CamNews

ជីវិតរស់នៅ 

វិធីធម្មជាតិដើម្បីព្យាបាលអាការៈក្អក និងគ្រុនផ្ដាសាយចំពោះទារក ក្នុងរដូវកូវីដ

ជារៀងរាល់ឆ្នាំ ទារក និងកុមារតូចៗរាប់រយនាក់រងវិបត្ដិពីជំងឺគ្រុនផ្ដាសាយ និងក្អក ដែលបញ្ហានេះកើតឡើងដោយសារប្រព័ន្ធស៊ាំរាងកាយរបស់ពួកគេខ្សោយ។ ជាក់ស្ដែង ក្នុងរយៈពេលមួយឆ្នាំដំបូងនៃជីវិតរបស់ពួកគេ  ទារកភាគច្រើនកើតជំងឺគ្រុនផ្ដាសាយរហូតដល់ ៧ដង។ កុមារតូចៗឆ្លងវីរុស ដែលបណ្ដាលឱ្យកើតជំងឺឆ្លងតាមរយៈការប៉ះដោយផ្ទាល់មនុស្សកើតរោគ ខ្យល់អាកាសកខ្វក់ និងទីកន្លែងដែលមិនស្អាត។ ខាងក្រោមនេះ យើងសូមណែនាំស្រ្ដីជាម្ដាយនូវវិធីធម្មជាតិដើម្បីព្យាបាលអាការៈខាងលើ ដែលកើតឡើងចំពោះទារក៖

 ១. ក្រូចឆ្មារ៖ ក្រូចឆ្មារគឺជាឱសថព្យាបាលបែបធម្មជាតិមួយប្រភេទ ដែលមានប្រសិទ្ធភាពព្យាបាលជំងឺគ្រុនផ្ដាសាយ។ ដោយសារវាសម្បូរដោយវីតាមីនc ទើបក្រូចឆ្មារនេះមានប្រសិទ្ធភាពលើកកម្ពស់ប្រព័ន្ធស៊ាំរាងកាយ និងទ្រទ្រង់រាងកាយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនផ្ដាសាយ និងជំងឺគ្រុនក្ដៅ។ ម្យ៉ាងទៀត គុណសម្បត្ដិប្រឆាំងនឹងការរលាក និងបាក់តេរីរបស់វាក៏អាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺគ្រុនផ្ដាសាយមួយចំនួនផងដែរដូចជា អាការៈឈឺបំពង់ក ហៀរសំបោរ និងក្អក។


  • - សូមដាក់ទឹក និងសម្បកក្រូចឆ្មារ ៤ផ្លែ និងខ្ញីហាន់មួយស្លាបព្រាបាយទៅក្នុងខ្ទះ
  • -  ដាក់ទឹកចូលទៅក្នុងខ្ទះក្នុងបរិមាណសមល្មមដើម្បីឱ្យលិចនូវគ្រឿងផ្សំទាំងនេះ
  • - គ្របគម្រប និងដាំទឹកឱ្យវាពុះរយៈពេល ១០នាទី
  • - បន្ទាប់មកច្រោះយកតែទឹក 
  • - លាយទឹកបរិសុទ្ធ ក្នុងបរិមាណស្មើនឹងទឹក ដែលបានច្រោះពីទឹកដាំនោះ បន្ទាប់មកដាក់បន្ថែមទឹកឃ្មុំស្រស់បន្ដិចដើម្បីឱ្យមានរសជាតិឆ្ងាញ់
  • សូមឱ្យកូនរបស់អ្នកញ៉ាំទឹកក្រូចឆ្មារ លាយទឹកឃ្មុំនេះឱ្យបានពីរ ឬបីដងក្នុងមួយថ្ងៃ

 


បញ្ជាក់៖ សម្រាប់ទារក ដែលមានអាយុតិចជាង ១ឆ្នាំ សូមដាក់បន្ថែមស្ករជំនួសទឹកឃ្មុំដើម្បីឱ្យមានរសជាតិឆ្ងាញ់ស្រួលញ៉ាំ។

