(ភ្នំពេញ)៖ អគ្គនាយក នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា បានថ្លែងថា ក្នុងរយ:ពេល១០ឆ្នាំទៀត សម្រាប់ប្រទេសកម្ពុជា នឹងសម្រេចបាន "បុគ្គលមួយរូបមានអត្តសញ្ញាណមួយ" ដែលកិច្ចការមួយនេះ មានភាពស្មុគស្មាញ ពិតជាមិនអាចសម្រេចបាន ក្នុងរយ:ពេលដ៏ខ្លីនោះឡើយ។
ការថ្លែងបែបនេះរបស់នាយ ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា បានធ្វើឡើង នៅក្នុងកិច្ចប្រជុំ ក្រុមការងារបច្ចេកទេស អន្តរក្រសួងពិគ្រោះយោបល់ និងផ្តល់ការគាំទ្រដល់ផែនការយុទ្ឋសាស្ត្រជាតិ ស្តីអត្តសញ្ញាណកម្ម ឆ្នាំ២០១៥-២០២៤ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ ដឹកនាំពាក់ព័ន្ឋ តាមក្រសួង ស្ថាប័ន និងតំណាងអង្គការ យូនីសេហ្វ ប្រចាំនៅកម្ពុជា ។
នាយឧត្តមសេនីយ៌ ម៉ៅ ច័ន្ទតារា បានបញ្ជាក់ថា សេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ជាតិស្តីពីអត្តសញ្ញាណកម្មនេះត្រូវបានកសាងឡើងដោយមានការពិគ្រោះយោបល់ក្នុងចំណោមក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា មានជាអាទិ៍ ក្រសួងសុខាភិបាល ក្រសួងផែនការ ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងក្រសួង ស្ថាប័នមួយចំនួនទៀត។
បន្ទាប់មក ក៏មានកិច្ច ពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកទទួលសេវាមួយចំនួន ដើម្បី ប្រមូលបញ្ហា និងមតិយោបល់ទាំងអស់ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាងផែនការនេះ។ ជាងនេះ ទៀត សេចក្តីព្រាងផែការក៏បានដាក់ឱ្យពិគ្រោះយោបល់នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ថ្នាក់ជាតិដែលបាន ប្រព្រឹត្តទៅនាថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០១៥កន្លងមក ដោយប្រមូលបាននូវអនុសាសន៍ដ៏មានសារៈសំខាន់ មួយចំនួន ហើយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក៏បានពិនិត្យ និងកែសម្រួលសេចក្តីព្រាងផែនការនេះស្របតាម មតិយោបល់នោះរួចហើយដែរ។
នាយឧត្តមសេនីយ៌ បានបន្តថា កិច្ចប្រជុំនាថ្ងៃនេះមានគោលបំណងផ្តល់ព័ត៌មានឱ្យកាន់តែលម្អិតដល់ក្រសួងពាក់ព័ន្ធទាំងអស់ ឱ្យបានជ្រួតជ្រាបកាន់តែច្បាស់ពីផែនការយុទ្ធសាស្រ្តជាតិនេះ ដើម្បីជួយគាំទ្រ និងងាយស្រួលក្នុងការចូលរួម អនុវត្តបន្ទាប់ពីផែនការនេះ បានអនុម័តដោយរាជរដ្ឋាភិបាល។
ម៉្យាងទៀត ក្រសួងមហាផ្ទៃក៏ស្នើសុំឱ្យមានការ ពិគ្រោះយោបល់លើចំណុចមួយចំនួនដូចខាងក្រោម ៖
១. តួនាទី និងដំណើរការរបស់វិស័យសុខាភិបាលនៅមានមិនទាន់បានកំណត់ឱ្យបានជាក់លាក់ក្នុងចូលរួម ជួយលើកកម្ពស់ការចុះបញ្ជីអត្រានុកូលដ្ឋាន ជាពិសេសការចុះបញ្ជីមរណភាព។ ចំណុចនេះខ្ញុំយល់ថា ក្រសួង សុខាភិបាលក៏កំពុងរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួនដែរ ដែលអាចមានការពាក់ព័ន្ធជាមួយនឹងការងារអត្រានុ កូលដ្ឋាន។ ដូច្នេះ គួរមានការពិភាក្សាក្នុងការធ្វើសង្គតិភាពលើគោលបំណងយុទ្ធសាស្រ្តមួយចំនួនដែលមានការ ពាក់ព័ន្ធគ្នា ធ្វើយ៉ាងណាអាចគាំទ្រគ្នាទៅវិញទៅមកបានដើម្បីឱ្យអាចឆ្លើយតបបានទៅនឹងគោលដៅនានាដែល បានកំណត់នៅក្នុងក្របខ័ណ្ឌសកម្មភាពថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកល ដ្ឋាន។
២. ការសម្រេចក្នុងការប្រើប្រាស់កូដជំងឺអន្តរជាតិ១០ (ICD10) ក៏នៅមិនទាន់មានភាពច្បាស់លាស់នៅ ឡើយ។ ចំណុចនេះក៏ជាប្រការដ៏សំខាន់មួយដែលក្រសួងសុខាភិបាលគួរធ្វើការសម្រេចជាសកម្មភាពអាទិភាព ទើប អាចធ្វើឱ្យកម្ពុជាងាយស្រួលក្នុងការទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ដើម្បីពង្រឹងប្រព័ន្ធអត្រានុកូលដ្ឋាន និងស្ថិតិ អត្រានុកូលដ្ឋានទៅអនាគត។
៣. ចំពោះស្ថិតិអត្រានុកូលដ្ឋានក៏ត្រូវពិភាក្សាគ្នាដែរ ដើម្បីឱ្យដឹងថា តើវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ នឹងចូលរួមពាក់ព័ន្ធយ៉ាងណា? ថ្មីៗនេះសភាជាតិបានអនុម័តច្បាប់ស្តីពីស្ថិតិជាតិ ដូច្នេះ តើច្បាប់នេះមានឥទ្ធិពល បែបណាជាមួយនឹងបញ្ហានេះ?
៤. ក្រៅពីបញ្ហាខាងលើនេះ លោកស្រី អស់លោក អាចលើកឡើងពីចម្ងល់ និងមតិ យោបល់នានាទៀតដែលពាក់ព័ន្ធដល់កិច្ចការនៃវិស័យរបស់ខ្លួន សម្រាប់ចូលរួមចំណែកជាធាតុចូលក្នុងផែនការយុទ្ធ សាស្រ្តជាតិនេះ ៕







ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី