CamNews

តារា 

បទចម្រៀង ៧៣បទ របស់ស៊ិន ស៊ីសាមុត ត្រូវបានការពារ

ភ្នំពេញៈ បទចម្រៀងជាង៧០បទ របស់អធិរាជសម្លេងមាស លោក ស៊ិន ស៊ីសាមុត ត្រូវបាន ខាង គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ចេញសេចក្តីជូនដំណឹង ដោយទទួលយក សំណើរសុំសិទ្ធិគ្រប់គ្រងមរតកសាសន៍ បទចម្រៀងពី លោក ស៊ិន ច័ន្ទឆាយា ដែលជាកូន បង្កើតរបស់ លោក ស៊ិន ស៊ីសាមុត ដោយទុករយៈពេលប្រមាណ១ខែ សម្រាប់ការដាក់ពាក្យ ប្តឹងជំទាស់ផងដែរ ។

បើទោះជាអធិរាជសម្លេងមាស លោក ស៊ិន ស៊ីសាមុត បានទទួលមរណៈភាព ទៅជាច្រើនឆ្នាំ ហើយក៏ដោយតែទឹក ដមសំនៀងពិរោះ ក្រអួនក្រអៅរបស់លោក នៅតែដិតដាម ជាប់បេះដូង កូនខ្មែរ គ្រប់រូបមិនដែលសាបសូន្យឡើយ ហើយជានិច្ចកាលកូនខ្មែរ តែងតែមានអារម្មណ៍ ភ័យខ្លាចថាបទចម្រៀងចាស់ៗ ដែលលោកធ្លាប់បានច្រៀងនោះ និងរលាយបាត់បង់ទៅនៅថ្ងៃណា មួយ ប្រសិនបើនៅតែគ្មាន អ្នកអើពើការពារ និងអភិរក្សទេនោះ ។ ទន្ទឹមជាមួយគ្នានោះ អ្វីដែល ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់មាន ការសាទរ និងរំភើបចិត្តខ្លាំង គឺបន្ទាប់ពីខាង គណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា បានចេញសេចក្តីជូនដំណឹង ជាសាធារណៈថា បទចម្រៀងរបស់ លោក ស៊ិន ស៊ីសាមុត ចំនួនជាង៧៣បទ គឺត្រូវបានថែរក្សានិងការពារ ។

យោងតាមសេចក្តីជូនដំណឹង ដែលចុះផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ របស់ គណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា បានចេញសេចក្តី ជូនដំណឹងថា ជាលទ្ធផលយើង បានរកឃើញថា មានបទចម្រៀងចំនួន៧៣បទ ដែលជាស្នាដៃនិពន្ធ ទំនុកច្រៀង និងបទភ្លេង ដោយ លោក ស៊ិន ស៊ីសាមុត ដូច្នេះរាល់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានបំណងចង់ប្តឹងជំទាស់ ប្រឆាំងនិងការផ្ទេរសិទ្ធិ មរតកសាសន៍ លើបទចម្រៀងខាងលើ អាចដាក់ពាក្យប្តឹងបានក្នុង រយៈពេល១ខែ ចាប់ពីថ្ងៃផ្សាយ ដំណឹងនេះតទៅ ។

បទចម្រៀងទាំង៧៣បទ នោះមានដូច សូរិយាមាសបង, ហ៊ានស្លាប់ព្រោះបង, ចុតហ្អាយមច្ចុរាជ, ចិញ្ចៀនត្បូងប្រាំ, ផ្គរលាន់ឯត្បូង, ស្នេហាអដ្ឋិ សុវណ្ណច័ន្ទកេសរ, ទឹកភ្នែកនៅពេលបែកគ្នា, ស្រីតូចច្រឡឹង និងបទចម្រៀងពិរោះៗ ជាច្រើនបទទៀត ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Local news Star news Ent news