CamNews

ប្លែកៗ 

ប្រែក្លាយសាកសព កូនប្រុសដែលបានស្លាប់ ទៅជាត្បូងពេជ្រ ដើម្បីរក្សាទុកក្បែរខ្លួន ជារៀងរហូត

ដោយសារតែភាពព្រួយ ពិបាកចិត្តខ្លាំង ចំពោះការចាកចេញទៅ ដោយគ្មានថ្ងៃត្រលប់របស់កូនប្រុស ជាទីស្រឡាញ់របស់ខ្លួន បុរសជាឪពុក ជនជាតិអ៊ីតាលីម្នាក់ បានសម្រេចចិត្ត ឲ្យគេច្នៃប្រែក្លាយសាក សពកូនប្រុសរបស់ខ្លួន ទៅជាគ្រាប់ត្បូងពេជ្រ ដើម្បីថែរក្សានៅក្បែរខ្លួន ជារៀងរហូត។

តាមប្រភពបានឲ្យដឹងថា បុរសវ័យ ៥៥ឆ្នាំម្នាក់ រស់នៅទីក្រុង Treviso ប្រទេសអ៊ីតាលី បានបាត់បង់កូន ប្រុសម្នាក់អាយុ ២០ឆ្នាំ ក្នុងគ្រោះថ្នាក់ចរាចរ រថយន្តមួយ កាលពីឆ្នាំមុន។ សពរបស់កូនប្រុសនោះ ត្រូវ បានកប់នៅស្រុកកំណើត។

ជាក់ស្តែងក្រោយពីបាននឹកឃើញនូវគំនិតច្នៃប្រឌិតមួយ បុរសជាឪពុករូបនោះ ក៏បានធ្វើការគាស់ផ្នូរ និងធ្វើពិធីបូជា សាកសព កូនប្រុសរបស់ខ្លួនវិញ ដើម្បីយកធាតុដែលក្លាយជាផេះទៅហើយនោះ ធ្វើ ទៅជាគ្រាប់ត្បូងពេជ្រ។

ដំណើរការបំលែងនេះ គឺត្រូវបានចំណាយប្រាក់ដល់ទៅ ១៨០០០ ដុល្លារ ឯណោះ ដោយរួមទាំង ដំណាក់កាល នៃការត្រងច្រោះ និងបន្សុទ្ធ បណ្តាម៉ូលេគុលកាបូន នៅក្នុងផេះ ហើយដាក់ចូលទៅ ក្នុងម៉ាស៊ីនដែលមានសំពាធខ្ពស់ ដើម្បីបង្ហាប់វាប្រែក្លាយ ជាគ្រាប់ត្បូងពេជ្រមួយ។

រយះពេល ៨ខែក្រោយមក បុរសជាឪពុកនោះ ក៏ទទួលបាននូវគ្រាប់ត្បូងពេជ្រ ដែលបានមកពីការច្នៃ ត្បូងមានតំលៃ ជាមួយនឹងធាតុរបស់កូនប្រុស របស់ខ្លួន ទុកជាវត្ថុអនុស្សាវរីយ៍ ដ៏មានតំលៃ ក្បែរខ្លួន ជារៀងរហូត៕


ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14

Tags: Variables corpse diamond Unbelievable Strange រឿងប្លែកៗ