២. ទឹកឃ្មុំ៖ ទឹកឃ្មុំគឺជាឱសថព្យាបាលបែបធម្មជាតិដ៏មានសុវត្ថិភាពសម្រាប់កុមារអាយុមួយខួប និងកុមារអាយុច្រើនជាងនេះ ដែលរងវិបត្ដិពីជំងឺគ្រុនផ្ដាសាយធម្មតា និងអាការៈក្អក។ វាមានផ្ទុកគុណសម្បត្ដិលើកកម្ពស់ប្រព័​ន្ធស៊ាំ គុណសម្បត្ដិប្រឆាំងនឹងបាក់តេរី និងសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម ដែលជួយឱ្យធូរស្រាលអាការៈក្អក កម្ចាត់អាការៈឈឺបំពង់ក និងសម្លាប់បាក់តេរី ដែលបណ្ដាលឱ្យកើតជំងឺនេះ។



  • លាយទឹកឃ្មុំស្រស់ពីស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្រូចឆ្មារមួយស្លាបព្រាកាហ្វេ។ បន្ទាប់មកឱ្យកូនរបស់អ្នកញ៉ាំក្នុងរយៈពេលពីរ ឬបីម៉ោងម្ដង ដើម្បីឱ្យធូរស្រាលអាការៈ។ ការឱ្យកូនរបស់អ្នកញ៉ាំទឹកដោះគោក្ដៅឧណ្ហៗមួយកែវជាមួយនឹងទឹកឃ្មុំក៏អាចជួយឱ្យធូរស្រាលអាការៈក្អកស្ងួត និងកាត់បន្ថយការឈឺទ្រូងផងដែរ។

បញ្ជាក់៖ មិនត្រូវផ្ដល់ទឹកឃ្មុំដល់ទារក ដែលមានអាយុតិចជាងមួយឆ្នាំឡើយ ពីព្រោះវាមានផ្ទុកនូវបាក់តេរី ដែលអាចបណ្ដាលឱ្យទារកកើតជំងឺម្យ៉ាងឈ្មោះថា infantile botulism។



៣. ស៊ុបមាន់ក្ដៅៗ៖ សម្រាប់ទារកអាយុតិចជាងមួយខួប ស៊ុបមាន់ក្ដៅឧណ្ហៗ គឺជាជម្រើសដ៏ប្រសើរមួយ នៅពេលដែលទារករងវិបត្ដិដោយសារជំងឺគ្រុនផ្ដាសាយ និងក្អក។ ស៊ុបមាន់នេះ វាមានលក្ខណៈថ្លាល្អ និងសម្បូរសារធាតុចិញ្ចឹម និងអាចជួយឱ្យធូរស្រាលអាការៈតឹងច្រមុះ។ សារធាតុប្រឆាំងនឹងអុកស៊ីដកម្ម នៅក្នុងស៊ុបមាន់មានគុណប្រយោជន៍ពន្លឿននូវដំណើរការព្យាបាលឱ្យឆាប់ជាសះស្បើយ។ លើសពីនេះទៀត ស៊ុបមាន់ជួយលើកកម្ពស់មុខងារ នៃរោមការពារនៅក្នុងក្រហូងនៅក្រោយរន្ធច្រមុះខាងក្នុង ដែលជួយការពារពីការឆ្លងជំងឺពីខាងក្រៅ។ ការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ២០០០ ចុះផ្សាយនៅក្នុងប្រតិប័ត្រព័ត៌មាន ស្ដីពីបញ្ហាទ្រូងបានណែនាំថា ស៊ុបមាន់មានផ្ទុកនូវសារធាតុជាច្រើន ដោយនាំមកជាមួយនូវភាពសកម្មផ្នែកឱសថដ៏មានប្រយោជន៍ សម្រាប់ព្យាបាលអាការៈរលាកបំពង់ខ្យល់ដង្ហើមផ្នែកខាងលើ។ សូមឱ្យកូនតូចរបស់អ្នកញ៉ាំស៊ុបមាន់ ដែលធ្វើដោយដៃ ដោយប្រើសាច់មាន់ និងបន្លែធម្មជាតិដូចជា ការ៉ុត Beetroot និងស្លឹកផ្ទី។ អ្នកអាចបញ្ចុកកូនតូចរបស់អ្នកនូវស៊ុបមាន់នេះឱ្យបាន ពីរ ឬបីដងក្នុងមួយថ្ងៃ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ top10homeremedies