តាមបណ្ដោយផ្លូវ OCIC ទៅពីរង្វង់មូលបាយ័នជ្រោយចង្វារប្រហែល ៥០០ ម៉ែត្រ លោកអ្នកនឹងបានឃើញដំបូលពណ៌ក្រហមវែងអន្លាយស្អាតប្លែកសង់យករចនាបទ្មបែបខ្មែរ នៅក្នុងផ្ទៃដីដ៏ធំរហូត ២ ហិចតា ទីនោះហើយគឺជាវិមានអាហារដ៏ធំ ដែលមានវត្ដមានដំបូងគេនៅកម្ពុជា ។
មិនត្រឹមតែ ផ្ដល់សេវាកម្មម្ហូបអាហារបែបខែ្មរ-ថៃ ចិនកូរ៉េ និងអឺរ៉ុបដ៏មានឱជារសឆ្ងាញ់ពិសាប៉ុណ្ណោះទេ វិមានអាហារក៏ជាទីតាំងផ្ដល់ភាពមនោរម្យដល់ភ្ញៀវ ដែលអញ្ជើញមកពិសាអាហារឱ្យមានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្ដ និងបាត់ការនឿយហត់ពីការងារមួយចំនួនធំផងដែរ ។
មិនថាជាការជួបជុំលក្ខណៈគ្រួសារ ឬមិត្ដភក្ដិ វិមានអាហារគឺជាទីតាំងស័ក្ដិសម សម្រាប់ការជួបជុំញ៉ាំអាហាររួមគ្នា និងធ្វើពិធីខួបកំណើត ឬពិធីជប់លៀងផ្សេងៗ មិនតែប៉ុណ្ណោះកូនៗរបស់លោកអ្នកក៏អាចលេងកម្សាន្ដជាមួយនឹងទឹកបាញ់ក្នុងទីធ្លាដ៏ធំទូលាយ និងលេងឧបករណ៍ក្មេងលេងជាច្រើនផ្សេងទៀតផងដែរ ។
លោក រិន រី ប្រធានប្រតិបត្ដិនៃវិមានអាហារជ្រោយចង្វារ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា The Food Palace គឺជាតំបន់ផ្ដល់សេវាកម្មម្ហូបអាហារធំជាងគេនៅអាស៊ី ហើយគោលបំណងធំបំផុតក្នុងការបង្កើត The Food Palace ឡើងគឺដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាជន និងបុគ្គលិគបម្រើការនៅក្រុមហ៊ុនធំៗ នៅទីក្រុងជ្រោយចង្វារ ដែលស្វែងរកអាហារ និងភេសជ្ជៈទទួលទានឆ្ងាញ់ មានអនាម័យល្អ និងតម្លៃសមរម្យ ហើយម្ហូបអាហារ និងភេសជ្ជៈនៅនោះមានតម្លៃត្រឹមតែ ៥០០០ រៀល ដល់ ២០០០០ រៀលប៉ុណ្ណោះ។
ពេលសួរថា ចំណុចពិសេសអ្វីខ្លះ ដែលជាកត្ដាជំរុញឱ្យអតិថិជនជ្រើសរើសមកពិសាអាហារ នៅវិមានអាហារជ្រោយចង្វារ លោក រិន រី និយាយថា ចំណុចពិសេសរបស់វិមានអាហារជ្រោយចង្វារគឺ បរិយាកាសមនោរម្យ ទីតាំងធំទូលាយមិនអាប់អួរ រៀបចំឡើងជាលក្ខណៈ Open Air ខ្យល់អាកាសធម្មជាតិ និងគ្រោងនឹងបង្កើតសួនច្បារធំៗដើម្បីបង្កើនភាពទាក់ទាញ ព្រមទាំងមានចំណតរថយន្ដធំទូលាយ ដែលអាចចតរថយយន្ដរហូតដល់ជាង ៣០០ គ្រឿង ។
លោក រិន រី បន្ថែមថា គម្រោងវិមានអាហារ មិនត្រឹមតែផ្ដល់បទពិសោធន៍ថ្មីនៃរសជាតិអាហារម្រើនជម្រើសដល់អតិថិជនជាមួយនឹងទីតាំងធំទូលាយប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងផ្ដល់ឱកាសឱ្យប្រជាជន ឬអ្នកវិនិយោគទុនខ្នាតតូច អាចផ្ដើមវិនិយោគជាមួយវិមានអាហារជ្រោយចង្វារ ព្រោះប្រើទុនក្នុងការវិនិយោគទាបក្នុងកម្រិតមធ្យម ៥០០០ ដុល្លារ ហើយចំណែកការធ្វើទីផ្សារវិញ គម្រោងវិមានអាហារ ជាអ្នកទទួលរ៉ាប់រង។
គួរបញ្ជាក់ផងដែរថា គម្រោង វិមានអាហារ គឺស្ថិតនៅលើមហាវិថី OCIC លាតសន្ធឹងលើផ្ទៃដីប្រមាណ ២ ហិកតា ក្នុងទីក្រុងរណប ជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC ស្ថិតនៅភាគខាងកើតជាប់ច្រាំងទន្លេនៃរាជធានីភ្នំពេញ និងខាងឆ្វេងដៃនៃរង្វង់មូលថ្មីជ្រោយចង្វារត្រើយម្ខាងនៃស្ពានជ្រោយចង្វារ ដែលបច្ចុប្បន្នមានមហាវិថី, គម្រោងផ្ទះល្វែងអាជីវកម្ម, សួន Jurassic Cambodia Dinos Alive, ដីជួលអាជីវកម្មចម្រុះ និងសំណង់សំខាន់ជាច្រើនបានលេចចេញជារូបរាងរួចហើយនៅក្នុងទីក្រុងរណបដ៏ធំមួយនេះ ៕
អត្ថបទ៖ សារ៉ាត