CamNews

តារា 

ពេជ្រ អាវីហ្សា គំរាមទម្លាយឈ្មោះអ្នកខ្ចីលុយ ឲ្យខ្មាសគេម្ដង ប្រសិនបើនៅតែគេចវេសពុំព្រមសង

(ភ្នំពេញ)៖ តារាសម្តែងរូបស្រស់ សាច់សខ្ចីកញ្ញា ពេជ្រ អាវីហ្សា ថ្មីៗ​នេះ​ បានបញ្ចេញប្រតិកម្មខឹងខ្លាំ​ងៗ នៅលើបណ្តាញសង្គមហ្វេស​ប៊ុករបស់នាង ខណៈត្រូវបុគ្គល​ស្គាល់គ្នាម្នាក់ ជំពាក់ប្រាក់មិ​ន​ព្រមសង ហើយថែមទាំងយក​លេស​និយាយកុហក បោកប្រាស់ស្ទើរតាមល្បិចមិនទាន់ ដោយនាងបានប្រើពាក្យ​គំរាមធ្ងន់ៗថា នឹងបញ្ចេញឈ្មោះ​បុគ្គលនោះ ជាសាធារណៈ ដើម្បីឲ្យខ្មាសគេម្ដង ជាការព្រមានរឿងខ្ចីលុយមិនព្រមសង។

តារាសម្ដែង ដែលត្រូវបានគេដឹងថា កំពុងតែមានទំនាក់ទំនងស្នេហ៍​យ៉ាងស្អិតល្មួត ជាមួយនឹងប្អូនប្រុសលោកឧកញ៉ាសម្បូរទ្រព្យម្នាក់ កញ្ញា ពេជ្រ អា​វីហ្សា បានសរសេររៀបរាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោ​យគំ​រាមថា ប្រសិនជាបុគ្គលនោះ នៅតែពុំព្រមសងលុយនាងទេនោះ គឺច្បាស់ជាខ្មាសគេជាមិនខាន ពោលគឺនាងនឹងបញ្ចេញឈ្មោះ បុគ្គលម្នាក់នេះ ជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ប៉ុន្តែតារាសាច់សខ្ចី ពេជ្រ អាវីហ្សា មិនទាន់បញ្ជាក់ទេថា តើបុគ្គលម្នាក់នោះ ស្ថិតនៅក្នុងរង្វង់សិល្បៈ ឬ​មិនមែ​នជាអ្នកសិល្បៈ​នោះទេ។

តារាសម្តែងមានទម្រង់មុខសិចស៊ី កញ្ញា ពេជ្រ អាវីហ្សា បាននិយាយបន្ថែម​ថា« ពេលខ្លះអំពើល្អរបស់ខ្ញុំ ជួយគេច្រើនណាស់..។ ប៉ុន្តែពេលដែលខ្ញុំមានទុក្ខ តើខ្ញុំមានប្រាប់​នរណាគេទេ ហើយសូមឲ្យអ្នកដែលដឹងថា ខ្ញុំជួយអ្នកហើយមិចបាច់ចាំឲ្យខ្ញុំប្រាប់ឈ្មោះថា ​នរណាគេទេ ព្រោះខ្ញុំយល់អ្នកយូរឆ្នាំមក​ហើ​យ ប៉ុន្តែពេលនេះខ្ញុំ ក៏លែងយល់ពីអ្នកទៀតដែរ បើអ្នកមិនសងខ្ញុំទេ អ្នកនឹងខ្មាសគេតាមហ្វេ​សប៊ុកនេះតែម្តង ធ្វើជាមនុស្សកុំឲ្យខ្មាសគេ ដោយរឿងប៉ុណ្ណឹង!»។

ទោះបីជាយ៉ាងណាក្តី ពុំទាន់មានប្រភពណាមួយ បានដឹងច្បាស់នៅឡើយទេថា បុគ្គលដែលជំពាក់លុយ ស្រីស្រស់ ពេជ្រ​ អាវីហ្សា នោះមានចំនួនប៉ុ​ន្មាន ហើយចាប់តាំងពីពេល​ណា​នោះទេ​ ខណៈ​សាមីខ្លួន កញ្ញា ពេជ្រ អាវីហ្សា ក៏មិនបានបង្ហើបប្រាប់ឲ្យដឹង ពីរឿងនេះបន្ថែមឲ្យបានច្បាស់ដែរ ពោលហាក់បីដូចជា​ នៅមាន​មនោសញ្ចេតនា ជាមួយបុគ្គលរូបនោះ ហើយចង់ឲ្យរូបគេកែខ្លួន ដឹងកំហុស និងឆាប់រួសរាន់សងបំណុលដល់នាង​វិញ តែប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Pich aviza