CamNews

ព័ត៌មានជាតិ 

ស្ថាប័នព័ត៌មាន សូមថ្កោលទោសអ្នកបាញ់សម្លាប់ អ្នកកាសែតឱ្យបានធ្ងន់ធ្ងរ

ភ្នំពេញ៖ ក្រោយពីលោក តាំង ទ្រី សមាជិកសមាគមអ្នក សារព័ត៌មាន ខ្មែរប្រជាធិបតេយ្យ ត្រូវបានជន ល្មើស មួយក្រុម បានបាញ់សម្លាប់នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ នៅចំណុចទួលពន្លៃ ឃុំ ឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា បានចេញ សេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដើម្បីថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើដ៏សាហាវ ព្រៃផ្សៃនេះ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា “ក្រុមប្រឹក្សាសម្តែងការសោកស្តាយ និងថ្កោលទោស ចំពោះអំពើដ៏ព្រៃផ្សៃ មកលើអ្នកសារព័ត៌មាន និងស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្វែងរកជនដៃដល់ និងបក្សពួកមកផ្តន្ទាទោសតាមច្បាប់ឲ្យបានធ្ងន់ធ្ងរ”។

ប្រភពដដែល បានបន្ថែមទៀតថា ក្រុមប្រឹក្សាសូមចូលរួមរំលែកទុក្ខជាមួយគ្រួសារ នៃសព និង សូមឲ្យវិញ្ញាណក្ខន្ធរបស់លោក តាំង ទ្រី ទៅកាន់សុខគតិភព។ ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ជាបណ្តុំសមាគម អង្គការសារព័ត៌មានចំនួនជាង ១០ ក្នុងព្រះរាជាណាចក្រកម្ពុជា មានបេសកកម្មបំរើ ការពារសិទ្ធិអ្នកសែត។

ដោយឡែកក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ក៏បានលើកឡើងផងដែថា ក្លឹបអ្នកកាសែត មានក្តីរន្ធត់ និងតក់ស្លុតយ៉ាងខ្លាំងបន្ទាប់ពីទទួលបានព័ត៌មានថា លោក តាំង ទ្រី អាយុ៤៩ឆ្នាំ សមាជិកសមាគម អ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ ត្រូវបានឃាតករមិនស្គាល់មុខបាញ់សម្លាប់នេះ។

ក.អ.ក ចាត់ទុកឃាតកម្មលើអ្នកកាសែតខាងលើនេះ ជាអំពើព្រៃផ្សៃសាហាវយង់ឃ្នង ដែលគំរាម កំហែងយ៉ាងធ្ងន់ធ្ងរ ដល់ស្មារតី និងសុវត្ថិភាពអ្នកសារព័ត៌មាននៅកម្ពុជា។ ទន្ទឹមនឹងនេះ សូមចូល រួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ នៃសពលោក តាំង ទ្រី។

ក្លឹបអ្នកកាសែត បន្តថា “ក.អ.ក សូមថ្កោលទោសចំពោះជនដៃដល់ និងអំពាវនាវដល់ស្ថាប័នពាក់ ព័ន្ធសំខាន់ស្ថាប័នអនុវត្តច្បាប់នៅកម្ពុជាឲ្យមានការស៊ើបអង្កេតដើម្បីវែកមុខជនបង្កហេតុហើយនាំខ្លួន
ពួកគេទៅផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង។ ជាមួយគ្នានេះដែរ ក.អ.ក ក៏សូមអំពាវនាវជាថ្មីម្តង ទៀតចំពោះអ្នកសារព័ត៌មាននៅកម្ពុជាទាំងអស់ ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងពេលបំពេញការងារដើម្បីចៀសវៀងរាល់ទង្វើនាំឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន”។

ក្លឹបអ្នកកាសែតកម្ពុជា គឺជាអង្គការឯករាជ្យមានបេសកកម្មបំរើផល ប្រយោជន៍និងការពារអ្នកកាសែត ព្រមទាំងលើកកម្ពស់សេរីភាពសារព័ត៌មាននិងពង្រឹងវិជ្ជាជីវៈសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា៕

- អាន ៖ នគរបាល ខេត្តក្រចេះ ប្រើពេលជាង១០ម៉ោង តាមចាប់ ជនដៃដល់ បាញ់សម្លាប់ អ្នកកាសែត នៅស្រុកស្នួល


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh