មនុស្សជាច្រើនតែងតែនិយាយថា សុនក (ឆ្កែ) គឺជាមិត្តជិតស្និទ្ធបំផុតរបស់មនុស្ស ហើយពេលនេះ នារីម្នាក់រស់នៅក្នុងក្រុង New Delhi ប្រទេសឥណ្ឌា បានបញ្ជាក់អំពីការយល់ឃើញនេះ បន្ទាប់ពីនាងបានផ្ដាច់ពាក្យ ព្រោះតែកូនកម្លោះមិនចូលចិត្តសុនករបស់នាង។
Karishma Walia មកពីក្រុង Bengaluru បច្ចុប្បន្ន កំពុងធ្វើការនៅក្នុងក្រុង New Delhi បានចែកផ្លូវគ្នាជាមួយនឹងគូស្នេហ៍របស់នាង ក្រោយពីកូនកម្លោះនេះ បានសំដែងឱ្យឃើញថា ខ្លួនមិនចូលចិត្តសុនកដែល Karishma កំពុងចិញ្ចឹម។
ហេតុការណ៍បានកើតឡើងបន្ទាប់ពី Karishma និងមិត្តប្រុសរបស់នាង បានឈ្លោះប្រកែកគ្នាអំពីជីវភាពរស់នៅរបស់អ្នកទាំងពីរ។ ក្នុងនោះ ដៃគូស្នេហារបស់នាង មិនចង់ឱ្យសុនកដែល Karishma កំពុងចិញ្ចឹម ដេកលើគ្រែជាមួយគ្នា ក៏ដូចជាមិនចង់ឱ្យសុនកនេះ រំខានដល់ជីវិតរបស់ពួកគេបន្ទាប់ពីបានរៀបការ។
Karishma និយាយថា “ទំនាក់ទំនងរបស់យើង នឹងមិនអាចបន្តទៀតទេ”។ ដោយខឹងនឹងសំដីនេះ ប្ដីមិនទាន់រៀបការរបស់ Karishma បានស្នើឱ្យនាង ពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន ព្រោះថា ប្រការនេះ វាប៉ះពាល់ដល់ជីវតរបស់នាង ហើយវានឹងប្ដូរផ្លាស់ដោយសារតែឆ្កែមួយក្បាល។
មិនយកចិត្តទុកដាក់ទៅលើសំដីរបស់មិត្តប្រុស នាង Karishma នៅតែសម្រេចចិត្តជ្រើសរើសយកសុនករបស់ខ្លួន ជំនួសឱ្យការស្ដាប់តាមសំដីរបស់មិត្តប្រុសដែលស្នើឱ្យបោះបង់សុនករបស់នាង។
ដោយអស់សង្ឃឹមនឹង Karishma កូនកម្លោះនេះ បានសម្រេចចិត្តចាកចេញពីជីវិត Karishma ដោយទុកឱ្យនាងនៅជាមួយសត្វសុនក។ មិត្តប្រុសរបស់ Karishma និយាយថា “បងសុំទោសដែលបាននិយាយដល់រឿងនេះ ប៉ុន្តែ ក្នុងករណីនេះ អូនទៅរៀបការជាមួយសត្វឆ្កែរបស់អូនទៅចុះ”។
Karishma ឱ្យដឹងថា ម្ដាយរបស់នាង ចូលចិត្តមិត្តប្រុសរបស់នាងខ្លាំងណាស់ ព្រោះថា គេសង្ហា និងមានទ្រព្យច្រើន។ បើទោះគ្រួសាររបស់នាង មិនពេញចិត្តនឹងការសម្រេចចិត្តរបស់នាង ប៉ុន្តែ Karishma នៅតែជឿថា ការសម្រេចចិត្តរបស់ខ្លួនគឺត្រឹមត្រូវ។
ការជជែកគ្នា និងរឿងរ៉ាវរវាង Karishma និងគូស្នេហ៍ ក្រោយមក ត្រូវបាន Karishma បង្ហោះនៅលើបណ្ដាញសង្គម ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺរណែត។ ក្រុមអ្នកស្រឡាញ់សត្វចិញ្ចឹម បានគាំទ្រនឹងការសម្រេចចិត្តរបស់ Karishma ។ ប៉ុន្តែ មនុស្សមួយចំនួនក៏បានយល់ថា Karishma ជាមនុស្សអាត្មានិយម និងមិនផ្ដល់តម្លៃឱ្យគូស្នេហ៍របស់ខ្លួន ទើបនាងសម្រេចចិត្តបែបនេះ។
ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ buzzfeed