CamNews

តារា 

ប៉ុបពី រងើកភ្លើង​ស្នេហ៍ចាស់​ ចាប់ផ្តើម​កំរើក​ឡើងវិញ

ភ្នំពេញ៖ តារាសម្តែងភេទទីបី បានវះកាត់ កែកុនចង្កឹះលេខបានសម្រេច ក្លាយជាមនុស្សស្រី ពេញលក្ខណៈ និងជាពិធីការិនី មានទម្រង់មុខ ស្រស់ស្អាត កញ្ញា ប៉ុបពី មុននេះ មហាជនបាន ដឹងស្ទើរគ្រប់គ្នា ជុំវិញការប្រកាស បើកបេះដូង រង់ចាំទទួលយកស្នេហ៍ថ្មី ពីបុរសដែលមាន ទឹកចិត្តស្មោះត្រង់ ហើយអាចរួមរស់ស្នេហ៍ពិត ជាមួយគ្នា អស់មួយជីវិត។ ខណៈការប្រកាសនេះ បានប្រហែលទើប៦ខែ ស្រាប់តែធ្លាយដំណឹង ដ៏គួរឲ្យភ្ញាក់ផ្អើលថា ពេលនេះគូស្នេហ៍ចាស់ បានចេញមុខមក ពាំងឃាំងបេះដូង ប៉ុបពី ជាថ្មីឡើងវិញ។

យោងតាមប្រភព ពីអ្នករស់នៅក្បែរខាងតារារូបនេះ បាននិយាយប្រាប់ឲ្យដឹងថា តារាសម្តែងជាប់ លំដាប់ថ្នាក់ កញ្ញា ប៉ុបពី ឥឡូវនេះ កំពុងតែត្រូវរ៉ូវគ្នា និងផ្សះផ្សាស្នេហ៍ ជាថ្មីឡើងវិញ ជាមួយ បុរសគូស្នេហ៍ចាស់ ដែលធ្លាប់បោះបង់ចោល ទុកបេះដូងនាងឲ្យនៅកំព្រារងាឯកា អស់មួយ រយៈពេលធំ។

ប្រភពខាងលើ បានបញ្ចេញមកថា បច្ចុប្បន្នអ្នកទាំងពីរ ហាក់មានភាពស្និទ្ធស្នាល ជាមួយគ្នាដូច ដើមឡើងវិញ ក្រោយពេលបុរសម្នាក់នេះ បានរត់មករកសុំក្តីមេត្តា ស្នេហាជាថ្មី ពី កញ្ញា ប៉ុបពី រហូតនាងបាក់ចិត្ត ទន់អារម្មណ៍ យល់ព្រមលើកលែង ទោសកំហុសទាំងឡាយ និងផ្តល់ឱកាសឲ្យ បុរសជាគូស្នេហ៍ចាស់។ ជាមួយគ្នានេះ គេតែងសង្កតឃើញអ្នកទាំងពីរ ឧស្សាហ៍បណ្តើរគ្នា ចេញចូល ទៅញ៉ាំបាយ នៅគេហដ្ឋានខាងស្រី ជាញឹកញាប់។

ផ្តល់សម្ភាសន៍ឲ្យ គេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤នេះ តារាសម្តែង និងពិធីការិនី កញ្ញា ប៉ុប ពី បានប្រាប់ឲ្យដឹងថា "ចាស…បង! ជាការពិតណាស់ ឥឡូវភ្លើងស្នេហ៍ ចាស់រវាងខ្ញុំ និងគាត់បានចាប់ផ្តើម ឡើងវិញជាថ្មីម្តងទៀត ព្រោះបុរសគូស្នេហ៍ចាស់ បានវិល ត្រឡប់ មករកខ្ញុំ ដើម្បីផ្សះផ្សាគ្នា..(សើច).. ខ្ញុំ និងគាត់ទើបតែ ត្រូវគ្នាបានប្រហែលជា កន្លះខែ នេះទេ..."។

កញ្ញា ប៉ុប ពី បានបន្តថា "បើនិយាយពីការបែកគ្នា ខ្ញុំនិងគាត់ (អតីតសង្សារ) គឺបានផ្តាច់ទំនាក់ទំនង ជាង៣ឆ្នាំមកហើយ តែមិនដឹងថា ហេតុអ្វី ទើបពេលនេះ គាត់វិញមករកខ្ញុំវិញ។ ប៉ុន្តែខ្ញុំអត់ប្រកាន់ នឹងគាត់ទេ ព្រោះគិតថា ប្រហែលជាគាត់ មើលឃើញអំពើល្អ ដែលធ្លាប់ សាងអនុស្សាវរីយ៍ ពីមុន មកហើយមើលទៅ..!។ បើតាមខ្ញុំសង្កេតមើល ទៅពេលនេះ គាត់ហាក់ដូចជាគិត និងបារម្ភពីខ្ញុំ ច្រើន ខុសប្លែកជាងពេលមុន..!"។

យ៉ាងក្តី កញ្ញា ប៉ុប ពី បានបញ្ជាក់បន្ថែមថា នាងបានផ្តល់ឱកាសជាថ្មី សម្រាប់បុរសជាគូស្នេហ៍ ចាស់ ក្នុង ការមើលថែ ក្តីស្រឡាញ់នេះឡើងវិញ តែនៅត្រង់ថា ទៅថ្ងៃខាងមុខទៀត ក្លាយទៅ ជាយ៉ាងណានោះ គឺ អាស្រ័យទៅតាម ពេលវេលាជាអ្នកកំណត់។ ចំណែកឯក្តីស្រឡាញ់ ដែល នាងប្រគល់ ទៅលើបុរសគូស្នេហ៍ ចាស់ពេលនេះ គឺទើបតែ៥០ភាគរយតែប៉ុណ្ណោះ។

គួររំឭកថា កាលពីពេលកន្លងទៅ កញ្ញា ប៉ុបពី បានចេញមុខប្រកាស ជាសាធារណៈឲ្យមហាជន ដឹងថា នាងនឹងចាប់ផ្តើម សាងជីវិតស្នេហាជាថ្មី ខណៈដែលមានបុរសៗ ជាច្រើន បានតាមចោម រោម ទាក់ទងសុំសេចក្តីស្រឡាញ់ពីនាង។ ការប្រកាសនេះ បានធ្វើឡើង ក្រោយពេលដែល ប៉ុប ពី បានបែកបាក់ស្នេហ៍ ជាមួយបុរស ជាគូស្នេហ៍ម្នាក់នេះ ដោយសារតែការ មិនចុះសម្រុងនឹងគ្នា ។ ប៉ុន្តែការប្រកាសនេះ មិនទាន់បានយូរប៉ុន្មាន បុរសជាគូស្នេហ៍ បានរើបង្វេចរត់ មករកនាងវិញ គួរឲ្យភ្ញាក់ផ្អើល៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: poppy entertainment khmer super star MC TV ប៉ុបពី