Sofia៖ តើការសម្រេចកាមដោយខ្លួនឯង បង្កផលប៉ះពាល់ដល់ការមករដូវ ឬទេ? តើការសម្រេចកាមនេះ នឹងធ្វើឱ្យស្រ្ដីពិបាកនឹងមានផ្ទៃពោះ នៅពេលនាងឈានដល់វ័យត្រូវមានកូន ឬទេ?
អ្នកជំនាញ៖ វាមិនដូច្នោះឡើយ។ ការសម្រេចកាមដោយខ្លួនឯងរបស់ស្រ្ដី មិនបង្កការយាយីដល់ការមករដូវ និងការមានផ្ទៃពោះឡើយ។
ប្អូនប្រហែលជាធ្លាប់បានលឺគេនិយាយរឿងមិនពិតស្ទើរតែគ្រប់ប្រភេទ ដែលទាក់ទងនឹងការសម្រេចកាមដោយខ្លួនឯងដូចជាថា ការសម្រេចកាមដោយខ្លួនឯងនេះ បណ្ដាលឱ្យកើតជំងឺ ធ្វើឱ្យរាងកាយធំលូតលាស់មិនបានល្អ បង្កបញ្ហាដល់ផ្លូវចិត្ដ នាំទៅរកការពិការភ្នែក ឬធ្វើឱ្យស្រ្ដីលែងមានកូនជាដើម ប៉ុន្ដែបញ្ហាទាំងអស់នោះ មិនមែនជាការពិតឡើយ។
ការសម្រេចកាមដោយខ្លួនឯង ជាញឹកញាប់ត្រូវបានគេចាត់ទុកថា ជារឿងឯកជនផ្ទាល់ខ្លួន ហើយមនុស្សខ្លះអាចមានអារម្មណ៍ខ្មាសអៀន ក្នុងការនិយាយអំពីវា។ ហើយនៅពេលមនុស្សមានការអៀនខ្មាសខ្លាំងពេក ក្នុងការនិយាយ ឬសាកសួរអំពីបញ្ហាអ្វីមួយនោះ ពួកគេអាចនឹងលឺ ព្រមទាំងជឿរឿងរ៉ាវ ដែលមិនត្រឹមត្រូវតាមការពិត។
ប្រសិនបើប្អូន មានក្ដីបារម្ភ ឬមានការងឿងឆ្ងល់អំពីបញ្ហាសម្រេចកាមដោយខ្លួនឯងនេះ សូមធ្វើការប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេសរោគស្រ្ដី គិលានុប្បដ្ឋាក អ្នកប្រឹក្សាផ្នែកសុខភាព ឬមនុស្សក្នុងគ្រួសាររបស់ប្អូន៕
ត្រួតពិនិត្យឡើងវិញដោយលោកស្រីវេជ្ជបណ្ឌិត Larissa Hirsch ឯកទេសជំងឺកុមារ(Kidshealth Editor)
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Kidshealth