ភ្នំពេញ៖ តារាស្រីចាស់វស្សា ទទួលបានការគាំទ្រច្រើន ពីការសម្តែងជាតួអង្គ កាចឆ្នាស់ឆ្នើម អ្នកនាង ស្វែង សុជាតា កាលពីពេលថ្មីៗកន្លងមកនេះ មហាជនទូទៅបានដឹង ស្ទើរគ្រប់គ្នាថា នាងមានជំងឺដុះសាច់ ក្នុងខួរក្បាល ដែលបង្កឲ្យមានការ ជ្រុះសក់អស់ស្ទើរ ពាក់កណ្តាលក្បាល និងបណ្តាលឲ្យរូបរាង្គកាយ របស់នាង មានសភាពស្លេកស្លាំង ចុះស្គមខុសពីធម្មតា ។
មិនតែប៉ុណ្ណោះ ក្នុងមួយរយៈចុងក្រោយនេះ ការងារសិល្បៈរបស់ ស្វែង សុជាតា ក៏ស្ថិតក្នុងដំណាក់កាល ស្ងប់ស្ងៀមក្រោយពីនាងត្រូវ ប្រឈមទៅនឹងជំងឺដុះសាច់ ក្នុងខួរក្បាល ដែលអាចបង្កការគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតប្រសិនមានការយឺតយ៉ាវ ក្នុងការព្យាបាល ។ គេនៅចាំបានថា តារាសម្តែងជើងចាស់ មានទេពកោសល្យខ្ពស់ អ្នកនាង ស្វែង សុជាតា ចាប់តាំង ពីចូលសិល្បៈដំបូង គឺនាងតែងបញ្ចេញស្នាមញញឹម ប្រកបទៅដោយ ភាពជឿជាក់និងពោរពេញទៅដោយ ភាពសប្បាយរីករាយ ។ ប៉ុន្តែនៅពេលនាងធ្លាក់ខ្លួនឈឺ ក៏ត្រូវបានប្តូរជំនួសមកវិញ ដោយភាពស្រពាប់ស្រពោន ខូចចិត្តយំមិនចេញ ។
យ៉ាងណាក្តី អ្នកនាង ស្វែង សុជាតា ក្រោយពីទទួលបាន ការព្យាបាលយ៉ាង យកចិត្តទុកដាក់បំផុត ពី សំណាក់ក្រុមគ្រូពេទ្យជំនាញ អស់មួយរយៈពេលយូរមកនេះ ឃើញថា ជំងឺរបស់នាង ក៏មានអាការៈធូ ស្បើយបន្តិម្តងៗ រហូតជា ដាច់ពីជំងឺដុះសាច់ ក្នុងខួរក្បាល ដោយភាពជោគជ័យ ក្នុងជីវិតជាថ្មីឡើងវិញ។ ទន្ទឹមនឹងភាពជោគជ័យ ក្នុងការព្យាបាលជំងឺនេះ អ្នកនាង ស្វែង សុជាតា បានរៀបចំធ្វើពិធីខួបកំណើរ របស់ខ្លួន ដើម្បីអបអរ ការជាសះស្បើយពីជំងឺ។
ផ្អែកតាមប្រភព ពីរង្វង់អ្នកសិល្បៈ សិ្នទ្ធស្នាលបំផុត ជាមួយអ្នកនាង ស្វែង សុជាតា បានប្រាប់គេហទំព័រ LookingTODAY ថា អ្នកនាង ស្វែង សុជាតា បន្ទាប់ពីសម្រាកព្យាបាលជំងឺ អស់មួយរយៈនេះ ឥឡូវអាការៈជំងឺ ដុះសាច់ក្នុងខួក្បាល របស់នាង បានជាសះស្បើយ ដូចដើមវិញហើយ ។ ម្យ៉ាងទៀត នៅ ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា សប្តាហ៍ក្រោយនេះ នាងមានរៀបចំពិធី ខួបកំណើត និងជាពិធីអបអរការ រួចផុតពីជំងឺដ៏គ្រោះថ្នាក់ មួយនេះផងដែរ ។
ប្រភពបានបន្ថែមថា ក្នុងពិធីខួបកំនើតរបស់អ្នកនាង ស្វែង សុជាតា ខាងមុខឆាប់ៗនេះ គឺរៀបចំលក្ខណៈ ទូលាយ ព្រោះមានករអញ្ជើញភ្ញៀវ កិត្តិយសចូលរួមប្រហែលជាង ២០០នាក់ ។ ក្នុងនោះមាន ៨០ភាគរយ ជាអ្នកសិល្បៈរួមអាជីព ។ ចំណែកទីតាំង ធ្វើពិធីមិនទាន់ត្រូវបានបញ្ជាក់ នៅឡើយទេ ។ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY មិនទាន់អាចទំនាក់ទំនង ដើម្បីសុំការបកស្រាយបន្ថែម ពីអ្នកនាង ស្វែង សុជាតា បាននៅឡើយទេ ៕