CamNews

តារា 

អេឡិច ចាន់ត្រា កំពុងរងមន្ទិលថា បើកក្រុមហ៊ុនរកស៊ីប្រជែងចង់បំបាក់ យ៉ែម សំអូន ខណៈឮថា អ្នកទាំងពីរមើលមុខ

(ភ្នំពេញ)៖ តារាសម្ដែង និងបង្ហាញម៉ូដមានរាងសង្ហា លោក អេឡិច ចាន់ត្រា ដែលមានឈ្មោះដើមថា លឹម ប៉ោស្រ៊ុន ដែលមហាជនដឹងថា ជាតារាសិល្បៈ សម្បូរទៅដោយកម្មវិធីថត និងមមាញឹកជាងគេ ព្រោះក្រៅពី​​មានទីផ្សារសម្ដែងក្នុងប្រទេស ការចេញសម្ដែងនៅក្រៅប្រទេស ក៏មានជាហូរហែផងដែរ។ ថ្មីៗនេះ លោក អេឡិច ចាន់ត្រា ទើបតែបើកសម្ពោធហ៊ុនមួយ ដែលត្រូវបានគេដឹងថា ក្រុមហ៊ុននេះ ហាក់កំពុងតែក្លាយជាដៃគូ ប្រកួតប្រជែង យ៉ាងស្វិតស្វាញជាមួយនឹងក្រុមហ៊ុន តារាសម្ដែង លោក យ៉ែម សំអូន ព្រោះតែមានសេវាកម្មដូចគ្នាបេះបិទ។ 

​លោក អេឡិច ចាន់ត្រា ទើបតែបានសម្ពោធក្រុមហ៊ុនថ្មី ​មានឈ្មោះថា «Alexentertain Agency» ដែលមានរៀបចំសេវា ដូចគ្នាបេះបិទទៅហ្នឹងក្រុម​ «Daraentertaintment» ដែលជាក្រុមហ៊ុនរបស់លោក យ៉ែម សំអូន។ កម្មវិធីបើកសម្ពោធនេះ គេសង្កេតឃើញថា ខុសប្លែកពីរាល់ដង ព្រោះនៅពេលមាន​អ្វីដែលថ្មី លោក អេឡិច ចាន់ត្រា តែងតែធ្វើពិធីយ៉ាងធំដុំ និង អញ្ជើញអ្នកសិល្បៈយ៉ាងច្រើន ដើម្បីបង្ហាញពីអ្វីដែលលោកមាន ប៉ុន្តែលើកនេះ អេឡិច ចាន់ត្រា ធ្វើពិធីក្រុងពាលីយ៉ាងស្ងប់ស្ងាត់ ដែលមានតារាសិល្បៈតែមួយដួងប៉ុណ្ណោះចូលរួម គឺ លោក ញ៉ែម សុគន្ធ ក្រៅពីនេះ គឺមានញាតិមិត្តស្និទ្ធស្នាលរបស់លោក។

ប្រភពពីអ្នកសិល្បៈបាននិយាយថា លោក អេឡិច ហាក់ដូចជាមានចេតនា ចង់បំបាក់ លោក យ៉ែម សំអូន ក្នុងការរកស៊ី​មុខរបរនេះ​ ព្រោះកន្លងមកលោកក៏ធ្លាប់ច្រៀងឲ្យក្រុម «Daraentertaintment »ដែរ តែលោកបែរជាមកបើកមុខរបរ ដូចគ្នាទៅនឹងលោក យ៉ែម សំអូន ក្រៅពីមុខរបរដូចគ្នា ហើយ​ទីតាំងក៏នៅក្នុងបុរី ប៉េង ហួត បឹងស្នោរដូចគ្នាទៀត ដែលមើលទៅ កាន់តែមិនសូវស្រួលហើយ ព្រោះអ្វី​កាន់តែដូចគ្នា ហើយតារាក្នុងក្រុមហ៊ុនទាំងពីរ គឺតារាដូចៗគ្នា មិនសូវខុសគ្នាឡើយ​។

តាំងពីលោក អេឡិច ចាន់ត្រា បើករបររកស៊ីដូចគ្នាជាមួយនឹង លោក យ៉ែម សំអូនមក គេសង្កេតឃើញថា អ្នកទាំងពីរលែងសូវស្និទ្ធស្នាល​ដូចមុន ហើយក៏លែងសូវមានរូបថត ជាមួយគ្នាដូចមុនទៀតដែរ ពោលគឺ​កាន់តែឆ្ងាយពីគ្នា។ គេនៅចាំបានថា លោក យ៉ែម សំអូន កាលពីរស់នៅជុំគ្នា ជាមួយនឹង ភរិយា ក្នុងថ្ងៃឡើងផ្ទះថ្មី នៅក្នុងបុរី ប៉េង ហួត បឹងស្នោរ គេឃើញលោក​បានអញ្ជើញលោក អេឡិច ចាន់ត្រា ឡើងលើវេទិកា​ និង​ថ្លែងអំណរគុណទៀតផង។ ប៉ុន្តែឥឡវលែងឃើញទិដ្ឋភាពនេះ ដូចមុនទៀតហើយ​។

ក្រុមអ្នកសិល្បៈ របស់ លោក អេឡិច ចាន់ត្រា ហាក់ទទួលការពេញនិយមច្រើនគួរសម ខណៈក្រុមរបស់លោក យ៉ែម សំអូន លែងសូវមានអ្នកជួលដូចមុន ប៉ុន្តែលោក អេឡិច ចាន់ត្រា ហាក់ឆ្លៀតឱកាស បើករបរនេះចំពេលដែល យ៉ែម សំអូន ធ្លាក់កូដ ហើយក៏ឡើង ប្រជាប្រិយភាពក្រុមខ្លួនតែម្ដង​។

យ៉ាងណាមិញ លោក អេឡិច ចាន់ត្រា មិនអាចសុំការបំភ្លឺបានទេ ថាហេតុអ្វីបានជាលោក ត្រូវបើកទីតាំងថ្មី ក្នុងបុរី ប៉េង ហួត បឹងស្នោរ ដែលដូចគ្នានឹង ទីតាំង លោក យ៉ែម សំអូន ​ ឬ ក៏លោកពិតជាមានចេតនា កាច់កុងគ្នានឹង លោក យ៉ែម សំអូន ដែលជាអ្នកប្រកបរបរនេះដូចគ្នាមែន?


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង