(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ បានរំលឹកអំពីការឈឺចាប់ និងរបួសធ្ងន់ដោយសារអំបែងគ្រាប់ ហើយត្រូវពិការភ្នែកម្ខាង នៅក្បែរគល់ស្ពានគីស្យូណាត្រើយខាងកើត នៃឃុំទន្លេបិទ ស្រុក ត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្នជា ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង៦៖១៥នាទី ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ នេះបើយោងតាម Facebook របស់សម្តេចតេជោ បង្ហាញនៅព្រឹកថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្តលើកឡើងថា នេះហើយជាសង្គ្រាមដែលអ្នកនយោបាយជំនាន់មុនបង្កើតឡើង ដែលធ្វើឲ្យយុវជនរាប់ម៉ឺននាក់ស្លាប់ ឬរបួសពិការ ក្នុងនោះមានរូបសម្តេចម្នាក់ដែរ។ ដូច្នេះយើងត្រូវរួមគ្នាការពារនូវសន្តិភាព ដែលយើងរកបានដោយលំបាកនេះ។
សម្តេចតេជោ បានសរសេរបង្ហោះនៅលើ Facebook របស់សម្តេចមានន័យយ៉ាងដូច្នេះថា៖ «ទីនេះហើយ ជាកន្លែងដែលខ្ញុំត្រូវរបួសធ្ងន់ ហើយត្រូវពិការភ្នែកឆ្វេងរហូតសព្វថ្ងៃ។ ខ្ញុំពិតជាឈឺខ្លាំងណាស់នៅពេលដែល គ្រូពេទ្យបានយកកាំបិតនិងកន្ត្រៃមកវះកាត់យកគ្រាប់ភ្នែកខ្ញុំចេញ។ ពីពេលនោះមកភាសាដែលនិយាយថាស្រឡាញ់ និងការពារដូចប្រស្រីភ្នែកមិនមែនជាពាក្យដែលខ្ញុំត្រូវនិយាយទៀតទេ ព្រោះប្រស្រីភ្នែកខ្ញុំម្ខាង បានបាត់បង់ទៅហើយ។ ខ្ញុំត្រូវរបួសម៉ោង ៦និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែ មេសា ឆ្នាំ១៩៧៥ នៅក្បែរគល់ស្ពានគីស្យូណាត្រើយខាងកើត នៃ ឃុំ ទន្លេបិទ ស្រុក ត្បូងឃ្មុំ ខេត្ត កំពង់ចាម បច្ចុប្បន្នជា ខេត្ត ត្បូងឃ្មុំ។ នេះហើយជាសង្គ្រាមដែលអ្នកនយោបាយជំនាន់មុនបង្កើតឡើង ដែលធ្វើឱយយុវជនរាប់ម៉ឺននាក់ស្លាប់ឬរបួស ពិការ ក្នុងនោះមានរូបខ្ញុំម្នាក់ដែរ។ យើងត្រូវរួមគ្នាការពារនូវសន្តិភាព ដែលយើងរកបានដោយលំបាកនេះ»៕



ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី