(ភ្នំពេញ)៖ ជ័យជម្នះរបស់ជម្រើសជាតិកម្ពុជា លើក្រុមភ្ញៀវទីម័រខាងកើត ២-០ ក្នុងជំនួបមិត្តភាពយប់មិញ គឺជាមោទនភាព សម្រាប់ប្រទេសជាតិ និងអ្នកគាំទ្រប្រមាណ ៦ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិ ។ ប៉ុន្ដែទន្ទឹមជាមួយនឹង ការទទួលបានជោគជ័យនេះ ក៏មានបាតុភាពមួយចំនួន បានកើតឡើងក្នុងបរិវេណ របងស្ដាតអូឡាំពិកផងដែរ គឺការបញ្ចេញអាកប្បកិរិយា មិនល្អរបស់អ្នកគាំទ្រ ដែលអាចនិយាយបានថា កម្រិតយល់ដឹងរបស់អ្នកគាំទ្រ បាល់ទាត់កម្ពុជានៅមានកម្រិតនៅឡើយ។
ថ្វីត្បិតជំនួបមិត្តភាពរវាង ក្រុមម្ចាស់ផ្ទះកម្ពុជា និងទីម័រខាងកើតយប់មិញ ចាប់ផ្ដើមប្រកួតនៅម៉ោង ៧ ប៉ុន្ដែអ្នកគាំទ្របានសម្រុកចូល ស្ដាតខ្លាំងតាំងពីម៉ោង ៣រសៀល ហើយពេញស្ដាតទាំងស្រុងនោះ នៅម៉ោងប្រមាណជិត ៥ ដែលមើលទៅគួរឲ្យមានមោទនភាពបំផុត សម្រាប់វិស័យបាល់ទាត់ខ្មែរ ខណៈសំបុត្រចូលទស្សនា ត្រូវបានសហព័ន្ធលក់អស់ ពីស្ដុកចំនួន ៥ម៉ឺនសន្លឹក (ប្រភពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា)។
ប៉ុន្ដែទន្ទឹមជាមួយភាពអស្ចារ្យ នៃសកម្មភាពដ៏ផុលផុស របស់អ្នកគាំទ្រនេះ បើទោះបីមានការកំណត់សំបុត្រ ចូលទស្សនាច្បាស់លាស់ ស្របតាមបរិមាណផ្ទុកអ្នកគាំទ្រ របស់ពហុកីឡដ្ឋានជាតិក៏ដោយ ក៏មានអ្នកគាំទ្រមួយចំនួនធំ ដែលគ្មានសំបុត្រក្នុងដៃ សម្រុកចូលពហុកីឡដ្ឋានជាតិ តាមរយៈសកម្មភាពមិនគួរគប្បី មួយចំនួន ដូចជាការផ្លោះរបង ឬការទម្លុះរបាំងការពារ របស់អាវុធហត្ថជាដើម ដែលមើលទៅក្លាយជាសកម្មភាព អាណាធិបតេយ្យ ធ្វើឲ្យពហុកីឡដ្ឋានជាតិ កាលពីយប់មិញផ្ទុកអ្នកគាំទ្រ លើសពីការកំណត់។
យោងតាមសកម្មភាពនេះ ត្រូវបានមជ្ឈដ្ឋានទូទៅ សម្ដែងការខកចិត្តជាខ្លាំង ចំពោះអំពើមិនគួរគប្បី របស់អ្នកគាំទ្រមួយចំនួនធំខាងលើ ដែលបង្ហាញពីភាពជ្រុលនិយមហួសហេតុ ខ្វះការពិចារណា និងស្នើរឲ្យពួកគេពិចារណាឡើងវិញ ស្របពេលលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានធ្វើការអំពាវនាវ ដល់អ្នកគាំទ្រឲ្យគិតពី សុវត្ថិភាពផងដែរ ព្រោះការផ្លោះរបងមានចម្រឹងដែក អាចនឹងប្រឈមគ្រោះមែនទែន ប្រសិនបើមានការថ្លោះធ្លោយ ជាយថាហេតុនោះ។
ជុំវិញបញ្ហានេះ ត្រូវបានមតិមជ្ឈដ្ឋានទូទៅ បានលើកឡើងថា ការមានអ្នកគាំទ្រ គឺជារឿងត្រឹមត្រូវ ប៉ុន្ដែការអ្នកគាំទ្របែបជ្រុល និយមហួសហេតុ វាអាចធ្វើឲ្យប៉ះពាល់ដល់វិស័យកីឡា ដែលកំពុងតែរីកចម្រើន។ ជាក់ស្ដែងប្រសិនបើអ្នកគាំទ្រណាម្នាក់ គ្រោះថ្នាក់ ឬមានបញ្ហាអ្វីមួយ ក្នុងចំណោមមនុស្ស ដ៏ច្រើនលើសលុបបែបនេះ តើវានឹងមានរឿងអ្វីកើតឡើង? បញ្ហា គឺបង្កដោយមនុស្ស ហេតុនេះមនុស្ស ត្រូវយល់ពីកាលៈទេសៈជាក់ស្ដែង មិនអាចចេះតែបង្ខំចិត្ត រុលចូលទាំងស្ទើរតែរកខ្យល់ដក មិនបាននោះទេ។ បញ្ហាមួយទៀត គឺអ្នកទិញសំបុត្រហើយ មិនបានចូលរួម។
បញ្ហានេះ ក៏ត្រូវបានអ្នកគាំទ្រកាន់តែ សំបុត្រក្នុងដៃ តែមិនបានទស្សនាការប្រកួតយប់មិញ សម្ដែងការខកចិត្ត ចំពោះចំណាត់ការរបស់សហព័ន្ធកីឡា បាល់ទាត់កម្ពុជាផងដែរ។ នៅលើប្រព័ន្ធ Facebook អ្នកគាំទ្រមួយចំនួន បានលើកឡើងថា ប្រសិនបើគ្មានការរៀបចំច្បាស់លាស់នោះទេ ពួកគេនឹងលែងគាំទ្របាល់ទាត់ខ្មែរទៀត ព្រោះអ្នកគ្មានសំបុត្រ បែរជាសម្រុកចូលទស្សនា ធ្វើឲ្យអ្នកគាំចំណាយលុយ ទិញសំបុត្ររកកន្លែងអង្គុយស្ទើរមិនបាន ហើយអ្នកខ្លះបែរជាក្រៅរបង មិនបានចូលទស្សនាទៅវិញ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង