្យ កូនប្រុសស្រី របស់អ្នកនាង ចូលប្រឡូកក្នុងសិល្បៈ ដើរតាមផ្លូវដែល អ្នកនាងធ្លាប់ដើរ អស់រយៈពេលជាច្រើនឆ្នាំនេះឡើយ បើទោះជាកូនមាន និស្ស័យស្រឡាញ់ សិល្បៈក៏ដោយ ។
អ្នកនាង ចាន់ តារាទី បានប្រាប់ឲ្យដឹង នៅថ្ងៃទី២០ ខែកុម្ភៈ នេះថា "រហូតមកដល់ ពេលនេះខ្ញុំ មានវ័យរាងចាស់ជ្រេហើយ ប្រជាប្រិយភាព ក្នុងការសម្តែង ក៏មិនដូចមុន ហេតុតែស្រឡាញ់ចេះ តែខំប្រឹងសម្តែងទៅ ។ ខ្ញុំចូលប្រឡូកក្នុងសិល្បៈ ខ្ញុំទទួលស្គាល់ថា ខ្ញុំមានបទពិសោធន៍ច្រើន នៅក្នុងអាជីពមួយនេះ គឺផ្តល់ឲ្យខ្ញុំ ទាំងភាពសប្បាយ និងល្វីងជូរចត់គ្រប់យ៉ាង" ។
បើទោះជា ចាន់ តារាទី បានបង្ហាញពីអារម្មណ៍ ក្នុងការស្រឡាញ់ ចូលចិត្តសិល្បៈ យ៉ាងណាក៏ដោយ តែសម្រាប់តារារូបនេះ ហាក់ដូចជា មិនចង់ឲ្យកូនបណ្តូលចិត្ត របស់ខ្លួន ចូលប្រឡូកសិល្បៈ ស្នងតំណែងសាងកេរ្តិ៍ឈ្មោះឲ្យល្បីល្បាញ ដូចខ្លួនឡើយ អ្នកនាងបាននិយាយថា “ទោះជាខ្ញុំស្រឡាញ់សិល្បៈ ក៏ពិតមែន តែសម្រាប់ កូនប្រុសស្រីខ្ញុំ គឺខ្ញុំដាច់ខាតមិនចង់ឲ្យ គេចូលប្រឡូកសិល្បៈ ដូចខ្ញុំទេ។
ខ្ញុំមិនចង់ឲ្យពួកគេ ចំណាយពេល ដើរតាមគន្លងចាស់ របស់ខ្ញុំ ។ ម្យ៉ាងទឹកចិត្ត ជាម្តាយគ្រប់រូប តែងតែចង់ឲ្យកូន បានរៀនខ្ពស់មុខខ្ពស់ មាត់គ្រប់ៗគ្នា ហើយខ្ញុំក៏មិនខុសអីពីគេដែរ បំណងប្រាថ្នា ខ្ញុំចង់ឲ្យកូនបន្តការសិក្សាអោយចប់សិន ចាំគិតទៀត ..!”។
តារាសម្តែងស្រី ដែលធ្លាប់មានឈ្មោះល្បី ក្នុងជំនាន់ អ្នកនាង អម្ពរ ទេវី រូបនេះ បានប្រាប់ទៀតថា តាមពិតទៅ អ្នកនាងក៏កត់សម្គាល់ ឃើញថា កូនរបស់អ្នកនាង ក៏មានចិត្តស្រឡាញ់ សិល្បៈដែរ គ្រាន់តែពួកគេ នៅក្នុងវ័យសិក្សា ហើយណាមួយអ្នកនាង ក៏មានការរារាំង មិនចង់ឲ្យចូលផង ទើបកូនៗ ងាកទៅរៀនសូត្រ តាមបំណងដែលអ្នកនាងប៉ង ។
មេម៉ាយចាយសម្រស់ វ័យជាង៤០ឆ្នាំ អ្នកនាង ចាន់ តារាទី ក៏បានបង្ហើប ឲ្យដឹងទាក់ទងនឹង រឿងស្នេហារបស់នាងថា “បច្ចុប្បន្ននេះ ខ្ញុំបានបិទទ្វារបេះដូង ព្រោះថាខ្ញុំ មានវ័យ៤៥ឆ្នាំ ហើយ ខ្ញុំមិនចង់ទៅគិតរឿង ស្នេហា ស្នេហ៍ហិតអីទៀតទេ..។ អ្វីដែលសំខាន់ សម្រាប់ជីវិត ខ្ញុំពេលនេះ និងទៅអនាគត គឺខ្ញុំធ្វើគ្រប់យ៉ាង ដើម្បីកូន ឃើញកូនមានសេចក្តី សុខសប្បាយ ខ្ញុំក៏មានសុភមង្គលហើយ...! ” ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល