(ភ្នំពេញ)៖ មន្រ្តីនគរបាលខណ្ឌចំការមន បានថ្លែងឲ្យដឹងថា មូលហេតុដែលនាំឲ្យមានបាញ់ប្រហារ រហូតស្លាប់មេភូមិទី៤ និងកូនប្រុស ខណៈក្មួយប្រុសរងរបួសធ្ងន់ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវលេខ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១នោះ ផ្តើមចេញពីជម្លោះទារថ្លៃអំពូលភ្លើងដាក់បំភ្លឺផ្លូវ។ ជនរងគ្រោះទី១៖ ឈ្មោះ ជុក ឡាយ អាយុ៦២ឆ្នាំ ជាប្រធានភូមិទី៤ និងកូនប្រុសឈ្មោះ ប៊ុន លឿន អាយុ១៨ឆ្នាំ ខណៈក្មួយប្រុសម្នាក់ឈ្មោះ ប៊ុន ប្ញទ្ឋី អាយុ៣០ឆ្នាំរងរបួសធ្ងន់។
ដោយឡែកជនសង្ស័យ២នាក់ ដែលត្រូវកម្លាំងនគរបាលចាប់ខ្លួនទី១៖ ឈ្មោះ កែវ វណ្ណរិទ្ធ អាយុ២៧ឆ្នាំ ជាមន្រ្តីនគរបាលនៅក្រសួងមហាផ្ទៃ ជាម្ចាស់ផ្ទះកើតហេតុ និងទី២៖ ជាបងប្រុសឈ្មោះ កែវ សុវណ្ណារ៉ា។
សាច់ញាតិជនរងគ្រោះដែលស្លាប់បានប្រាប់ភ្នាក់ងារ Fresh News ថា មុនពេលកើតហេតុជនរងគ្រោះ ជុក ឡាយ បានទៅទារថ្លៃដាក់អំពូលភ្លើងបំភ្លឺផ្លូវដោយមុខផ្ទះនរណាអ្នកនោះ ជាអ្នកចេញថ្លៃចំនួន៥០ដុល្លារ ប៉ុន្តែភាគីម្ចាស់ផ្ទះមិនព្រមឲ្យគ្រប់ចំនួន ពោលឲ្យតែ២៥ដុល្លារ ទើបបង្កជម្លោះតែម្តង។
នៅពេលបង្កជម្លោះនោះ ស្រាប់តែភាគីជនសង្ស័យបានបាញ់រះ មកលើក្រុមជនរងគ្រោះបណ្តាលឲ្យត្រូវលោកមេភូមិរហូត៥គ្រាប់ បណ្តាលឲ្យស្លាប់ ខណៈកូនប្រុសស្លាប់តាមក្រោយ ហើយក្មួយប្រុសរងរបួសធ្ងន់។ ប៉ុន្តែសម្រាប់សាច់ញតិ ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា នៅពេលជម្លោះនោះជនរងគ្រោះបានយកដាវបម្រុងកាប់ ទើបជនសង្ស័យមានបំណងការពារខ្លួន រហូតបាញ់តែម្តង។
ក្រោយកើតហេតុគេឃើញកម្លាំងនគរបាលមានស្នងការរង, អធិការខណ្ឌ និងកម្លាំងអាវុធហត្ថ ក្រោមការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានចុះទៅសួរនាំ និងធ្វើការស្រាវជ្រាវបន្ត។ សម្រាប់ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅសួរនាំបន្តទៀត នៅអធិការដ្ឋាន នគរបាល ខណ្ឌចំការមន ខណៈសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី