CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមឧទ្ទាម ប្រចាំការ កន្លែងធ្លាក់យន្តហោះ MH17 ដាក់កំហិត ក្នុងការ ស៊ើបអង្កេត ពីក្រុម អ្នកសង្កេតការណ៍

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បាននិយាយថា ក្រុមឧទ្ទាម​ ដែលគាំទ្រ រុស្ស៊ី នៅ អ៊ុយក្រែន បានកំណត់ ក៏ដូចជា កំហិតព្រំដែន  នៃការ សិក្សា  ស្រាវជ្រាវ ស៊ើបអង្កេតរបស់ពួកគេ ទៅ លើករណីធ្លាក់យន្តហោះ ម៉ាឡេស៊ី MH17 នៅតំបន់ដែលត្រួតត្រា ដោយក្រុមឧទ្ទាម បំបែករដ្ឋខាងលើ នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ។

ទន្ទឺមនឹងនេះ បុរសជាអ្នកនាំពាក្យអោយ OSCE គូសបញ្ជាក់អោយដឹងថា ប្រតិបត្តិការ តាមដានស៊ើប អង្កេតនៅកន្លែងកើតហេតុ   ត្រូវបានគ្រប់គ្រង  ដោយ ក្រុមខ្មាន់កាំភ្លើង ដោយនៅក្នុងនោះ បុរសម្នាក់ បានបាញ់រះគ្រាប់កាំភ្លើង ឡើងលើ ដើម្បីជាការព្រមាន ថា អ្វីៗស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេ ។

មានជំនឿជាក់អោយដឹងថា យន្តហោះ ម៉ាឡេស៊ី MH17 បានផ្ទុះធ្លាក់ នៅតំបន់ខាងលើ ជិតព្រំប្រទល់ ដែនរវាងប្រទេស អ៊ុយក្រែន និង រុស្ស៊ី ដោយការបាញ់ទម្លាក់ ដោយប្រើ ម៉ីស៊ីលពីសំណាក់ក្រុមឧទ្ទាម ដែលកំពុងតែកាន់កាប់ និង ត្រួតត្រា ភាគខាងកើត ប្រទេស អ៊ុយក្រែន ពោលយន្តហោះ ខាងលើបាន ធ្លាក់ និងផ្ទុះឆេះ កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ ដោយបានសម្លាប់មនុស្សទាំងអស់ ២៩៨ នាក់ ។

គួរបញ្ជាក់ថា MH17  បានជួបនឹងគ្រោះថ្នាក់ខាងលើ អំឡុងហោះប្រតិបត្តិការ ដឹកអ្នកដំណើររបស់ខ្លួន ពីទីក្រុង Amsterdam ទៅ   ទី ក្រុង  កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយនៅក្នុងនោះ ក្រុមអ្នកដំណើរ ទាំង ២៨៣ នាក់ និង ក្រុមអ្នកបម្រើការ    លើ យន្តហោះ  ១៥ នាក់ ទៀត បានស្លាប់បាត់បង់ជីវិតទាំង អស់គ្មាននរណាម្នាក់នៅរស់រានមានជីវិតនោះទេ ។

សេចក្តីរាយការណ៍ចុងក្រោយ ពីអាកាសចរណ៍ ម៉ាឡេស៊ី បានបង្ហាញអោយដឹងថា យន្តហោះខាងលើ បានដឹកក្រុមអ្នកដំណើរជារួមមាន បណ្តាជនជាតិជាច្រើន ដូចជា ជនជាតិ ហូឡង់ ១៨៩នាក់ជនជាតិ អូស្រ្តាលី ២៧ នាក់ ជនជាតិ ម៉ាឡេស៊ី ៤៤ នាក់ (ក្នុងនោះ ១៥នាក់ជាអ្នកបម្រើការលើយន្តហោះ) ជន ជាតិ ឥណ្ឌូនេស៊ី ១២ នាក់ ជនជាតិ អង់គ្លេស ១០ នាក់ និងជនជាតិដទៃៗទៀត ដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖​ ប៊ីប៊ីស៊ី


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States MH17